រាជធានីភ្នំពេញ ៖ រថយន្តហាយប្រ៊ីត ពណ៌ស្ករ មួយគ្រឿង បើកបរដោយយុវជនម្នាក់យ៉ាងលឿនប្រដេញគ្នាជាមួយរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿងទៀតហើយវ៉ារថយន្តបាឡែននោះក៏ជ្រុលចង្កូតទៅបុករថយន្តកូរ៉េ ពណ៌ស ចំណុះ៥តោន មួយគ្រឿង បណ្តាលឱ្យខ្ទេចមួយកំណាត់មុខ ឯរថយន្តហាយប្រ៊ីតក្រពឹតមួយចំហៀងខាងស្តាំ តែមិនបណ្តាលនរណាម្នាក់រងរបួសទេ កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី៣១ កក្កដា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខខ្លោងទ្វារវត្តសំរោងអណ្តែត។
អ្នកបើករថយន្តកូរ៉េពណ៌សឈ្មោះ កែវ សំអៀត អាយុ៣១៩ឆ្នាំ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ឯយុវជន បើករថយន្តហាយប្រ៊ីត ពណ៌ស្ករ ឈ្មោះ រ័ត្ន មុនី្ន អាយុ១៩ឆ្នាំ ជានិស្សិតស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ជើងគោក ខណ្ឌសែនសុខ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរថយន្តហាយប្រ៊ីតបើកបរដោយយុវជនស្ទាវម្នាក់ឈ្មោះ រ័ត្ន មុន្នី បើកយ៉ាងលឿនប្រដេញគ្នាជាមួយរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿងទៀត ក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវភ្នំពេញ-ហាណូយ ស្រាប់តែមកដល់ចំណុចកើតហេតុមុខខ្លោងទ្វារវត្តសំរោងអណ្តែត បានព្យាយាមបើកវ៉ារថយន្តកាមរីបាឡែននោះក៏ជ្រុលចង្កូតទៅបុករថយន្តកូរ៉េពណ៌សដែលបើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យរថយន្តកូរ៉េ រងការខូចខាតមួយកំណាត់ខាងមុខ ឯរថយន្តហាយប្រ៊ីតនោះក្រពឹតមួយចំហៀងខាងស្តាំបើកទៅមុខលែងរួច ។
លោក ស៊ិន សុវណ្ណ បញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសទេ ។ ក្រោយពេលកើតហេតុ ប៉ូលិសចរាចរបានវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីដោះស្រាយ ៕



ចែករំលែកព័តមាននេះ