ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឧកញ៉ា​វិសេស​វិជ្ជា​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត មី សាមឺឌី​ទទួល​មរណ​ភាព​ក្នុង​ជន្មា​យុ89​ឆ្នាំ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អ្នក​ឧកញ៉ា ​វិសេស​វិជ្ជា​​សាស្ត្រា​​ចារ្យ​វេជ្ជ​បណ្ឌិត មី សា​មឺឌី បាន​ទទួល​​មរណ​ភាព​​នៅ​វេលា​ម៉ោង​​​១ និង​៤៥​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១ សីហា​ នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ដោយ​រោគា​ពាធ​ក្នុង​ជន្មា​យុ​​៨៩​ឆ្នាំ ។​ សព​របស់​លោក​​ត្រូវ​បាន​​គ្រួសារ​​តម្កល់​ធ្វើ​បុណ្យ​​​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​នៅ​​គេ​ហ​ដ្ឋាន​​​​លេខ​៥២ ផ្លូវ​លេខ​៣២២ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កងទី​១ ខណ្ឌ​ចំ​ការ​មន ។

តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា សព​អ្នក​ឧកញ៉ា វិសេស​វិជ្ជា មី សាមឺឌី ​នឹង​តម្កល់​ធ្វើ​បុណ្យ​​រហូត​ដល់​ថ្ងៃ​ទី​១០ សីហា​ ទើប​ដង្ហែ​ទៅ​បូ​ជា​នៅ​វត្ត​ស្វាយ​ពពែ ស្ថិត​​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​​ចំ​ការ​មន ។ តាម​ការ​រៀប​រាប់​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ​​ឱ្យ​ដឹង​ថា អ្នក​ឧកញ៉ា វិសេស​វិជ្ជា ​មី សាមឺឌី បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ហើយ​ក៏​ត្រូវ​បាន​នាំ​ទៅ​ព្យា​​បាល​បន្ទាន់​នៅ​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត និង​ទទួល​បាន​ការ​​ព្យា​បាល​​យ៉ាង​យក​ចិត្ត​ទុក​​ពី​​​លោក​វេជ្ជ​បណ្ឌិត​​​នៃ​មន្ទីរ​ពេទ្យ​​ តែ​ដោយ​សារ​​​សភាព​ធ្ងន់​​​នៃជំងឺ​​របស់​លោក​​​មិន​អាច​ជួយ​​សង្គ្រោះ​ជីវិត​​របស់​លោក​បាន​ ទើប​នៅ​វេលា​​រំ​លង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១ សីហា ​លោក​ក៏​បាន​​ទទួល​មរណ​ភាព ។ តាម​ប្រភព​ដដែល​ឱ្យ​ដឹង​ថា មុន​ពេល​លោក​ធ្លាក់​ខ្លួន​​ឈឺ​ធ្ងន់​នេះ លោក​ធ្លាប់​ទៅ​​ព្យា​បាល​ជំងឺ​​នៅ​ប្រទេស​​​​បារាំង​​ផង​ដែរ ។
អ្នក​ឧក​ញ៉ា វិសេស​វិជ្ជា សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត មី សាមឺឌី គឺ​ជា​មន្ត្រី​​ជើង​ចាស់​មួយ​រូប​ដែល​បាន​ឆ្លង​​ផុត​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល​ ពត និង​បាន​ចូល​រួម​ចំណែក​​ក្នុង​ការ​កសាង​ប្រទេស​​ឡើង​វិញ ​ពី​បាត​ដៃ​ទទេ​នា​ឆ្នាំ​​១៩៧៩ ។ លោក​បាន​ទទួល​មុខ​តំណែង​​ក្នុង​ក្រសួង​សុខា​ភិបាល​​ កាក​បាទ​ក្រហម​ និង​គណៈ​កម្មា​​ធិ​ការ​អូឡាំ​ពិក​កម្ពុជា​​ផង​ដែរ ។ គុណ​បំណាច់​​របស់​លោក​ពិត​ជា​​ធំ​ធេង​​ណាស់​ក្នុង​ប្រវត្តិ​ការ​ងារ​​របស់​លោក ៕