ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​កា​រិ​នីចាក់​សា​ប​កូ​រ៉េ​ខាង​ត្បូង​សម្រក់​ទឹក​ភ្នែក​តវ៉ា​រហូត​ទទួល​បាន​មេ​ដាយ​លួង​ចិត្ត

13 ឆ្នាំ មុន

ក្រុម​ប្រឹក្សា​​កីឡា​ចាក់​​សាប​​ពិភព​​លោក​​បាន​និយាយ​​កាល​ពី​ថ្ងៃ​អង្គារ​ថា កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​ដែល​អង្គុយ​យំ​លើ​វេទិ​កា​ប្រ​កួត​អស់​រាប់​ម៉ោង​​​ជំ​ទាស់​តវ៉ា​​នឹង​ការ​កាត់​ក្តី​ឱ្យ​នាង​ចាញ់​ការ​ប្រ​កួត​នឹង​ទទួល​បាន​មេ​ដាយ​លួង​ចិត្ត​មួយ​គ្រឿង​ទទួល​ស្គាល់​ពី​ការ​ប្រ​កួត​ដ៏​យុត្តិ​ធម៌​របស់​នាង ។​

សហ​ព័ន្ធ​កីឡា​ចាក់​សាប​អន្តរ​ជាតិ​បាននិ​យាយ​ថា នាង Shin A-Lam នឹង​ត្រូវ​គេ​ផ្តល់​ជូន​នូវ​មេដាយ​ពិ​សេស​មួយ​ដែល​បញ្ជាក់​ពី​ការ​  ប្រ​កួត​ដោយ​យុត្តិ​ធម៌​គោ​រព​ច្បាប់​ក្បួន​។ ​ស្ត្រី​អ្នក​​នាំ​ពាក្យ​សហ​ព័ន្ធ​នេះ​បាន​ថ្លែង​ថា​៖«ពិត​ណាស់​ យើង​​យល់​អំពី​កំ​ហឹង​និង​អា​រម្មណ៍​របស់​អត្ត​ពលិក​​នេះ​ហើយ​ជា​ហេតុ​ដែល​យើង​ផ្តល់​ជូន​នូវ​រង្វាន់​នេះ »។​

ការ​ប្រ​កួត​វិញ្ញាសាចាក់​សាប​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ទី​ក្រុង​ឡុង​ ប្រ​ទេស​អង់​គ្លេស​ កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​Shin A-Lam​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខណៈ​នាង​បដិ​សេធន៍​មិន​ព្រម​ចាក​ចេញ​ពី​ទី​កន្លែង​ប្រ​កួត​បើ​ទោះ​ណា​មាន​ការ​លួង​លោម​ពី​បណ្តា​មន្ត្រី​រៀប​ចំ​ការ​ប្រ​កួត​ក្តី ។​

​ក្រុម​កូ​រ៉េ​បាន​ត​វ៉ា​ថា ការ​កាត់​ក្តី​របស់​អ្នក​ឱ្យ​ពិន្ទុ​មិន​មាន​ភាព​ប្រ​ក្រតី​ជា​ពិ​សេស​នៅ​វិ​នា​ទី​ចុង​ក្រោយ​នៃ​ការ​ប្រ​កួត​ក្នុង​នា​ទី​បន្ថែម ។
យ៉ាង​ណា​ក៏​ដោយ​ ការ​ប្តឹង​ឧទ្ធរណ៍​របស់​កូ​រ៉េ​ខាង​ត្បូង​ត្រូវ​បរា​ជ័យ ហើយ​នាង Shin A-Lam​ទី​បំ​ផុត​ត្រូ​វ​គេ​បញ្ចុះ​បញ្ចូលឱ្យ​ចេញ​ពី​ទី​កន្លែង​  ប្រ​កួត​។ បន្ទាប់​មក​នាង​ក៏​បាន​បាត់​បង់​ឱកាស  ​ប្រ​កួត​ដណ្តើម​យក​មេដាយ​សំ​រឹទ្ធិ​ជា​មួយ​កីឡា​ការិនី​ចិន​ Sun Hujie។
​ប្រ​ធាន​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​កូ​រ៉េ​ខាង​ត្បូង​លោកប៉ាក់ យ៉ុង​ស៊ុន​បាន​ថ្លែង​ថា សហ​ព័ន្ធ​កីឡា​ចាក់​សាប​អន្តរជាតិ​បាន​ផ្តល់​ជូន​នូវ​មេដាយ​បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ថា​មាន​បញ្ហា​គ្រប់​គ្រង​ម៉ោង​ប្រ​កួត​លើ​វិញ្ញាសា​ចាក់​សាប ប៉ុន្តែ​សហ​ព័ន្ធ​នេះ​បាន​និយាយ​ថា ការបរា​ជ័យ​របស់​នាង Shin A-Lamគឺ​ត្រឹម​ត្រូវ​តាម​ក្បួន​ច្បាប់ ។​«ការ​សម្រេចចិត្ត​វា​ច្បាស​ណាស់​គឺ​យោង​​ទៅ​លើ​ច្បាប់​របស់​សហ​ព័ន្ធ​កី​ឡា​ចាក់​សាប​អន្តរជាតិ​ »។

គិត​មក​ដល់​ថ្ងៃ​ពុធ​ទី​១ខែ​សី​ហា​ កូ​រ៉េ​ខាង​ត្បូង​ដណ្តើម​បាន​មេដាយ​សរុប​៨​គ្រឿង​ ក្នុង​នោះ​មាស​៣ ប្រាក់​២ និង​សំរឹទ្ធិ​៣​ស្ថិត​​នៅ​លំ​ដាប់​ទី​៤​បន្ទាប់​ពី​ចិន​ អា​មេរិក​ និង​បា​រាំង ។​ ក្នុង​ចំណោម​មេដាយ​មាស​ទាំង​៣​គ្រឿង ក្រុម​នេះ​(កូ​រ៉េ​ខាង​ត្បូង​ )​ដណ្តើម​បាន​លើ​វិញ្ញាសា បាញ់​ព្រួញយូ​ដូ​និង​បាញ់​កាំ​ភ្លើង ៕