ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី៣១ កក្កដា លោកឧត្តមសេនីយ៍ឯក យង់ សារិទ្ធ មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ តំណាងលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយនាយទាហាននៃបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសទី១ ប្រាសាទព្រះវិហារជាច្រើនរូបទៀត បានអញ្ជើញទៅសួរសុខទុក្ខនិងនាំយកអំណោយទៅផ្តល់ជូនដល់និស្សិតស្ម័គ្រចិត្តក្រុម១១៧ ប្រចាំស្រុកជាំក្សាន្ត ។
នាឱកាសនោះ ក្រោយពីការទទួលស្វាគមន៍ពីលោក អ៊ុន ចាន់ដា អភិបាលរងខេត្តរួចមក លោក ឱ ចាន់ដារា តំណាងនិស្សិតស្ម័គ្រចិត្តក្រុមទី១១៧ និងលោក ម៉ែន វុត្ថា តំណាងក្រុមបច្ចេកទេសទី៨ បានរាយការណ៍ពីលទ្ធផលការងារវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ហើយពេលនេះកំពុងបន្តភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ។ ថ្វីដ្បិតរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ លំបាកយ៉ាងណាក្តី ក៏ក្រុមនិស្សិតសម្រេចបានលទ្ធផលជាបណ្តើរៗហើយ។
លោកឧត្តមសេនីយ៍ឯក យង់ សារិទ្ធ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានក្នុងកងអង្គរក្ស បានថ្លែងកោតសរសើរក្រុមនិស្សិតចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច និងសូមឱ្យបន្តប្រពៃណីដ៏ល្អនេះទុកជាស្នាដៃដល់យុវជនជំនាន់ក្រោយៗទៀត និងដើម្បីផ្សារភ្ជាប់សាមគ្គីភាពល្អរវាងកងទ័ព និងយុវនិស្សិត ។ នៅក្នុងឱកាសនោះ ប្រតិភូបានជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង រួមមាន អង្ករ១០០គីឡូក្រាម ត្រីខកំប៉ុង១កេសធំ មីយើង១កេសតូច ទឹកត្រី១យួរ ទឹកស៊ីអុីវ៥យួរ ប៊ីចេង៥គីឡូក្រាម ស្ករស១០គីឡូក្រាម ខ្ទឹមស២គីឡូក្រាម សាច់គោ១ភ្លៅ ១៣គីឡូក្រាម សាច់ជ្រូក២៣គីឡូក្រាម ត្រីរ៉ស់ ១១គីឡូក្រាម ទឹកបរិសុទ្ធ២០កេស និងផ្តល់ថវិកាផ្ទាល់ដល់ក្រុមការងារចំនួន៣១នាក់ (យុវនិស្សិត១២នាក់ ក្រុមបច្ចេកទេស១២នាក់និងជំនួយការ៧នាក់) ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល ៕


ចែករំលែកព័តមាននេះ