ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​បទ​ល្មើស​​ព្រៃ​ឈើ​នៅ​តំបន់​តា​កែន​កោះ​ស្លា​​យ៉ាង​​គគ្រឹក​គគ្រេង​​ពុំ​ឃើញ​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​ប្រភព​ព័ត៌​មាន​ច្បាស់​​ការណ៍​មួយ​ឱ្យ​ដឹង​ថា ​សកម្ម​ភាព​​កាប់​បំផ្លាញ​​ព្រៃ​ឈើ​​ពី​សំណាក់​​ពល​រដ្ឋ​ដែល​ដឹក​ដោយ​រទេះ​គោ​​ក្របី​ចូល​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​តំបន់​តាកែន​កោះ​ស្លា ​ស្រុក​ឈូក យ៉ាងអនាធិបតេយ្យ​​​គេ​​ពុំ​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ដែល​គ្រប់​គ្រង​​ក្នុង​តំបន់​នោះ​ចេញ​ទៅ​បង្ក្រាប​​ឡើយ ។

ប្រភព​បាន​អះ​អាង​បន្ត​ទៀត​ថា ​តំបន់​ដែល​ពល​រដ្ឋ​​កំពុង​ធ្វើ​សកម្ម​ភាព​កាប់​និងដឹក​ជញ្ជូន​ឈើ​​​ គេ​សង្កេត​ឃើញ​មាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​មួយ​ក្រុម​​កំពុង​ធ្វើ​​សកម្ម​ភាព​ឃុប​ឃិត​យក​ប្រាក់​ពី​ពល​រដ្ឋ​ដែល​​​​ដឹក​​ឈើ​ចេញ​​ពី​តំបន់​នោះ ដោយ​កំណត់​​បង់​ប្រាក់​​ក្នុង​មួយ​​រទេះ​២​ទៅ​៣​ម៉ឺុន​រៀល តាម​​ដឹក​តិច​ និង​ច្រើន​ហើយ​បើ​អ្នក​ដឹក​ឈើ​ទាំង​នោះ​តវ៉ា ឬ​សុំ​ចុះ​តម្លៃ​​ពួក​គេ​នឹង​ចាប់​រទេះ​ដឹក​ឈើ​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ។ ក្រុម​ចម្រុះ​​ដែល​ឈរ​ជើង​ចាំ​ឃាត់​​រទេះ​គោ​​ដឹក​ឈើ​​យក​ប្រាក់​នោះ​មាន​នគរ​បាល​ប៉ុស្តិ៍​​ឃុំ​តាកែន ​ទាហាន​ឌឺ​បេ​ខេត្ត និង​​អង្គ​ការ​អភិ​រក្ស​​ឃ្លាំ​មើល​ប្រជា​ពល​រដ្ឋ​នៅ​កម្ពុជា​​ដឹក​នាំ​ដោយ​លោក​តឹក សែន ។

ទាក់​ទិន​នឹង​ករណី​​នេះដែរ​ ​កោះ​សន្តិ​ភាព​​បាន​ទូរស័ព្ទ​​ទៅ​លោក​តុង សែ នាយ​​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​​ស្រុក​ឈូក ដើម្បី​​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​ខាង​លើ ប៉ុន្តែ​ទូរស័ព្ទ​​របស់​លោក​ត្រូវ​បិទ​មិន​អាច​​ទទួល​ការ​ហៅ​ចូល​បាន​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕