ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ចប់​ក្រុម​​ហ៊ុន​ឡាយ​ហួត​ត្រេ​ឌីង ដែល​ទុក​ដី​ចោល​មិន​ដំណើរ​​ការ​តាម​កិច្ច​សន្យា​

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​ក្រុម​ហ៊ុន​ឡាយ​ហួត​ត្រេ​ឌីង​ដែល​បាន​ចុះ​កិច្ច​សន្យា​ធ្វើ​វិនិ​យោគ​ដាំ​ដំណាំ​កៅស៊ូ​​លើ​ផ្ទៃ​ដី​ជាង​៩០០​ហិកតា ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​​ព្រហ​ស្បត្តិក្បាល ឃុំ​ផ្ទះរុង ស្រុក​ភ្នំ​ក្រវាញ​ ឥឡូវ​នេះ​ត្រូវ​រាជ​រដ្ឋា​ភិបាល​​បញ្ចប់​លែង​ឱ្យ​​ដំណើរ​ការ​តទៅ​ទៀត​​ហើយ​ដោយ​សារ​ពុំ​ឃើញ​មាន​សកម្ម​ភាព​​អ្វី​ទាល់​តែ​សោះ ។

លោក​ទូច សំបូរ អភិ​​បាល​​ស្រុក​ភ្នំ​ក្រវាញ ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​​ឡាយ​ហួត​ត្រេ​ឌីង​នេះ​បាន​ចុះ​កុង​ត្រា​ត្រឹមត្រូវ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​​តាំង​ពី ឆ្នាំ​២០០៣ ​មក​ម៉្លេះ ​ក្នុង​ការ​វិនិយោគ​​ដាំ​ដំណាំ​កៅស៊ូ​​​លើ​ផ្ទៃ​ដី​ជាង​៩០០​ហិកតា ប៉ុន្តែ​មក​​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​១០​ឆ្នាំ​ទៅ​ហើយ​​មិន​ទាន់​​​ឃើញ​លទ្ធ​ផល​ចេញ​ជា​ផ្លែ​​ផ្កា​​អ្វី​សោះ​មាន​តែ​​រោង​ស្នាក់​នៅ​របស់​ក្រុម​ហ៊ុន និង​កូន​កៅស៊ូ​បណ្តុះ​ទុក​​ចោល​ប៉ុណ្ណោះ ឯដី​ព្រៃ​នៅតែ​ព្រៃ​ដដែល។ ​លោក​អភិ​បាល​​ស្រុក​បន្ត​ទៀត​ថា ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​​ក្រុម​ហ៊ុន​ខាង​លើ​ប្រើ​​គ្រឿង​ចក្រ​​ឈូស​ឆាយ​ដី​សម្រាប់​ដាំ​កៅស៊ូ​​នៅឡើយ​ទេ ​​ហើយ​កូន​កៅស៊ូ​​ដែ​ល​បណ្តុះ​ទុក​ចោល​​នោះ​ដុះ​វែងៗ​កម្ពស់​៥​ទៅ​៦​ម៉ែត្រ​ក្លាយ​​ជា​ព្រៃ​ស៊ុប​ទ្រុប​អស់​ទៅ​ហើយ ។ ក្រៅពី​នេះ​ពុំ​ឃើញ​មាន​ដំណាំ​​អ្វី​ក្រៅពី​​ដើម​ស្វាយ​៣-៤​ដើម​​ និងស្លឹក​គ្រៃ​​ប៉ុន្មាន​គុម្ព​​ប៉ុណ្ណោះ​ ។ ​ក្រុម​ហ៊ុន​នេះ​ហាក់​បីដូចជា​ពុំ​មាន​គម្រោង​​​ច្បាស់​លាស់​​ទេ ​ហើយ​បើ​តាម​ដឹង​​បម្រុង​ទុក​ដី​លក់​ទៀត​ផង ប៉ុន្តែ​​ស្រប​ពេល​អនុ​សាសន៍​​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ​ហ៊ុន សែន ​ពិនិត្យ​​​សើ​រើ​​ក្រុម​ហ៊ុន​វិនិ​យោគ​​​ណា​​ដែល​ពុំ​ដំណើរ​​ការ​ទុក​ដី​ឱ្យ​ទំនេរ​ចោល​ត្រូវ​ដក​​ហូត​យក​មក​វិញ​នោះ​​ ទើប​ពេល​នេះ​យើង​បញ្ចប់​ក្រុម​ហ៊ុន​មួយ​​នេះ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕