រាជធានីភ្នំពេញ ៖ ក្រុមកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកងរាជអាវុធហត្ថខណ្ឌចំការមន បានក្របួចយុវជន២នាក់ដែលធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់មិនបានសម្រេចនៅចំណុចភូមិត្នោតជ្រុំ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួនរហូតមកដល់ចំណុចទល់មុខសាលាវ៉ាន់ដា តាមបណ្តោយមហាវិថីម៉ៅសេទុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៏ត្រូវកងរាជហត្ថចាប់ឃាត់ខ្លួនបានតែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១ សីហា ២០១២ ។
យោងតាមប្រភពព័ត៌មានពីក្រុមកងរាជអាវុធហត្ថខណ្ឌចំការមន ដែលឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើនេះបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ១-ឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ២-ឈ្មោះស្រេង លក្ខណា អាយុ២១ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជាមួយគ្នា ។ ចំណែកម៉ូតូដែលជនសង្ស័យយកធ្វើសកម្មភាពឆក់ខាងលើនេះ ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរី២០០៧ ឡើងតែម២០១២។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ