រាជធានីភ្នំពេញ ៖ យោងតាមការសម្រេចក្នុងកិច្ចប្រជុំរួមរវាងសាលារាជធានីភ្នំពេញ និងតំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២ ដែលកោះសន្តិភាពបានទទួលឱ្យដឹងថា ការកសាងរូបសំណាកលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គ្រោងចំណាយថវិកាអស់រហូតដល់៨.០០០ដុល្លារអាមេរិក តែសហជីពសេរីកម្មករមានលទ្ធភាពចំណាយ៣.០០០ដុល្លារអាមេរិក ហើយសាលារាជធានីភ្នំពេញគ្រោងស្នើសុំគោលការណ៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីឧបត្ថម្ភ៥.០០០ដុល្លារអាមេរិក ។
សេចក្តីសម្រេចរួមក្នុងកិច្ចប្រជុំនោះបានបន្តថា រូបសំណាកនេះធ្វើពីថ្មភក់ ពណ៌ខៀវ យកមកពីខេត្តព្រះវិហារ មានកម្ពស់១,៦៨ម៉ែត្រ ហើយចំពោះការសាងសង់ គឺប្រគល់ឱ្យសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក្នុងការឆ្លាក់រូបសំណាកទៅតាមប្លង់ដែលបានឯកភាពគ្នារួច និងរាយការណ៍មកសាលារាជធានីភ្នំពេញពីលទ្ធផលការងារ ។
ការឯកភាពគ្នាផងដែរនោះ គឺកសាងរូបសំណាកលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានៅសួនច្បារវិមានឯករាជ្យផ្នែកខាងចុងសួនខាងលិចប៉ែកខាងត្បូង ដោយបែរមុខទៅទិសខាងលិច ៕
ចែករំលែកព័តមាននេះ