រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្តេចនឹងអញ្ជើញទៅឆ្លើយសំណួរអំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅវិមានរដ្ឋសភា ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បែបនេះនាព្រឹកថ្ងៃទី១ ខែសីហា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតចំនួន២.៦១៩នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានជាតិអប់រំ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយផ្តាំផ្ញើតាមរយៈសមាជិកសភាជាតិដែលអញ្ជើញទៅទទួលជ័យលាភីនោះដែរថា សូមសភាឆ្លើយតបមកសម្តេចវិញថា តើត្រូវឱ្យសម្តេចទៅថ្ងៃណា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ខ្ញុំទៅសភាលើកនេះ កុំថាហ៊ុន សែន ខ្លាចនោះ និយាយឱ្យអស់រឿងជម្រះបញ្ជីគ្នាម្តងនៅក្នុងសភា ។ កន្លងទៅខ្ញុំចេះតែសរសេរឆ្លើយ ប៉ុន្តែលើកនេះស្នើសុំ៤ម៉ោង ឆ្លើយតែមួយសំណួរទេ ខ្ញុំសូម៤ម៉ោង ។ ខ្ញុំចង់និយាយ៧ម៉ោងក៏អត់បញ្ហាដែរ ។
ខ្ញុំនឹងប្រើពេល៤ម៉ោងដើម្បីពន្យល់តាមដំណាក់នីមួយៗរឿងព្រំដែន ពន្យល់រហូតដល់ម្នាក់រត់ទៅស្រុកបារាំងកាន់ផែនទីរត់ ។ កាលដែលធ្វើរដ្ឋមន្ត្រីជំនាន់សាធារណរដ្ឋខ្មែរ ជំនាន់លន់នល់ ពេលនោះកោះវ៉ៃអ្នកណាកាន់កាប់និយាយគ្នាឱ្យច្បាស់ អ្នកណាកាន់កាប់ គឺវៀតណាមខាងត្បូង ។ បើដូច្នេះ ហេតុដូចម្តេចលោកឯងម៉េចមិនយកកោះវ៉ៃ ទុកឱ្យអ្នកជំនាន់ក្រោយយកទៅវិញ ។ កោះវ៉ៃអ្នកណាកាន់កាប់ពីជំនាន់លន់ នល់ គឺពួកអាធីវគី វៀតណាមខាងត្បូង ហេតុអ្វីក៏លោកឯងរដ្ឋមន្ត្រីជំនាន់នោះត្រឹមតែគូរផែនទី ម៉េចក៏មិនទៅយក… ដូច្នេះគឺនិយាយឱ្យស្រឡះជ្រះក្អែលតែម្តងនៅក្នុងរដ្ឋសភា ហើយបើសិនជាធ្វើការផ្សាយបន្តផ្ទាល់បានត្រូវធ្វើការផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍ ។
និយាយគ្នាម្តងឱ្យដឹងរឿងហ្នឹង រួចចេះតែមកចោទគេថាក្បត់ជាតិ អ្នកណាស្នេហាជាតិ អ្នកណាក្បត់ជាតិ? រួចនិយាយថាមិនយកខ្មែរជាសត្រូវទេ គ្រាន់តែយកខ្មែរណាដែលបោះឆ្នោតឱ្យគណបក្សប្រជាជនប៉ុណ្ណោះជាសត្រូវ ។
និយាយនេះទ្រឹស្តីវាខុសគ្នា មិនយកខ្មែរណាជាសត្រូវ ចុះខ្មែរហ៊ុន សែន ខ្មែរកងទ័ពហ៊ុន សែន ខ្មែរកងទ័ពគណបក្សប្រជាជនស្អីដែរ? បានហៅគេអាក្បត់ជាតិ វាធ្ងន់ពេក ។
ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីសួរទៅសភាជាតិ ខ្ញុំផ្ញើរួចហើយ ទីស្តីការគណៈរដ្ឋមន្ត្រីបានត្រៀមលិខិតឱ្យខ្ញុំឆ្លើយជាលាយលក្ខណ៍អក្សរមួយទៀត ឆ្លើយផ្ទាល់ហើយលិខិតបានបញ្ជូនទៅសភារួចហើយ សូមកំណត់នៅពេលវេលាឱ្យបានមុន ព្រោះខ្ញុំមានកម្មវិធីច្រើន ។ ប៉ុន្តែសុំរយៈពេល៤ម៉ោង ដើម្បីឆ្លើយជាមួយនឹងសំណួរនោះ ។ បើផ្សាយបន្តផ្ទាល់បានផ្សាយគ្រប់ទូរទស្សន៍ទាំងអស់និយាយគ្នាត្រង់ហ្នឹងម្តង ដើម្បីឱ្យច្បាស់ ហើយនៅពេលនោះគឺត្រូវនិយាយអំពីតម្លាភាព ខ្ញុំនឹងនិយាយដល់រដ្ឋធម្មនុញ្ញមុនគេ ។ និយាយផ្ទៃក្រឡាដីមុនគេ ឱ្យវាឃើញ១៨១.០៣៥គីឡូម៉ែត្រក្រឡា ។ សំណាងហើយដែលផ្ទៃក្រឡាមិនដាក់ក្នុងរដ្ឋធម្មនុញ្ញ បើសិនដាក់ក្នុងរដ្ឋធម្មនុញ្ញរលាយហើយខ្មែរ ។ នាំគ្នានិយាយតែប៉ុណ្ណឹង បាត់ជាង៣០០គីឡូម៉ែត្រទៅណាទៀត ដីខ្មែរមាននរណាទៅវាស់កាលពី ដើម រួចចេះតែអះអាងតែប៉ុណ្ណឹង ហើយធ្វើផ្ទះធ្វើរបងតែម្ខាង ។ មកពីអ្វី? មកពីចាប់អារម្មណ៍តែទិសខាងកើត…។
នៅពេលដែលកំពុងមានសភាពការណ៍នៅទិសខាងលិច នាំគ្នាទៅបង្កើតសភាពការណ៍នៅទិសខាងកើត សភាពការណ៍មានដូច្នោះ តើទោសអ្វីត្រង់ហ្នឹង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការបង្កើតសភាពការណ៍បែបនេះគឺជាទោសអាជ្ញាសឹក ហើយត្រូវប្រហារជីវិត… ហើយកុំនិយាយឱ្យសោះថា បង្គោលព្រំដែននោះថ្លៃប៉ុន្មាន? កុំថាត្រឹមបង្គោលដើមឈើទាល ឬផ្ចឹក១០០ដើម ក៏វាអត់ថ្លៃដែរ ប៉ុន្តែតម្លៃរបស់វានៅកន្លែងច្បាប់ និយាយគ្នាម្តង ។
ឥឡូវនេះ គេដើររកសម្ពាធអន្តរជាតិហើយ តើគេរកសម្ពាធពីអ្វី? តើគេយកច្បាប់មកធ្វើអ្វី តើគេបង្កើតច្បាប់សម្រាប់ធ្វើអ្វី? នៅស្រុកខ្មែរមិនដែលរំលាយបក្សនយោបាយពីកាលណា គេអត់ដែលរំលាយបក្សនយោបាយទេ តែកំហុសបុគ្គលត្រូវតែផ្តន្ទាទោសហើយ ៕




ចែករំលែកព័តមាននេះ