រាជធានីភ្នំពេញ ៖ ក្រសួងផែនការបានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ រៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ស្តីពីគម្រោងផែនការមេថ្នាក់ជាតិសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា២០១៤-២០២០ ដែលពិធីនោះប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៣១ កក្កដា ក្រោមអធិបតីភាពលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ។
លោករដ្ឋមន្ត្រី ឆាយ ថន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជាអនុវត្តគោលនយោបាយបើកចំហ លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាការពិតណាស់ ការរីកចម្រើនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានសារសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីសម្រេចបាននូវការលើកកម្ពស់លទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ ក្នុងវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ការប្តេជ្ញាចិត្តកម្រិតពិភពលោកដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាជាការចាំបាច់ណាស់ ។ ដូច្នេះនេះជាបច្ច័យដ៏ប្រសើរដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាចំណេះដឹង និងជំនាញមួយដែលអាចធ្វើយ៉ាងណាផ្លាស់ប្តូរផលិតផលដែលមានគុណភាពទាបទៅជាផលិតផលមួយដែលមានគុណភាពខ្ពស់ទៅតាមការវាយតម្លៃរបស់មនុស្ស ។ ក្នុងផ្នែកឱសថសាស្ត្រ ចំណេះដឹង និងជំនាញអាចជួយព្យាបាលជំងឺឱ្យជាសះស្បើយធ្វើឱ្យមានសុខភាពល្អប្រសើរ ។ បើយើងនិយាយឱ្យសាមញ្ញ យើងអាចអភិវឌ្ឍបច្ចេកវិទ្យាបានតាមរយៈការបង្កើតពីដំណាក់កាលធម្មតាទៅដំណាក់កាលដែលមានបច្ចេកទេសខ្ពស់ ទំនើប និងខ្ពស់បំផុត ។ ដោយឡែកនៅកម្ពុជាបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលធម្មតា ហើយរំពឹងថា នឹងឈានទៅរកដំណាក់ដែលមានបច្ចេកទេសខ្ពស់ទំនើបក្នុងពេលឆាប់ៗខាងមុខ ។ ការយល់ដឹង និងអនុវត្តបាននូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏មានន័យយើងអាចម្ចាស់ការផលិតដើម្បីប្រជាជន និងដោយហេតុនេះវាក៏មានន័យថាយើងមានឯករាជ្យសេដ្ឋកិច្ចផងដែរ ។
តាមរបាយការណ៍ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាបានឱ្យដឹងថា ក្រសួងផែនការ បានចាប់ផ្តើមទំនាក់ទំនងសកម្មលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ២០០៦ តាមរយៈសិក្ខាសាលា ទស្សនកិច្ចសិក្សា និងការពិភាក្សាផ្លាស់ប្តូរយោបល់ ។ ដោយយល់ឃើញថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានសារសំខាន់ ជាពិសេសស្រាប់អភិវឌ្ឍខឿនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជនឱ្យបានឆាប់រហ័ស ដូចមានសាធារណរដ្ឋកូរ៉េ និងប្រទេសជឿនលឿនដទៃទៀត ជាឧទាហរណ៍ជាក់ស្តែងក្រសួងផែនការបានចាប់ផ្តើមព្រាងគម្រោងសុំកិច្ចសហប្រតិបត្តិការ និងជំនួយពីសាធារណរដ្ឋកូរ៉េ ។
ក្រោមកិច្ចពិភាក្សា និងផ្តល់យោបល់ជាច្រើនលើកជាមួយនឹងអ្នកជំនាញការកូរ៉េនៃ KISTEP និង KOICA ជាពិសេសលោកប្រធានតំណាង KOICA Cambodia ដែលមានបទពិសោធន៍ជាអន្តរជាតិដ៏មានតម្លៃក្នុងករណីស្រដៀងគ្នានេះ យើងបានយល់ស្របថា ចំណុចចាប់ផ្តើមដ៏ប្រសើរបំផុតសម្រាប់កម្ពុជាលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ គឺការកសាងផែនការមេសម្រាប់នាំផ្លូវរួមមួយ ។
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានវិសាលភាពធំទូលាយគ្របដណ្តប់ច្រើនវិស័យ ។ ដោយហេតុនេះ ក្រសួងក៏យល់ស្របផងដែរសម្រាប់ការចាប់ផ្តើមពីវិស័យសំខាន់៣ជាមូលដ្ឋាន ស្របតាមបរិបទកម្ពុជាផង និងសម្រាប់គាំទ្រដល់ការជំរុញការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិនាពេលអនាគតផង នោះគឺ ១-វិស័យកសិកម្ម ២-វិស័យឧស្សាហកម្មបឋម និង៣-វិស័យ ICT ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសពី KOICA និងក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ក៏ដូចជា CDC និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងផ្តល់ជំនួយបច្ចេកទេសសម្រាប់ «គម្រោងរៀបចំផែនការមេថ្នាក់ជាតិផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នាំ២០១៤-២០២០ ដែលមានរួមបញ្ចូលផងដែរនូវការកសាងធនធានមនុស្ស និងស្ថាប័ន ក៏ដូចជាមូលដ្ឋានសម្ភារ ICT ចាំបាច់សម្រាប់គាំទ្រសកម្មភាព
គម្រោង ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងក្រសួងផែនការនៃព្រះរាជាណាចក្រកម្ពុជា និង KOICA នៃសាធារណរដ្ឋកូរ៉េ នៅក្រសួងផែនការថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១ ដោយមានតំណាង CDC និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចូលរួមជាកិត្តិយស ហើយ KISTEP ត្រូវបានជ្រើសរើសជាស្ថាប័នអនុវត្តគម្រោងនៃភាគីកូរ៉េពីខែវិច្ឆិកា ឆ្នាំ២០១១៕


ចែករំលែកព័តមាននេះ