ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ចាស់​ពីរ​គូ​ឡើង​សាក​​កម្លាំង​នៅរេញ TV5 ថ្ងៃទី​១៨ មីនា

15 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ នៅ​លើ​សង្វៀន​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ សម្រាប់​​ល្ងាច​ថ្ងៃ​​សុក្រ ទី​១៨ មីនា ខាង​មុខ​នេះ មាន​អ្នក​ប្រដាល់​ជា​ខ្លា​ចាស់​២​គូ ដែល​ត្រូវ​ឡើង​សាក​​កម្លាំង​គ្នាជូន​ទស្សនា ។ ភុំ សារ៉ាយ អ្នក​លេង​​កណ្តាប់​ដៃ​មក​ពី​​ក្លឹប​​អាជ្ញា​ធរ​ជាតិ​អាវុធ​គីមី ​នឹង​ត្រូវ​ប្រកួត​ជា​មួយ​ម៉ៃ សុជាតិ អ្នក​លេង​រន្ទះ​ជើង​មក​ពី​ក្លឹប​​ស៊ី​ម៉ាក់ ។ ​មួយ​​គូ​ទៀត​ជា​ការ​ជួប​ប្រកួត​​រវាង​ ខុន រិទ្ធ មក​ពី​ក្លឹប​​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ប្រាសាទ​​ព្រះវិហារ ត្រូវ​ប្រកួត​ជា​មួយ​យឹម ​ឌៀប ​មក​ពី​ក្លឹប​​ក្រសួង​ការ​ពារ​​ជាតិ​ ។

​រវាង​ភុំ ​សារ៉ាយ និង​ម៉ៃ សុជាតិ ទោះ​បី​ជា​ពួក​គេ​ជា​ខ្លា​ចាស់​ធ្លាប់​មាន​ប្រវត្តិ​ឡើង​សង្វៀន​ច្រើន​ឆ្នាំ​ ប៉ុន្តែ​​មិន​ធ្លាប់​​ជួប​ប្រកួត​គ្នា​ម្តង​ណា​ឡើយ។ ​នេះ​ជា​លើក​ដំបូង​ដែល​អ្នក​ទាំង​ពីរ​ជួប​គ្នា​លើ​សង្វៀន ។ ពី​មុន​ភុំ សារ៉ាយ មាន​ភាព​ល្បី​ល្បាញ​​គ្រាន់​បើ ពិសេស​គឺ​ស្នៀត​​កណ្តាប់​ដៃ​របស់​គេ ធ្វើ​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​​ពី​សំណាក់​​មហា​ជន​ដែល​ស្នេហា​វិស័យ​​កីឡា​ប្រដាល់ ។ សារ៉ាយ មាន​កណ្តាប់​ដៃ​ធ្ងន់ ហើយ​លឿន​រហ័ស​ទៀត​ផង ជា​មួយ​គ្នា​នេះ​ដែរ សារ៉ាយ ក៏​ចូល​ចិត្ត​ប្រើ​ស្នៀត​​ចម្លែកៗ​ផង​ដែរ ​ដូច​ជា​ស្នៀត​សេះ​ហោះ ឬ​ស្នៀត​​​លោត​ទាត់​​ផ្កាប់​ចាន​ជា​ដើម ។ ​មក​ដល់​ពេល​នេះ​សារ៉ាយ​មាន​វ័យ​ចាស់​​ជាង​មុន ទោះ​បី​ជា​គេ​នៅរក្សា​​បាន​នូវ​​វិជ្ជា​​គុន ​តែ​បញ្ហា​​កម្លាំង​មាន​ការ​ថយ​ចុះ​ច្រើន ។ ចំណែក​ម៉ៃ សុជាតិ​វិញ ក៏​មិន​ធម្ម​តា​ដែរ គេ​មាន​ជំនាញ​ប្រើ​រន្ទះ​ជើង និង​ស្នៀត​​កណ្តាប់​ដៃ​ក៏​មិន​ចាញ់​សារ៉ាយ​ប៉ុន្មាន​​ដែរ ។ រវាង​គូ​នេះ ពិត​ជា​​លំបាក​ទស្សន៍​​ទាយ​លទ្ធ​ផល​ទុក​ជា​មុន​​ ព្រោះ​ពួក​គេ​មាន​សមត្ថ​ភាព​ប្រហាក់​ប្រហែល​គ្នា ។

​ចំពោះ​ខុន រិទ្ធ និង​យឹម ឌៀប​វិញ ពួក​គេ​ក៏​មិន​ធ្លាប់​​មាន​ប្រវត្តិ​​ប្រកួត​គ្នា​ពី​​​មុន​មក​​ដែរ ទោះ​បី​ជា​ពួក​គេ​ជា​ជើង​ចាស់​ដូច​គ្នា​ក៏​ដោយ ។ យឹម ឌៀប​ យឺត​បន្តិច​ ប៉ុន្តែ​​កណ្តាប់​ដៃ​និង​រន្ទះ​ជើង​របស់​គេ​ធ្ងន់​ណាស់ នៅ​ពេល​​វាយ​ត្រូវ​គោល​ដៅ​ម្តងៗ​ដៃ​គូ​ប្រាកដ​ជា​ប្រឈម​នឹង​សន្លប់​​មិន​ខាន ។ ចំណែក​ខុន​ រិទ្ធ វាយ​ចេញ​លឿន​ញាប់​តែ​ស្រាលៗ​មិន​ធ្ងន់​​ដូ​ច​យឹម ឌៀប ទេ ។ មជ្ឈ​ដ្ឋាន​អ្នក​ភ្នាល់​លុយ​ក្រៅ​​សង្វៀន​មាន​ជំនឿ​លើ​យឹម​ឌៀប ​ច្រើន​ជាង​សម្រាប់​ការ​ប្រកួត​នេះ ៕
​នៅ​មាន​អ្នក​ប្រដាល់​រលក​ក្រោយ​​ច្រើន​គូ​ទៀត​ដូច​ជា​រឿង​ ភិរុណ មក​ពី​​ក្លឹប​បង្ក្រាប​គ្រឿង​ញៀន​​ ត្រូវ​ប្រកួត​ជា​មួយ​ឡុង ប៊ុន​ហេង ​មក​ពី​ក្លឹប​​សាល​វ័ន្ត​កីឡា​ ។ ឈិន ធារ៉ា មក​ពី​​ក្លឹប​​ប្រដាល់​ស្រុក​​អន្លង់​វែង ត្រូវ​ប្រកួតជា​មួយ​ជា​ ឆៃ​រ៉ាក់ ​មក​ពី​ក្លឹប​​ខេម​រិន្ទ​មាន​ឫទ្ធិ ។ ​រីឯ​ការ​ប្រកួត​ជា​លក្ខណៈ​សាកល​ ​កីឡា​ករ​វ៉ែន ​ឌីយ៉ា​ម៉ង់ ​មក​ពី​ក្លឹប​​​ប៉េអឹម​​ក្រុង​ភ្នំពេញ ​ត្រូវ​ប្រកួត​ជា​មួយ​​ទិត្យ សំរិត មក​ពី​ក្លឹប​​អារុណ​រះ ។

  • ទឹម សាន​ បាត់​មុខ​យូរ​បង្ហាញ​​ខ្លួន​លើ​សង្វៀន​​ជាមួយ​អ៊ុង វីរៈ

រាជធានីភ្នំពេញ​ ៖ ទឹម សាន អ្នក​ប្រដាល់​​ចាស់​វស្សា​​​ក្លឹប​អាស៊ី​កីឡា ដែលបាត់​មុខ​​យូរ​លើក​​នេះ​​ចង់​មកសាក​កម្លាំង​​ជាមួយ​អ៊ុង វីរៈ មកពី​ក្លឹប​កងទ័ព​ឆត្រ​យោង​៩១១ នៅ​លើ​សង្វៀន​ស្ថានីយ ទូរទស្សន៍​​CTN ​នាថ្ងៃ​សៅរ៍ទី​១៩ មីនា ។
វត្ត​មាន​​របស់​ទឹម សាន ​​ធ្វើឱ្យ​​អ្នក​ទស្សនា​​ភាគ​ច្រើន​មានការ​​ភ្ញាក់​ផ្អើល​គ្រប់គ្នា ព្រោះ​មិន​ដឹងថា មូល​​ហេតុ​អី្វនោះទេ​ដែល​បណ្តាល​​ឱ្យ​គេ​​បាត់​មុខ​ពីលើ​សង្វៀន​បែបនេះ​ឬមួយ​ដោយ​សារ​តែ​គេតែង​ជួប​​ការ​បរាជ័យ​ច្រើន​ពេកមើល​ទៅ។ ទឹម សាន ជាអ្នក​ប្រដាល់​ដែល​មាន​​​​ប្រវត្តិ​ឡើង​សង្វៀន​​​​យូរមក​ហើយ​ តែថ្វី​ដៃ​ប្រកួត​និង​ល្បិច​​ប្រយុទ្ធ​នៅលើ​សង្វៀន​​មិន​មាន​​អ្វី​ដែល​អស្ចារ្យ​​​ប៉ុន្មាន​​ឡើយ​។ ​គេអត់ចេះប្រើ​ផ្លែ​កែង​និងជង្គង់​ទាល់​តែ​សោះ​ គឺពូកែ​បាន​តែស្នៀត​​ជើង​និង​ស្នៀត​​កណ្តាប់​ដៃ​បន្តិច​ប៉ុណ្ណោះ​ ហើយ​រាល់​ការ​​វាយ​ចេញ​មិន​ត្រឹម​តែ​មិន​មាន​ភាព​រហ័ស​​រហួន​ទេ ថែមទាំង​​មាន​ភាព​ផ្សងព្រេង​​​ច្រើន​ទៀត​ ។

អ៊ុង វីរៈ ចិត្ត​ហ៊ាន​ កម្លាំង​ខ្លាំង ​កែង​​និងជង្គង់​​របស់​​គេ​អាច​ប្រើ​ការ​​បាន ​តែ​ការ​មក​ប៉ះ​ទឹម សាន លើក​នេះ​គេ​មិន​ហ៊ាន​អះអាង​ពីការ​ចាញ់​​-ឈ្នះ​​ទុក​​មុន​បាន​ឡើយ ។ អ៊ុង វីរៈ អាច​វាយ​​​កៀក​ល្អ​ជាង​ប្រយោល ប៉ុន្តែពិបាក​បន្តិច​ហើយ​បើ​ទោះ​ជា​ទឹម សាន ​អន់​យ៉ាងណា​ក៏​មិន​ងាយ​ផ្តួល​ដែរ ។​ ទឹម សាន ប្រវត្តិ​របស់​គេ​មិនសូវ​ចាញ់​សន្លប់​ទេ​ភាគ​ច្រើន​​​គឺចាញ់​តែពិន្ទុ​ប៉ុណ្ណោះ ដូច្នេះ​វីរៈ​​ក៏​មិន​អាច​ប្រហែស​បាន​ដែរ ។ ជិន រ៉ា មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​ ជួប នួន វិចិត្រ​ មកពី​ក្លឹប​​កីឡា​​ប្រដាល់​​ក្រសួង​​មហាផ្ទៃ​ ។​ អ្នក​​ប្រដាល់​​​ជើង​ថ្មី​វ័យ​ក្មេង​១គូ​នេះ​អត់​ដែល​​​ធ្លាប់​ជួបគ្នា​ពីមុនមក​ឡើយ​  តែល្បិច​​ប្រយុទ្ធ​​និង​ស្នៀត​​របស់​គេ​ទាំង២​​​នាក់​អាច​ស៊ី​សងគ្នា​បាន ។ ជិន រ៉ា ចិត្ត​សឿង​​​ ផ្លែកែង​និង​ជង្គង់​​របស់​គេ​អាច​វាយ​​ចេញ​បាន​រហ័ស​​ ហើយ​ស្នៀត​កណ្តាប់​​ដៃ​ក៏អាច​វាយ​​ចេញ​​​បាន​លឿន​ដែរ ។ ប៉ុន្តែ​​ការ​មកប៉ះ​​វិចិត្រ​​ក៏​​មិន​មែន​ជា​រឿង​ដែល​ងាយ​ស្រួល​នោះទេ វិចិត្រ​​​ ផ្លែ​កែង​​និង​ជង្គង់​​របស់​គេ​មិន​អន់ជាង​​ជិន រ៉ា ប៉ុន្មាន​ឡើយ ទោះបី​ចលនា​​​បម្លាស់​​ទី​របស់​​​គេ​យឺត​យ៉ាវ​​​​បន្តិច​មែន តែ​វិធីការពារ​ខ្លួន​​រឹងមាំ​គួរសម​។​​ វិចិត្រ​និង​​ជិន រ៉ា ​សុទ្ធ​តែ​​បាន​បង្ហាញ​​នូវ​ការ​តាំង​​ចិត្ត​ច្បាស់​​លាស់​ដូចគ្នា​ តែ​ត្រង់​​ថា អ្នក​ណា​​មាន​សំណាង​​យក​ឈ្នះ​​ការ​​ប្រកួត​​លើក​​នេះ​បាន​ឬ​ក៏​អត់​នោះ​នៅមិន​​​ទាន់​ដឹង​ឡើយ ។

អាំង សំអាត​ មកពី​ក្លឹប​​តាព្រហ្ម​​មាន​ជ័យ ​​ជួប​​យុគ យក្សគីល មកពី​ក្លឹប​​ក្រុង​ប៉ោយ​ប៉ែត ។ ពុធ ​ហ៊ុយ ​មកពី​ក្លឹប​ពុទ្ធ​សេរី​វង្ស​ព្រែកតាទែន​ ជួប​នាង ស៊ីណាត មកពី​ក្លឹបខេត្ត​​រតនគិរី ។ ណុប សូដា មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ប្រកួត​ជាលក្ខណៈ​សាក​លជាមួយ​ ថា រ៉ាវី មកពី​ក្លឹប​ឥន្ទ្រី​កីឡា ៕