រាជធានីភ្នំពេញ ៖ ការបិទផ្លូវនៅផ្នែកខាងមុខព្រះបរមរាជវាំងតាំងពីខែមិថុនា នោះមិនមានការបំភ្លឺណាមួយឱ្យជាក់លាក់ពីអាជ្ញាធរ ឬសមត្ថកិច្ចនោះទេ តែបើយោងតាមព្រឹត្តិបត្រមួយដែលផ្សាយកាលពីសប្តាហ៍មុនថា ការបិទផ្លូវនេះព្រោះតែមានសំឡេងរំខានដោយយានជំនិះទាំងយប់ទាំងថ្ងៃ ទើបព្រះមហាក្សត្រដែលគង់ប្រថាប់ក្នុងព្រះបរមរាជវាំងសុំឱ្យបិទ ។
ទោះបីជាបែបណាក្តី បញ្ហានេះត្រូវបានប្រកាសច្រានចោលដោយព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ។ លោកស្រី ណូរី នាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានចេញសេចក្តីបញ្ជាក់ចុះថ្ងៃទី៣១ កក្កដា ឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមិនដែលជម្រាបអ្នកណាម្នាក់ទេ អំពីការរំខានដោយដោយសំឡេងយានជំនិះទាំងថ្ងៃ ទាំងយប់ ហើយព្រះករុណាព្រះមហាក្សត្រក៏មិនដែលសូមឱ្យបិទមហាវិថីសម្តេចព្រះសុធារសនៅផ្នែកខាងមុខព្រះបរមរាជវាំងឡើយ ។
ក្នុងសេចក្តីបញ្ជាក់របស់នាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានបន្ថែមជាចុងក្រោយថា ព្រះករុណា មិនបានជ្រាបអំពីការបិទមហាវិថីមុខព្រះបរមរាជវាំងនោះទេ។
ខាងក្រោមនេះ ជាការថតចម្លងសេចក្តីបញ្ជាក់របស់ព្រះរាជខុទ្ទកាល័យពីបញ្ហាខាងលើនេះ ។
ចែករំលែកព័តមាននេះ