រាជធានីភ្នំពេញ ៖ រថយន្តទ្រង់ដឹកទឹកកកមួយគ្រឿងត្រូវបានឈ្មួញទុច្ចរិតប្រើប្រាស់ក្នុងការដឹកឈើប្រណីតជាង១០០ដុំ ហើយត្រូវបានប្រជាពលរដ្ឋលួចរាយការណ៍ប្រាប់ដល់ប៉ូលិសខណ្ឌពោធិ៍សែនជ័យ ដោយស្ងាត់ៗប៉ូលិសក៏ចេញស្ទាក់ចាប់បាន កាលពីល្ងាចថ្ងៃទី៣១ កក្កដា ២០១២ នៅលើកំណាត់ផ្លូវលេខ២០០៤ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
អ្វីដែលបង្កឱ្យមានការភ្ញាក់ផ្អើលនោះ គឺក្រោយពេលដែលប៉ូលិសឃាត់បានឈ្មួញដែលជាម្ចាស់ឈើនោះបានពើងទ្រូងដាក់សមត្ថកិច្ចតាមរយៈការនិយាយទូរស័ព្ទដោយយកឈ្មោះលោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមកគំរាមដល់សមត្ថកិច្ច និងបានអះអាងថា ឈើនោះយកទៅធ្វើផ្ទះរបស់លោកឧត្តមសេនីយ៍រូបនោះ ។ ប៉ុន្តែបន្ទាប់ពីបានឮពាក្យនោះភ្លាមលោកឧត្តមសេនីយ៍ខៀវ សុភ័គ បានធ្វើការបដិសេធទាំងស្រុង និងបានជំរុញឱ្យសមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមផ្លូវច្បាប់ទៀតផង។
សមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា រថយន្តដឹកឈើនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តទ្រង់ដឹកទឹកកក ប៉ុន្តែត្រូវបានគេយកមកប្រើប្រាស់ក្នុងការដឹកឈើប្រណីតជាង១០០ដុំដែលបើកដោយឈ្មោះភឿង ប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ២៣ ក្រុមទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ចំណែកម្ចាស់ឈើនោះត្រូវបានគេស្គាល់ឈ្មោះស៊ឹម ជ័យសិដ្ឋ ភេទប្រុស ជាប៉ូលិសនៅក្រសួងមហាផ្ទៃមានឋានន្តរស័ក្តិវរសេនីយ័ត្រី (ស័ក្តិ៤) ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ