រាជធានីភ្នំពេញ ៖ រថយន្តទ្រុងបិទជិតដឹកទឹកកកមួយគ្រឿងត្រូវឈ្មួញទុច្ចរិតប្រើប្រាស់ក្នុងការដឹកឈើប្រណីតប្រភេទធ្នង់ជាង១០០ដុំ ហើយត្រូវប្រជាពលរដ្ឋលួចរាយការណ៍ប្រាប់ដល់ប៉ូលិសខណ្ឌពោធិ៍សែនជ័យឱ្យចេញស្ទាក់ចាប់ ។ រថយន្តនោះត្រូវសមត្ថកិច្ចឃាត់ទុកកាលពីវេលាល្ងាចថ្ងៃទី៣១ កក្កដា នៅលើកំណាត់ផ្លូវលេខ២០០៤ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលប៉ូលិសឃាត់បានឈ្មួញដែលជាម្ចាស់ឈើបានពើងទ្រូងដាក់សមត្ថកិច្ចតាមរយៈការនិយាយទូរស័ព្ទដោយយកឈ្មោះលោកឧត្តមសេនីយ៍ម្នាក់នៅក្រសួងមហាផ្ទៃមកគំរាមសមត្ថកិច្ច និងអះអាងថាឈើនោះយកទៅធ្វើផ្ទះរបស់លោកឧត្តមសេនីយ៍រូបនោះ ។ ទោះជាយ៉ាងណាក្តី នៅពេលឮពាក្យនោះភ្លាម លោកឧត្តមសេនីយ៍បានបដិសេធទាំងស្រុង និងជំរុញឱ្យសមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យចាត់ការតាមផ្លូវច្បាប់ ។
សមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា រថយន្តដឹកឈើនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តដឹកទឹកកក ប៉ុន្តែត្រូវគេយកប្រើប្រាស់ក្នុងការដឹកឈើប្រណីតប្រភេទធ្នង់ចំនួន១៤៧សន្លឹក ដែលបើកបរដោយបុរសឈ្មោះ ភឿង ប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះលេខ២៣ ក្រុមទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ចំណែកម្ចាស់ឈើត្រូវបានគេស្គាល់ថាឈ្មោះ ស៊ឹម ជ័យសិដ្ឋ ភេទប្រុស ជាប៉ូលិសនៅក្រសួងមហាផ្ទៃមានឋានន្តរសក្តិវរសេនីយ៍ត្រី ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួន ។
លោកវរសេនីយ៍ទោ ប៊ន សំអាត អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា ការចាប់បានរថយន្តដឹកឈើនោះ គឺដោយសារប្រជាពលរដ្ឋផ្តល់ដំណឹងថា បានឃើញរថយន្តសម្រាប់ដឹកទឹកកកមួយគ្រឿងដឹកសុទ្ធតែឈើប្រណីតពេញកំពុងបើកចេញពីម្តុំវត្តអង្គតាមិញ សង្កាត់ចោមចៅ ។ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមលោកបញ្ជាកម្លាំងឱ្យចេញទៅពួនស្ទាក់ចាប់បានភ្លាមៗនៅពេលរថយន្តនោះបើកដល់ភូមិតាងួន សង្កាត់កាកាប ។
លោកអធិការបន្តទៀតថា នៅពេលឆែកមើលក្នុងរថយន្តឃើញសុទ្ធតែឈើប្រណីត ។ ពេលនោះមានការអន្តរាគមន៍ពីម្ចាស់ឈើឈ្មោះស៊ឹម ជ័យសិដ្ឋ ដែលជាប៉ូលិសក្រសួងមហាផ្ទៃសុំឱ្យដោះលែងដោយប្រាប់ថា ឈើនោះគេយកទៅសម្រាប់ធ្វើផ្ទះរបស់លោកឧត្តមសេនីយ៍ ។ បន្ទាប់ពីឮបែបនេះ លោកបានរាយការណ៍ជូនថ្នាក់លើជាបន្តបន្ទាប់ ។ ដោយឡែកលោកឧត្តមសេនីយ៍ដែលគេយកឈ្មោះទៅប្រើនោះបដិសេធមិនទទួលស្គាល់ឡើយ ដោយលោកបញ្ជាក់ថា «លោកមិនមានធ្វើផ្ទះអ្វីទេ ហើយក៏មិនបានឱ្យគេដឹកឈើឱ្យដែរ» ។ ក្រោយពេលមានការបដិសេធនោះ ទើបដឹងថាឈ្មួញចេះតែយកឈ្មោះថ្នាក់ដឹកនាំមកប្រើផ្តេសផ្តាស ទើបលោកហៅមន្ត្រីរដ្ឋបាលព្រៃឈើទៅពិនិត្យមើល និងប្រើរថយន្តកូរ៉េពីរគ្រឿង ទើបដឹកឈើនោះអស់យកទៅរក្សាទុករង់ចាំស្រាវជ្រាវបន្ត ។ ចំណែកឯម្ចាស់ឈើនោះមិនហ៊ានទៅជិតទេ គឺបានត្រឹមតែទូរស័ព្ទអន្តរាគមន៍ពីចម្ងាយប៉ុណ្ណោះ ។ កន្លងមកគេធ្លាប់ដឹកឈើតាមរថយន្តទ្រុងបែបនេះម្តងរួចមកហើយ ៕





ចែករំលែកព័តមាននេះ