ខេត្តកោះកុង ៖ យុវជន២នាក់រងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម ឌុបគ្នាមកពីមុជទឹកលេងត្រូវរថយន្តតាក់ស៊ីម៉ាកកាមរីឆ្លាម ពណ៌ស បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៣០ កក្កដា ត្រង់ចំណុចភូមិសិលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់ឱ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ប៊ុន ចាន់ អាយុ២០ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិខ្នង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង រងរបួសបាក់ជើងឆ្វេងពីរកំណាត់ និងម្នាក់ទៀតឈ្មោះ អ៊ុល ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិអន្ទង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រងរបួសបាក់ជើងស្តាំនិងបាក់ដៃឆ្វេង ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូវ៉េវអាល់ហ្វា ពណ៌ក្រហម ឌុបគ្នាទៅមុជទឹកេលងនៅឯវត្តសិលាម្នាង លុះពេលជិះម៉ូតូត្រឡប់មកវិញក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តតាក់ស៊ីម៉ាកកាមរីឆ្លាម ពណ៌ស មានដឹកអ្នកដំណើរ៦នាក់ បើកមកពីខេត្តកោះកុង ក្នុងទិស ដៅបញ្រ្ចាសគ្នា ខណៈមកដល់ចំណុចកើតេហតុជាផ្លូវចំណោតក៏ត្រូវរថយន្តបុកចំពីមុខពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង ។ ដោយឡែកអ្នកជិះក្នុងរថយន្តមិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈនៅឯរាជធានីភ្នំពេញ ។ មូ៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយ ៕
ចែករំលែកព័តមាននេះ