ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Michael Phelpsបង្កើតបានឯតទគ្គកម្មអូឡាំពិកថ្មីជាមួយមេដាយមាសវិញ្ញាសា​ហែល​ទឹក​លើកទី19នៅទីក្រុងឡុង

13 ឆ្នាំ មុន

កីឡាករ​ហែល​ទឹក​អា​មេរិក​Michael Phelpsបាន​យកឈ្នះ​មេដាយ​​អូ​ឡាំ​ពិក​ជា​លើក​ទី​១៩​បន្ទាប់​ពី​ក្រុម​ហែល​បណ្តាក់ប្រ​ទេស​​របស់​ខ្លួន​យក​ឈ្នះ​មេដាយ​មាស​ហែល​សេរី​ចម្ងាយ ២០០​ម៉ែត្រ​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​២០១២​ថ្ងៃ​អង្គារ​ទី​៣១កក្ក​ដា ។​

សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំរូបនេះ មក​ទល់​ពេល​នេះ​គេ​មាន​មេដាយ​មាស​អូ​ឡា​ពិក​ចំ​នួន​១៥​គ្រឿង​ហើយ​។ ​នៅ​ក្នុង​ការ​ប្រ​កួត​លើក​នេះ ក្រុម​អា​មេរិក​ដែល​មាន Phelps​ជា​សមា​ជិក​ម្នាក់ផង​នោះ​ បាន​ប្រើ​អស់​ថិរវេលា​៦​នា​ទី​ និង​៥៩.៧០​វិ​នា​ទី ។ នៅ​ចំពោះ​មុខ Phelpsនៅ​មាន​ការ​ប្រ​កួត​៣លើក​ទៀត​មុន​នឹង​ចូល​និ​វត្ត​ន៍​ជា​មួយ​នឹង​ឯតទគ្គកម្ម​ពិ​ភព​លោក​ថ្មី​មួយ​ដែល​ពិ​បាកបំ​បែក​បាន ។​ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ក្រុង​ប៉េកាំង​ឆ្នាំ ២០០៨ កីឡាករ​អា​មេរិក​រូបនេះ​ដណ្តើម​បាន​មេដាយ​មាស​ដល់​ទៅ​៨​គ្រឿង និង​៦​គ្រឿង​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ក្រុង​អា​ថែន​ឆ្នាំ ២០០៤​។​ គេ​បាន​ថ្លែង​ថា ៖«នេះ​ជា​អា​ជីព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ពិត​ប្រា​កដ​ ប៉ុន្តែ​យើង​នៅ​មាន​ការ​ប្រ​កួត​២-៣លើក​ទៀត​នៅ​ទី​នេះ​​ »។​

២-៣នា​ទី​​នៅ​​មុន​ការ​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ក្រុម​ហែល​បណ្តាក់​ Phelpsដណ្តើម​បាន​មេដាយ​ទី​១៨​(​មេដាយ​ប្រាក់​)​លើ​វិញ្ញាសា​ឯកត្ត​ជន​ហែល​មេ​អំ​បៅ​ចម្ងាយ​២០០​ម៉ែត្រ ។​ ​គេ​បាន​ថ្លែង​ថា ៖«ពិត​ណាស់ ខ្ញុំប្រា​ថ្នា​ចង់​បាន​លទ្ធផលល្អ​ប្រ​សើរ​ជាង​នេះ​លើ​វិញ្ញាសា​ហែល​មេអំ​បៅ​ចម្ងាយ​២០០​ម៉ែត្រ »។​ ដោយ​ឡែក នៅ​ទី​ក្រុង​ឡុង​នេះ​ឆ្លង​កាត់​ការ​ប្រ​កួត​អស់​៥​ថ្ងៃ​ Phelpsដណ្តើម​បាន​មេដាយ​ប្រាក់​២​គ្រឿង​និង​មាស​១គ្រឿង ។

ក្រុម​អា​មេរិក​ពេល​នេះ​កំពុង​តាម​ពី​ក្រោយ​ក្រុម​ចិន​លើ​តារាង​មេដាយ​ ។ បើ​ទោះ​ជា​ក្រុម​នេះ​ដណ្តើម​បាន​មេដាយ​សរុប ២៣គ្រឿង​ស្មើ​ជា​មួយ​ចិន​ក៏​ពិត​មែន​ ប៉ុន្តែ​ចំ​នួន​មេដាយ​មាស​នៅ​ចាញ់​ចិន​ដាច់​ឆ្ងាយ​។ ពួក​គេ​ដណ្តើម​បាន​មេដាយ​មាស​តែ​៩​គ្រឿង​ប៉ុណ្ណោះ​ធៀប​នឹង​ចិន​ដែល​មាន ១៣​គ្រឿង ៕