ខេត្តប៉ៃលិន ៖ ទារិកាម្នាក់អាយុ៣ខែ ដែលឪពុកម្តាយស្លាប់ចោលយ៉ាងអាណោចអាធ័មតាំងតែពីថ្ងៃទី៨ កក្កដា ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តយីឌុបបុកម៉ូតូពីក្រោយនោះ ត្រូវបានជីដូនជីតាទាំងសងខាងធ្វើពិធីប្តូរពីឈ្មោះ សេង រតនា ទៅជាឈ្មោះសេង សំណាង វិញ ។ ការដូរឈ្មោះនេះ ដោយសារតែពួកគាត់គិតថា នៅថ្ងៃកើតហេតុខណៈឪពុកម្តាយធ្វើដំណើរត្រឡប់ពីផ្សារទៅផ្ទះវិញ ដោយម្តាយបីនាងតូចនៅនឹងដៃក៏ត្រូវរថយន្តបុកស្លាប់ទាំងឪពុក និងម្តាយ ។ ចំណែកទារិការូបនេះ បែរជានៅរស់រានមានជីវិត ដែលនេះជាសំណាងមួយនឹកស្មានមិនដល់ ដោយនាងតូចប៉ើងទៅធ្លាក់ចូលក្នុងគុម្ពោតព្រៃរងរបួសរលាត់ពោះតែបន្តិចបន្តួចប៉ុណ្ណោះ និងមិនមានប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ ។
គួររំលឹកថា គ្រោះថ្នាក់គួរឱ្យញាក់សាច់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៨ កក្កដា ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកោងក្បែរកូនភ្នំ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ជនរងគ្រោះជាប្តីឈ្មោះ វ៉ាន់ គឹមសាន្ត ហៅតូ អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ ស្រី ស្រម៉ៃ អាយុ២៥ឆ្នាំ ជាអ្នកធ្វើចម្ការ រស់នៅក្នុងភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ។ អ្នកទាំងពីរនាក់ជិះម៉ូតូឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅឌុបគ្នាដោយបីកូនស្រីម្នាក់ឈ្មោះ សេង រតនា អាយុ៣ខែ ។ ចំណែកឯរថយន្តម៉ាកហ្វុ៊យសូ ពណ៌ស បើកបរក្នុងទិសដៅពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ៥៧ ស្របទិសគ្នាជាមួយម៉ូតូដែរ លុះមកដល់ផ្លូវកោងចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យកិន២នាក់ប្តី-ប្រពន្ធ និងម៉ូតូជាប់នៅក្រោមរថយន្ត អូសចម្ងាយជាង៥០ម៉ែត្រ រួចបន្តទៅបុកផ្ទប់នឹងបង្គោលគីឡូម៉ែត្រ ។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យបុរសជាប្តីដាច់ជើងខាងស្តាំត្រឹមជង្គង់ រីឯប្រពន្ធបាក់ឆ្អឹងខ្នង និងឆ្អឹងចង្កេះ និងបានស្លាប់ភ្លាមៗនៅនឹងកន្លែងទាំង២នាក់ តែកូនតូចបានប៉ើងធ្លាក់ចូលក្នុងគម្ពោតព្រៃចេញផុតពីគ្រោះថ្នាក់ដល់ជីវិត ។
លោក យ៉ែម សេង ជាជីតាខាងឪពុកបានឱ្យដឹងថា គាត់រស់នៅភូមិអូរច្រាលិច សង្កាត់ទួលល្វា ក្រុងប៉ៃលិន មានកូន៥នាក់ គឺកូនប្រុស២នាក់ និងកូនស្រី៣នាក់ ដោយកូនបងជាស្រី ចំណែកកូនទី២គឺជាឪពុកចៅស្រីតូចនេះ ។ កូនប្រុសរបស់គាត់ដែលស្លាប់ឈ្មោះ វ៉ាន់ គឹមសាន្ត ហៅតូ អាយុ២៦ឆ្នាំ បានរៀបការកាលពី៧ឆ្នាំមុន ជាមួយនាង ស្រី ស្រម៉ៃ រស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ លោក យ៉ែម សេង បាននិយាយទាំងអួលដើមក និងក្រៀមក្រំថា ក្រោយពេលរៀបការហើយកូនគាត់ទាំងពីរនាក់ រស់នៅជាមួយគ្នានៅឯភូមិភ្នំរាំង មានកូនប្រុសម្នាក់ ឈ្មោះ សេង ប៊ុនសាក់ អាយុ៥ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះ សេង រតនា អាយុទើប៣ខែ ដែលពេលនេះត្រូវបានប្តូរឈ្មោះថា សេង សំណាង វិញ បន្ទាប់ពីឪពុកម្តាយនាងបានស្លាប់ចោលគួរឱ្យខ្លោចចិត្តបំផុត ។
លោក យ៉ែម សេង បានឱ្យដឹងទៀតថា ឥឡូវនេះពួកគាត់បានចែកចៅគ្នាចិញ្ចឹមដោយរូបគាត់ចិញ្ចឹមចៅប្រុសឈ្មោះ សេង ប៊ុនសាក់ ជាបង ចំណែកដន្លងគាត់នៅឯភូមិភ្នំរាំងចិញ្ចឹមចៅស្រី សេង សំណាង នេះ ព្រោះដន្លងរបស់គាត់មានកូនស្រីតែម្នាក់ ហើយត្រូវស្លាប់ចោលពួកគេទៅទៀត ។ លោកបានបន្តទៀតថា នៅព្រឹកថ្ងៃទី២៦ កក្កដា ២០១២ ទាំងគាត់ហើយនិងដន្លង បានយកធាតុកូនប្រុសកូនស្រីមកដាក់នៅវត្តអូរប្រើស ដើម្បីឱ្យព្រះសង្ឃសូត្រធម៌ឧទ្ទិសដល់វិញ្ញាណក្ខន្ធកូនៗរបស់គាត់ឱ្យទៅកាន់សុគតិភព ហើយសូមតាមថែរក្សាកូនប្រុស ស្រីទាំង២នាក់កុំឱ្យមានឧបសគ្គអ្វីមកយាយីបានតទៅទៀត ព្រមទាំងសុំប្រារព្ធដូរឈ្មោះពីសេង រតនា មកសេង សំណាង ។
តាមព័ត៌មានឱ្យដឹងថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នេះ បានសងជំងឺចិត្តមកដល់គ្រួសារអ្នកស្លាប់ចំនួន៤.៥០០ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ