ខេត្តកណ្តាល ៖ កាលពីថ្ងៃទី៣១ កក្កដា នៅវិទ្យាស្ថានកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម(ឧដុង្គ) កងកម្លាំងយោធាកម្ពុជា និងយោធាចារ្យឥណ្ឌា បានសហការគ្នាបង្ហាញពីជំនាញរបស់ខ្លួនទៅតាមនិយាមរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺន និងពន្យល់ពីខ្លឹមសារបច្ចេកទេសបោសសម្អាតមីនពីយោធាចារ្យឥណ្ឌា ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ។
ក្រុមយោធាចារ្យឥណ្ឌាដែលរួមមាន ក្រុមយោធាផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងផ្នែកបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រឿងផ្ទុះកែច្នៃ បានមកធ្វើការហ្វឹកហ្វឺនដល់កងយោធាកម្ពុជា ចាប់ពីថ្ងៃទី១៨ កក្កដា ដល់ថ្ងៃទី៨ សីហា ឆ្នាំ ២០១២ នៅវិទ្យាស្ថានកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ។ ចំពោះការហ្វឹកហ្វឺនខាងលើរួមមាន ការបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ការសម្តែង និងបង្ហាញនៅក្រៅថ្នាក់ និងការអនុវត្តជាក់ស្តែង ។
លោកឧត្តមសេនីយ៍ទោ គួច ឆេងទាន់ នាយកនាយកដ្ឋានផែនការប្រតិបត្តិ និងហ្វឹកហ្វឺននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានផ្តល់បទសម្ភាសន៍ដល់កោះសន្តិភាពថា សកម្មភាពក្នុងថ្ងៃនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរ រួមមានការផ្លាស់ប្តូរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងការផ្តល់វគ្គហ្វឹកហ្វឺនដល់ពលទាហាននៃកងយោធពលខេមរភូមិន្ទដើម្បីឱ្យពួកគេបង្កើនសមត្ថភាព ពង្រីក និងពង្រឹងចំណេះដឹង ជាពិសេសជំនាញវិជ្ជាជីវៈ ដើម្បីឱ្យស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ និងឈានទៅរកការរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិ ។
លោកឧត្តមសេនីយ៍ទោបានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះមានក្រុមយោធារបស់កងទ័ពសាធារណរដ្ឋឥណ្ឌាផ្នែកបោសសម្អាតមីនចំនួន៥ក្រុម និងផ្នែកប្រតិបត្តិការរក្សាសន្តិភាពចំនួន១ក្រុម ធ្វើការហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទនៅវិទ្យាស្ថានកងកម្លាំងរក្សាសន្តិភាព បោសម្អាតមីន និងកាកសំណល់សង្គ្រាមប្រកបដោយជោគជ័យ ។ ការសម្តែងសកម្មភាពហ្វឹកហ្វឺនក្នុងថ្ងៃនេះ មានកងកម្លាំងយោធពលខេមរភូមិន្ទសរុបចំនួន៧៧នាក់ ដែលក្នុងនោះមកពីផ្នែកប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKO) ចំនួន២៨នាក់ និងក្រុមបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)និងគ្រឿងផ្ទុះកែច្នៃចំនួន៤៩នាក់។
គួររំលឹកថា ការសម្តែងបង្ហាញរបស់ក្រុមប្រតិបត្តិការរក្សាសន្តិភាពនេះរួមមាន ការបង្ហាញពីការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ (អ.ស.ប)នៅក្នុងតំបន់ដែលបានធ្វើការដកកងទ័ព និងការសម្តែងពីសកម្មភាពដទៃទៀតជាច្រើន ដែលរួមមានការឆែកឆេរមនុស្ស និងរថយន្ត និងស្ថានភាពផ្សេងៗទៀតក្នុងអំឡុងពេលដាក់ប៉ុស្តិ៍ពិនិត្យរបស់អ.ស.ប ។ នេះជាលើកទី១១ហើយដែលកងយោធាសាធារណរដ្ឋឥណ្ឌាបានជួយបង្ហាត់បង្រៀន និងផ្តល់ការហ្វឹកហ្វឺនដល់កងយោធពលខេមរភូមិន្ទ ដើម្បីឱ្យពួកគេមានជំនាញបច្ចេកទេសឈានទៅរកការថែរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិ ៕
ចែករំលែកព័តមាននេះ