រាជធានីភ្នំពេញ ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣០ កក្កដា ដោយជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ។
ជនសង្ស័យម្នាក់ឈ្មោះជា សុខណាក់ អាយុ២៧ឆ្នាំ អតីតមន្ត្រីកងរាជអាវុធហត្ថអង្គភាពចល័ត មានទីលំនៅផ្ទះគ្មានលេខ ភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះឡេង ប៊ុនថង ហៅត្រង់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ២នាក់នេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌដកហូតបានអាវុធខ្លី១ដើម ម៉ាកកា៥៤ និងបង់មានគ្រាប់១គ្រាប់ ទុកធ្វើជាវត្ថុតាងផងដែរ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះលោកវរសេនីយ៍ទោ ជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឱ្យដឹងថា គឺជាការធ្វើឡើងតាមការស្រាវជ្រាវនិងប្រើវិធានជំនាញពីសណាក់សមត្ថកិច្ចរបស់លោក សហការជាមួយនគរបាលខណ្ឌដង្កោតាមរូបភាពក្រុមប្រើប្រាស់គ្រឿងញៀន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ