រាជធានីភ្នំពេញ ៖ ទោះបីជាប្រទេសភូមាមិនទាន់បានចូលជាសមាជិកនៃអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាម ការប្រើប្រាស់ ការផលិត ការរក្សាទុក និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សលោកក្តី តែដោយសារការផ្លាស់ប្តូរគោលនយោបាយជាតិរបស់ខ្លួននាពេលថ្មីៗកន្លងមកនេះ ភូមាបានបញ្ជូនគណៈប្រតិភូក្រសួងការពារជាតិ និងក្រសួងអប់រំមកបំពេញបេសកកម្មស្វែងយល់អំពីបញ្ហាមីននៅកម្ពុជា ។
កាលពីថ្ងៃទី៣០ កក្កដា គណៈប្រតិភូរបស់ប្រទេសភូមា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក ហេង រតនា អគ្គនាយកស៊ីម៉ាក នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលនៅក្នុងកិច្ចពិភាក្សានោះគណៈប្រតិភូប្រទេសភូមាបានឱ្យដឹងថា ភូមាមិនទាន់មានបទពិសោធន៍លើបញ្ហាបោសសម្អាតមីននៅឡើយទេ ទោះបីជារបបនយោបាយមានការប្រែប្រួល ហើយជនភៀសខ្លួនរបស់ភូមានៅក្នុងប្រទេសថៃ កំពុងវិលត្រឡប់ចូលទៅក្នុងប្រទេសភូមាវិញក៏ដោយ ក៏រចនាសម្ព័ន្ធអង្គភាពបោសសម្អាតមីននៅមិនទាន់បានរៀបចំនៅឡើយដែរ ហើយតំបន់ដែលមានគ្រាប់មីនច្រើន គឺជាតំបន់ស្ថិតនៅជាប់ព្រំដែនភូមា-ថៃ ភូមា-ចិន និងភូមា-បង់ក្លាដេស ។ តែទោះជាយ៉ាងនេះក្តី ស្ថានភាពនយោបាយរបស់ភូមានៅមិនទាន់ល្អនៅឡើយទេ ដោយសារនៅក្នុងចំណោមអ្នកប្រយុទ្ធគ្នានៅភូមា មានមួយក្រុមទៀតនៅមិនទាន់បានចូលរួមរស់ជាមួយរដ្ឋាភិបាលនៅឡើយ ។
លោក ហេង រតនា បានពន្យល់គណៈប្រតិភូភូមាថា ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើសកម្មភាពបោសសម្អាតមីននៅឆ្នាំ១៩៩១-១៩៩២ ដែលពេលនោះ ភាគីខ្មែក្រហមក៏មិនទាន់បានចូលរួមរស់ជាមួយរដ្ឋាភិបាលដែរ រហូតដល់ចុងឆ្នាំ១៩៩៨ ទើបកម្ពុជាមានសន្តិភាពពេញលេញ។ ដូច្នេះភូមាក៏មិនគួររង់ចាំរហូតដល់មានសន្តិភាពពេញលេញ ទើបធ្វើការបោសសម្អាតមីននោះដែរ ពីព្រោះប្រជាពលរដ្ឋបានចូលទៅរស់នៅតំបន់ដែលមានមីននោះហើយ ។
គណៈប្រតិភូភូមា បានសម្តែងសេចក្តីរីករាយជាខ្លាំងនៅក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរប្រកបដោយលទ្ធផលផ្លែផ្កា ហើយនៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចសាលាហ្វឹកហ្វឺន CMAC នៅខេត្តកំពង់ឆ្នាំង ទៅមើលរោងជាងជួសជុលឧបករណ៍បោសសម្អាតមីននៅខេត្តបាត់ដំបង ទៅមើលកងឯកភាពកម្ចាត់មីនទី២នៅខេត្តបាត់ដំបង ទៅមើលក្រុមអប់រំផ្សព្វផ្សាយសកម្មភាពបោសសម្អាតមីន និងមន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅខេត្តបាត់ដំបង និងបន្តទៅទស្សនាប្រសាទអង្គរវត្ត មុនពេលត្រូវចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសភូមាវិញ ។
នៅថ្ងៃដដែលនោះដែរ នៅពេលល្ងាចគណៈប្រតិភូភូមា បានបន្តចូលជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា ។ លោក នេត សុផល អ្នកនាំពាក្យអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សានោះ លោក ប្រាក់ សុខុន បានជម្រាបជូនភ្ញៀវអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរមីនកម្ពុជា ដែលរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ៕


ចែករំលែកព័តមាននេះ