រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដរាបណានៅមានហ៊ុន សែន នៅមានគណបក្សប្រជាជនកម្ពុជា ពន្ធដីរបស់ប្រជាពលរដ្ឋមិនត្រូវបានយកទេ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២.៦១៩នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១២ នៅវិទ្យាស្ថានជាតិអប់រំ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម ដែលបានខិតខំអនុវត្តកិច្ចការងារនេះ និងបានសម្របសម្រួលកិច្ចការទាំងឡាយ ។ ជាមួយនេះ សម្តេចតេជោ បានកោតសរសើរអាជ្ញាធរខេត្ត ស្រុក និងឃុំ ភូមិ ដែលបានបង្កលក្ខណៈងាយស្រួលជាមួយនឹងដំណើរការនៃយុទ្ធនាការដ៏ធំ និងជាប្រវត្តិសាស្ត្រនេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីការពេញចិត្ត និងគួរឱ្យគោរពចំពោះវីរភាពរបស់ក្មួយៗទាំងឡាយដែលបានចុះបំពេញបេសកកម្មជាប្រវត្តិសាស្ត្រនេះ ។ តាមរយៈនោះ សម្តេចបានថ្លែងជាថ្មីម្តងទៀតជូនចំពោះប្អូនប្រុស ប្អូនស្រី បងប្រុស បងស្រី លោកពូ អ្នកមីង អ៊ំប្រុស អ៊ំស្រី ជាមាតាបិតា អាណាព្យាបាលដែលផ្តល់លទ្ធភាពឱ្យកូនៗបានទៅបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការវាស់វែងដីធ្លី និងធ្វើកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។
ខ្ញុំពិតជា មានការរីករាយ និងមោទនភាពជាមួយនឹងយុវជនរបស់យើង មិនមែនបំពាក់អាវុធឱ្យទៅច្បាំងទេ ក៏ប៉ុន្តែនោះជាការបំពេញកាតព្វកិច្ច ពិសេសបញ្ហាដីធ្លីដែលប្រជាជនរស់នៅលើតំបន់ខ្លះរាប់ជំនាន់មកហើយគាត់មិនដែលមានកម្មសិទ្ធិទេ ។ សូម្បីតែដីគ្រួសាររបស់ខ្ញុំមួយផ្នែកទេដែលមានប្លង់ហើយរាជការទារពន្ធ ក្រៅពីនេះអត់មានប្លង់ទេ តាំងពីជីទួត ជីតា អត់ដែលបង់ពន្ធទេ ។ ដូច្នេះប្រជាពលរដ្ឋរបស់យើងច្រើនណាស់ដែលគ្មានប្លង់ដី ។
ការកាន់កាប់ដីធ្លីមិនច្បាស់លាស់ គឺបង្កនូវផលប៉ះពាល់ដែលធ្វើឱ្យប្រជាជនមិនអាចអភិវឌ្ឍបានទេ ។ ដោយសារតែពួកគាត់មិនមានកម្មសិទ្ធិច្បាស់លាស់ ក៏គាត់មិនអាចចាត់ចែងបានក្នុងការផ្ទេរឱ្យកូនចៅ ឬបញ្ចាំ… ។ ដូច្នេះក្នុងស្ថានភាពមិនច្បាស់លាស់បែបនេះ គឺអស្ថិរភាពក្នុងអារម្មណ៍ ។ ដោយយល់ឃើញនូវហេតុការណ៍យ៉ាងដូច្នេះនិងដើម្បីកុំឱ្យមានការភ័យខ្លាច អសមត្ថភាពក្នុងការកាន់កាប់ដីធ្លី រាជរដ្ឋាភិបាលតាមរយៈបទបញ្ជាលេខ០០១ យើងត្រូវចុះវាស់វែងដីធ្លី និងធ្វើកម្មសិទ្ធិជូនប្រជាពលរដ្ឋពីការកាន់កាប់មិនច្បាស់លាស់ឱ្យទៅជាការស្របច្បាប់លើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតព្រំប្រទល់រវាងក្រុមហ៊ុន និងព្រំដីប្រជាជន។ មួយផ្នែកទៀត តំបន់ព្រៃសម្បទានមិនទាន់មានកម្មសិទ្ធិច្បាស់លាស់ ដូច្នេះត្រូវធ្វើឱ្យច្បាស់លាស់ដែលចំនួនគ្រួសារមានអត្រាដល់៣៥ម៉ឺនគ្រួសារ ហើយប្រហាក់ប្រហែលដី១,២លានហិកតាដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីម្តងទៀតជូនដល់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលដោះស្រាយជូនតែប្រជាពលរដ្ឋណាដែលកំពុងកាន់កាប់ជាក់ស្តែងប៉ុណ្ណោះមិនអាចទៅរានដីថ្មីកាន់កាប់ ហើយទៅវាស់ឱ្យទេ ។ នេះគ្រាន់តែជាជំហានទី១ក្នុងកម្មវិធីនយោបាយក្នុងដំណើរទៅមុខដែលខ្ញុំនៅជានាយករដ្ឋមន្ត្រី ។នេះគ្រាន់តែជាជំហានទី១ទេ បន្ទាប់ពីជំហានដែលបានធ្វើពីមុន ។
ជំហានទី២ របស់រាជរដ្ឋាភិបាលគឺការរៀបចំផ្តល់ដីសម្បទានសង្គមកិច្ចបន្ត ហើយជំរុញល្បឿននោះកាន់តែខ្លាំង ដើម្បីធានាថា កសិករកម្ពុជាមានដីចម្ការធ្វើ។ ប៉ុន្តែមានចលនាដើរបំផុសមហាជនថា លោក ហ៊ុន សែន ឱ្យមកចុះវាស់ដីនេះ វាស់រួចហើយនឹងយកពន្ធដី ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា ដរាបណានៅមានហ៊ុន សែន ដរាបណានៅមានគណបក្សប្រជាជនកម្ពុជា ពន្ធដីនឹងមិនត្រូវបានយកទេ ។ ខ្ញុំមិនឯកភាពលើការយកពន្ធដីកសិកម្មរបស់ប្រជាពលរដ្ឋទេ ។ គណបក្សនេះរក្សាគោលជំហរមិនយកពន្ធដីពីកសិករ ។
សម្តេចតេជោ បានថ្លែងអំណរគុណក្រសួងការពារជាតិដែលបានផ្តល់រថយន្តក្នុងការដឹកជញ្ជូន និងជាជម្រកដល់ប្អូនៗយុវជន និងក្រសួង សុខាភិបាល ដែលបានជួយមើលថែទាំក្មេងៗ គឺលើសពីតាមកូនរបស់ខ្លួនទៅទៀត ។ ការស្ម័គ្រចិត្តរបស់យុវជន របស់មាតាបិតា អាណាព្យាបាល គឺជាយុទ្ធនាការជាប្រវត្តិសាស្ត្រសម្រាប់ជាតិ ។ និស្សិតមានភារកិច្ចត្រឹមតែទៅវាស់វែងដីធ្លី ហើយធ្វើកម្មសិទ្ធិជូនប្រជាពលរដ្ឋលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ ឯចំពោះដីដែលមានទំនាស់ពុំមែនជាភារកិច្ចរបស់និស្សិតទេ កន្លែងណាមានទំនាស់ដកកម្លាំងចេញទៅវាស់កន្លែងផ្សេង កន្លែងមានទំនាស់គឺទុកមួយដុំ បង្កកទុកហើយទុកឱ្យគេចុះបញ្ជីជាប្រព័ន្ធ ។ អ្នកដែលអត់មានទំនាស់គឺអ្នកដែលបានវាស់ និស្សិតនេះមិនមែនចុះទៅដោះស្រាយធ្វើតុលាការ ឬអាជ្ញាធរដំណោះស្រាយដីធ្លី អត់ទេ ។
បើពួកល្ងង់វិទូមិនច្បាស់ទេ កុំនិយាយបំប៉ោងសំឡេងតាមវិទ្យុបរទេស ក្តាប់គោលដៅរបស់និស្សិតឱ្យបាន ប្រយ័ត្ននិសិ្សតប្រតិកម្ម ខ្ញុំមិនដឹងទេ និយាយតែផ្តេសតែផ្តាស បើសិនណានិយាយ គេថាគំរាមទៀតហើយ ។ គ្រាន់តែឆ្លើយតបបកស្រាយឱ្យយល់ តែខ្លួនពុំព្រមយល់ ។ វាគ្មានអ្នកណាងងឹតជាងមនុស្សដែលមានភ្នែកហើយអត់ព្រមមើល ហើយក៏គ្មានអ្នកណាថ្លង់ជាងមនុស្សមានត្រចៀកល្អ ហើយអត់ព្រមស្តាប់ដែរ ។
សម្តេចថ្លែងថា ប៉ុន្តែបំពានលើអ្នកណាមិនដឹងទេ បំពានលើនិស្សិតប្រយ័ត្នរឿង នេះមិនមែនយុវជនត្រឹមជិត២ពាន់នាក់ទេ ក្រុមគ្រួសាររបស់គេ ជាងនេះទៅទៀត ប្រជាពលរដ្ឋផ្តល់នូវការកក់ក្តៅ ស្រឡាញ់ក្មួយៗដូចកូនអីុចឹង ។ ដូច្នេះភាពកក់ក្តៅទាំងនេះ បានបង្កើតជាចលនាជាតិមួយរាប់ទាំងព្រះសង្ឃផង អំពីការដែលព្រះសង្ឃផ្តល់ទីអារាមឱ្យនិស្សិតស្នាក់នៅ។
នេះក្លាយទៅជាចលនាជាតិមួយ ហើយដោះស្រាយបញ្ហានេះ គឺដោះស្រាយបញ្ហាដីធ្លី និងជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ពីភាពមិនច្បាស់លាស់នៃការកាន់កាប់ទៅជាភាពច្បាស់លាស់ ច្រើនឬតិចលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។
សម្តេចមានប្រសាសន៍ថា សុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋយើងត្រូវបានធានាឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ជំរុញល្បឿន ។ ផ្ទុយទៅវិញសូមអ្នកដែលអស់សន្លឹកបៀលេង កុំថាលោក ហ៊ុន សែន ធ្វើទង្វើចំណេញនយោបាយ ។
សូមប្រាប់ត្រឡប់ទៅវិញថា បើធ្វើគ្រាន់តែខាតកុំធ្វើ និយាយគ្មានដឹងអី ។ ចំពោះការដឹកនាំសេដ្ឋកិច្ចកម្ពុជា បើគ្រាន់តែបំផ្លាញសេដ្ឋកិច្ច គឺកុំចាំបាច់ធ្វើទេ ។ ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីពីរខ្ទង់ធ្លាក់ចុះឥឡូវវាកើនឡើងវិញ ។ ត្រង់នេះគេឱ្យបន្តដឹកនាំតទៅទៀត លទ្ធផលឆ្នាំ២០០៨ក៏បានបញ្ជាក់ហើយ ហើយឆ្នាំ២០១២ បានបញ្ជាក់ទៀតជាមួយនឹងអត្រា៦១%នៃការគាំទ្ររបស់ប្រជាពលរដ្ឋ មិនតូចតាចទេ ៕
ចែករំលែកព័តមាននេះ