ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេងទំនើង​ប្រយុទ្ធគ្នា​របួស​ធ្ងន់​ម្នាក់​រហូត​ដល់​ស្លាប់​ ខណៈ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​​ ៖ ក្មេងទំនើង​២ក្រុម​ បានជិះ​ម៉ូតូ​ដេញវាយ​ប្រយុទ្ធគ្នា​នៅលើដង​ផ្លូវ ​និង​បណ្តាល​ឱ្យ​​ស្លាប់​បាត់បង់ជីវិត​​​ម្នាក់​​ បន្ទាប់ពី​បញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យបង្អែក​​ខេត្ត​​បាន​បន្តិច​​ ​ដោយ​សារ​​គូ​ទំនាស់​​វាយនឹ​ងដំបង​ត្រូវជាច្រើន​កន្លែង​លើ​ដង​​ខ្លួន​ និង​ក្បាល​ផ្នែក​ខាង​ក្រោ​យ ​​។ ហេតុការណ៍​ដេញវាយ​កាប់​ចាក់​គ្នា​នេះ​ បាន​កើត​ឡើង​​កាល​​ពីវេលាម៉ោង​៨​និង​១៥​នាទីយប់​នៅ​ថ្ងៃ​ទី២៧ កក្កដា​ ​នៅ​​​ចំណុច​ហាង​កា​ហេ្វ​យី​ហោ​កាហ្វេប៉ៃ​លិន​ ​ខាង​លិច​វិមានឯករាជ្យ​ប្រហែល​១៥០​​ម៉ែត្រ ស្ថិត​ក្នុង​​ភូមិប៉ាហ៊ីត្បូង​ សង្កាត់​ប៉ៃ​លិន ក្រុងប៉ៃលិន​។ ​ក្រោ​យ​ពីមាន​អំពើ​ហិង្សា​នេះ​​ សមត្ថ​កិច្ច​បាន​ដេញតាម​ចាប់ឃាត់​ខ្លួនជន​ដៃដល់​ ​​និងអ្នក​ដែល​​ពាក់ព័ន្ធបញ្ជូន​ទៅស្នងការ​ដ្ឋាន​​ខេត្ត ​ឃុំ​ខ​្លួន​ជា​​បណ្តោះ​អាសន្ន ។

ប្រភពព័ត៌​មាន​ឱ្យ​ដឹងថា​ នៅមុន​ពេល​កើត​​ហេតុ​​គេឃើញ​​យុវជន​២ក្រុម​​ជិះម៉ូតូ​តាមផ្លូវជាតិ​ក្នុងទិ​សដៅពីលិច​ទៅកើត ​ដោយ​ពួកគេជិះ​ម៉ូតូ​បណ្តើ​រ ជេរ​គ្នា​បណ្តើរ ​លុះ​មក​ដល​់ចំណុច​ខាង​លើ​​ស្រាប់តែយុវជន​ទាំង​នោះ​​​ឈប់​​ម៉ូតូរួចដេញ​វាយគ្នា ​ក្នុង​នោះ​​​មាន​យុវ​ជន​ម្នាក់​​ទាញយក​ដំបង​​ប៉ុន​កដៃ​​ទៅ​វាយ​ជន​រងគ្រោះត្រូវ​ចំ​ខ្លួនជា​ច្រើន​ដំបង​។ ​​ពេលដែល​ជនរងគ្រោះ​ដួល យុវ​​ជន​ម្នាក់​នេះ​ក៏​​​បាន​វាយ​​​ក្បាល​​ផ្នែក​ខាង​ក្រោយ​​ទៀត បណ្តាលឱ្យ​សន្លប់បាត់​ស្មារតី​នៅនឹងកន្លែង ។​ភ្លាមៗនោះ អ្នក​នៅក្បែរ​កន្លែង​កើត​ហេតុ ​ឃើញ​ក៏​​មក​ជួយ​ដឹកយុវជន​រងគ្រោះទៅ​សង្គ្រោះជា​​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ​តែជា​អកុសល​ ដោយ​ការ​​របួសធ្ងន់​ពេក​ក៏​បាន​ស្លាប់​នៅ​ពេល​មក​ដល់​​មន្ទីរ​ពេទ្យ​បាន​បន្តិច​ ​។

លោក​ឆម វ៉ាន់ធី​ នាយការិយា​ល័យព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់នៃស្នង​ការ​ដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែលត្រូវ​ជនដៃដល់​វាយ​​រហូត​ដល់​រង​របួសធ្ងន់​ និង​ឱ្យស្លាប់​​បាត់​បង់​ជីវិត​នេះ​​ឈ្មោះ​​យិន ធារ៉ា ​អាយុ២១​ឆ្នាំ​ ជា​សិស្ស​​ រស់​នៅភូមិ​បយ៉ា​ខា​ សង្កាត់​បយ៉ា​ខា ក្រុងប៉ៃលិន​​។ ក្រោយ​ពី​កើត​​ហេតុ​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​​បាន​ចំនួន​៣នាក់ គឺ១​-ឈ្មោះ​លឹម ហុងឧត្តម ភេទប្រុស អាយុ​១៥ឆ្នាំ ២-ឈ្មោះ​ផន សុខេត ភេទប្រុស អាយុ​១៦ឆ្នាំ ​ពីរនាក់​​នេះ​​រស់​នៅភូមិ​ប៉ា​ហ៊ី​ត្បូង​ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​៣-ឈ្មោះ​ស្រិុន ​ដាំរ៉ា ហៅដាំ ភេទប្រុស អាយុ១៦​ឆ្នាំ រស់នៅ​ភូមិ​​បឌិននៀវ សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ទាំង​៣​នាក់​​ជា​សិស្ស​​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេព​និម្មិត ។

លោក ង៉ែត សុផល នាយការិយា​ល័យ​ស្រាវ​ជ្រាវ​និងកោសល្យ​វិច័យនៃស្នង​ការដ្ឋាន​ខេត្ត​​​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ស្នាម​​ជាំ​ស្ទើរ​ពេញ​ខ្លួន​ដោយ​​សារជន​ដៃដល់​​វាយ​នឹង​ដំបង ​តែកន្លែង​ដែលធ្ងន់​ជាងគេ​​​គឺ​​​ក្បាល​ផ្នែកខាង​ក្រោយ​ ដោយ​មាន​ស្នាមជាំ​ហើម​ប៉ោង ទើបបណ្តាល​ឲ្យជនរង​គ្រោះស្លាប់​បាត់បង់​ជីវិត​បែបនេះ ។  

ជនសង្ស័យ​ម្នាក់ឈ្មោះ ស្រិុន ដាំរ៉ា​ ហៅដាំ និយាយ​ថា ​ពួកគេទាំង​បីនាក់មិនធ្លាប់​ស្គាល់​​​​​ជន​រងគ្រោះ​​​ទេ​​​ពីមុន​មក​។ នៅមុន​ពេល​កើតហេតុ​ ខ្លួន​បានជូន​មិត្ត​ភក្តិ​​​ទៅផ្ទះ​នៅ​ឯ​ភូមិប​យ៉ាខា លុះ​ពេល​ទៅ​​ជិតដល់​ហើយ​ ​ស្រាប់​​តែ​ជន​រង​គ្រោះ​និង​​មិត្តភក្តិ​គេម្នាក់​​​​ឈ្មោះម៉ូក អាយុប្រហែល​២០ឆ្នាំ ជិះម៉ូតូ​តាម​មក​ពី​ក្រោយ ហើយ​​ឃាត់​​​ឱ​្យ​ឈប់ម៉ូតូ ។ ​ពេល​រូប​គេ​ឈប់ម៉ូតូ ស្រាប់​តែ​​ឈ្មោះ​​ម៉ូក​បាន​វាយ​មួយ​ដៃចំមុខ ដោយ​ចោទ​ថា ​ខ្លួនបាន​ចង្អុល​មុខ​គេ ។ ដោយសារ​​កើត​រឿង​គេ​ស្ទាក់​វាយ​​​បែប​នេះ​ ​ទើបគេ​ទូរស​័ព្ទហៅ​មិត្ត​ភក្តិ​មក​ជាមួយ​​។​ បន្ទាប់​មក​ពួក​គេ​ក៏​ជិះម៉ូតូឌុប​គ្នាចេញពី​កន្លែង​ដែល​គេបាន​វាយ​​ តែក្រោយ​ពី​ចេញ​​មកពួកគេទាំង​ពីរ​នាក់​នោះបាន​ជិះម៉ូតូ​តាម​ពី​ក្រោយ។ ដោយ​ឃើញ​​ដូច្នេះពួកគេ​ក៏ជិះ​ម៉ូតូ​​ចូល​​ទៅក្នុងហាង​កាហ្វេ ដើ​ម្បីឲ្យគេ​ជួយ ​ព្រោះម្ចាស់​ហាងជា​គ្រូ​បង្រៀន​បាល់របស់​​​ដល់​ពួក​គេ ។

ពេល​ចូល​ទៅ​​ក្នុងហាង​​ ខ្លួន​​​បាន​ទាញ​របង​បិទ ដើម្បី​កុំ​ឲ្យ​ពួកគេ​(ជនរង​គ្រោះ)​ ​ចូល​ក្នុង​ហាង តែ​ពួក​គេ​បាន​​យកដុំថ្មគប់​ចូល​ទៅ​ក្នុង​ហា​ង​​​កាហ្វេ​​ជា​ច្រើន​ដុំទើប​ទ្រាំមិន​បានពួកខ្លួន​​ក៏​​ចេញ​មកប្រវាយ​​ប្រតប់គ្នា ​ដោយឈ្មោះ​តៃ ​ម៉ូ នៅ​​ក្នុងហាង​កាហ្វេ​បានវាយ​គ្នាជាមួយ​ជន​រង​គ្រោះ ។សាក្សីនៅ​កន្លែងកើត​ហេតុ​​​​ឲ្យដឹង​ថា មុន​ដំបូង​គេ​ឃើញក្មេងៗ​បីនាក់ជិះ​ម៉ូតូម៉ា​កស្គូពី​​ចូលទៅ​ឈប់​នៅមុខហាង​កាហ្វេ​ ​ហើយពីរ​នាក់​​ទៀត​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​ចូលទៅ​តាមក្រោយ​ និង​ស្រាប់តែ​ឮ​សំឡេង​​ស្រែកជេរ​គ្នា​ខ្លាំងៗ​ថា «បើ​អា​ឯង​ខ្លាំង​ចេញ​មក​ » តែអត់​ឃើញមាន​អ្នកណា​ហ៊ានចេញ​មក​ទេ ​ទើបពួកគេ​ពីរនាក់​នោះ​​រើសដុំ​ថ្មគប់​ចូល​​ទៅ​​ក្នុង​ហា​ងកាហ្វេ ។ បន្ទាប់មក​ ក៏​ឃើញ​​ពួក​​គេ​ចេញ​​​មក​វាយកាប់​ចាក់​គ្នា​នៅ​ខាង​មុខ​ហាង​កាហ្វេ ពេល​នេះ​​ឃើញ​ជនរងគ្រោះ​​ម្នាក់​​ដេក​សន្លប់​នៅ​ចិញ្ចើម​ថ្នល់  ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ មួយ​សន្ទុះ​ទើបមាន​អ្នកជិតខាង​ម្នាក់​​មក​លើក​​ជន​រង​គ្រោះ​យកទៅមន្ទីរពេទ្យ​បង្អែក​ខេត្ត ។

លោក​ឆម វ៉ាន់ធី បានបញ្ចាក់​ថា​ ជនសង្ស័យ​ទាំង​៣នាក់ ​សារភាព​ថា ពិត​ជា​​បានវាយ​គ្នា​ជា​មួយជន​រងគ្រោះ​មែន​ ហើយម្នាក់​ទៀត​ឈ្មោះ​តៃ ម៉ូ​ បានរត់គេច​ខ្លួនបាត់ក្រោយ​ពេល​កើត​ហេតុ​។ ចំណែក​ជន​សង្ស័យ​ទាំង៣នាក់​ប៉ូលិស​បាន​ចាប់ឃាត់ខ្លួន​​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​​​​សា​លា​ដំបូង​នៅ​ល្ងាច​ថ្ងៃ​២៨ កក្កដា  ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធីច្បាប់​ ​៕