ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងប្រុសម្នាក់ពីបទលួចកៅអីនៅក្នុងអនុវិទ្យាល័យពោធិ៍សាត់ កាលពីយប់ថ្ងៃទី២៩ កក្កដា កន្លងមកនេះ ។ លោកអនុសេនីយ៍ទោ បិុច ស៊ីផាន់ នាយប៉ុស្តិ៍ផ្ទះព្រៃឱ្យដឹងថា ក្មេងប្រុសដែលឃាត់ខ្លួននេះឈ្មោះ សូត្រ សុភាព អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានមុខរបរដាក់ភាស៊ីកង់ម៉ូតូក្នុងអនុវិទ្យាល័យពោធិ៍សាត់ ។
ក្មេងប្រុសម្នាក់នេះត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣០ កក្កដាយោងតាមពាក្យបណ្តឹងរបស់លោកនាយកអនុវិទ្យាល័យដែលមានសាក្សីឃើញជននេះចូលលួចយកកៅអីជាញឹកញាប់នាពេលកន្លងមក ។ នៅពេលឃាត់ខ្លួនយើងប្រមូលបានមកវិញនូវវត្ថុតាងកៅអីជ័រចំនួន៣២ និងផ្លែចបកាប់ចំនួន៤ ផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចក្មេងប្រុសឈ្មោះសូត្រ សុភាព សារភាពថា ខ្លួនពិតជាបានលួចកៅអីក្នុងអនុវិទ្យាល័យពោធិ៍សាត់មែន ។ នៅថ្ងៃទី២៩ កក្កដា វេលាម៉ោង៩យប់ ខ្លួននិងបក្សពួក៤នាក់ទៀតមាន១-ឈ្មោះណាក់ ២-ឈ្មោះលី ៣-ឈ្មោះ រ៉េត និង៤-ឈ្មោះ ភារម្យ បានចូលក្នុងទីចាត់ការលួចយកកៅអីជ័រចំនួន៨ទៅលក់ឱ្យមីងទូចនៅផ្សារចាស់បានលុយ៤៥.០០០រៀល ។ បើគិតទាំងលើកនេះផងខ្លួនលួចកៅអីជ័រក្នុងអនុវិទ្យាល័យពោធិ៍សាត់ចំនួន៤លើកហើយបានកៅអីចំនួន៣២ និងផ្លែចបកាប់ចំនួន៨ ។
លោកវរសេនីយ៍ត្រី ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តថ្លែងថា នៅពេលឃាត់ខ្លួនជនសង្ស័យ យើងស្រាវជ្រាវរកឃើញកៅអីជ័រចំនួន៣២ និងផ្លែចបកាប់ចំនួន៤ ដែលជននេះយកទៅលក់ឱ្យស្ត្រីឈ្មោះ ទូចនៅផ្សារចាស់ ។ បើតាមច្បាប់ ស្ត្រីឈ្មោះទូចក៏ពាក់ព័ន្ធនឹងការទទួលទិញផលចោរកម្មដែរ ហើយករណីនេះយើងបានរាយការណ៍ជូនលោកព្រះរាជអាជ្ញា និងបានបញ្ជូនជនសង្ស័យទៅតុលាការនាព្រឹកថ្ងៃទី៣១ កក្កដា ៕
ចែករំលែកព័តមាននេះ