ខេត្តក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងឆមាសទី១ឆ្នាំ២០១២នេះ មានការថយចុះចំនួន៣៧លើក ស្មើនឹងជាង២១% ក្នុងចំណោមស្រុកទាំង៥ និងក្រុង១ នៃខេត្តក្រចេះ ក្នុងនោះស្រុកស្នួលមានអត្រាខ្ពស់ជាងគេ ។តាមរបាយការណ៍បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០១២ គិតចាប់ពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១០ ឧសភា ឆ្នាំ២០១២ ករណីគ្រោះ
ថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៣៣លើក លើ១៧០លើក បើប្រៀបធៀបទៅនឹងឆមាសទី១ឆ្នាំ ២០១១មានការថយចុះចំនួន៣៧លើក ស្មើនឹងជាង២១% ដែលគ្រោះថ្នាក់ចរាចរណ៍ទាំងនេះបានកើតឡើងនៅតាមបណ្តាស្រុក ក្រុង រួមមាន ក្រុងក្រចេះចំនួន២៣លើក លើ២៨លើក ស្រុកចិត្របុរីចំនួន២៤លើក លើ៣៦លើក ស្រុកឆ្លូងចំនួន១៤លើក លើ១៩លើក ស្រុកព្រែកប្រសព្វចំនួន៥លើក លើ១២លើក ស្រុកសំបូរ១៦លើក លើ២៤លើក និងស្រុកស្នូល៥១លើក លើ៥១លើក ។
របាយការណ៍ដដែលបង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១នេះ បានបណ្តាលឱ្យមនុស្សរងរបួសស្រាលចំនួន៣០នាក់ ស្រី៥នាក់ លើ៥៩នាក់ បើប្រៀបធៀបទៅនឹងឆមាសទី១ឆ្នាំ២០១១ មានការថយចុះចំនួន២៩នាក់ ស្មើនឹង៤៩% ។ រងរបួសធ្ងន់ចំនួន១៣៦នាក់ ស្រី៣០នាក់លើ១៧៧នាក់ ថយចុះចំនួន៤១នាក់ ស្មើនឹងជាង២៣% ។ បង្កឱ្យមនុស្សស្លាប់ចំនួន៤៣នាក់ ស្រី៨នាក់ លើ៥៨នាក់ បើប្រៀបធៀបទៅនឹងឆមាសទី១ឆ្នាំ២០១១ មានការថយចុះចំនួន១៥នាក់ ស្មើនឹងជាង២៥% ក្នុងនោះស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៦នាក់ លើ៣៥ និងស្លាប់ ព្រោះតែបង្កគ្រោះថ្នាក់ដោយខ្លួនឯងមានចំនួន៧នាក់លើ១៤នាក់ ។
មន្ត្រីជំនាញចរាចរណ៍ជើងគោកខេត្ត បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺ បណ្តាលមកពីបើកបរមិនគោរពសិទ្ធិអាទិភាព ចំនួនជាង៤៣% ធ្វេសប្រហែសចំនួន១៥% បើកបរលើសល្បឿនកំណត់ជាង១៧% បើកបរក្នុងសភាពស្រវឹងជាង១៥% និងបើកប្រជែងជាង៧% ៕
ចែករំលែកព័តមាននេះ