ខេត្តព្រះសីហនុ ៖ កំណាត់ផ្លូវពីរខ្សែ គឺចាប់ពីក្រុងព្រះសីហនុទៅស្រុកស្ទឹងហាវ ដែលជាតិរៈ វិថីសម្តេច ហ៊ុន សែន និងពីស្រុកស្ទឹងហាវទៅដល់ផ្លូវជាតិលេខ៤ ដែលជាផ្លូវសម្តេចសង្ឃរាជទេព វង្ស បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តធុនធ្ងន់ដឹកលើសចំណុះជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ទើបបង្កឱ្យមានការខូចខាតធ្ងន់ធ្ងន់ ។
ទាក់ទិនទៅនឹងការខូចខាតផ្លូវជាច្រើនកន្លែងនេះ មតិជាច្រើនបានបញ្ចេញទស្សនៈដូចគ្នាៗថា មូលហេតុដែលរថយន្តធុនធ្ងន់បើកកាត់ផ្លូវនេះ គឺដោយសារទី ១-រួចលុយបង់ជញ្ជីងដែលមានចំនួន៣កន្លែងនៅតាមដងផ្លូវជាតិលេខ៤ និងទី២-គឺរថយន្តអាចដឹកទំនិញស្រេចតែចិត្តឱ្យតែរថយន្តដឹករួច ព្រោះគ្មានជញ្ជីងថ្លឹងទម្ងន់តាមផ្លូវនោះទេ។ តាមប្រភពដដែលបន្តថា ដោយសារបញ្ហានេះហើយធ្វើឱ្យអ្នកបើកបររថយន្តភាគទៅ១៤០ដុល្លារ រឿងអីថាមិនគេច ចង់ខូចអីខូចទៅ ។
គួរបញ្ជាក់ផងដែរថា ផ្លូវដែលរថយន្តដឹកទំនិញបើកគេចក្រុមជញ្ជីងនោះ គឺឆ្លងកាត់តាមតិរៈវិថីសម្តេច ហ៊ុន សែន ឆ្លងកាត់ស្រុកស្ទឹងហាវ ផ្លូវសម្តេចព្រះសង្ឃរាជ ទេព វង្ស និងបន្តចាក់តាមផ្លូវជាតិលេខ៣ ពីផ្សារវាលរេញទៅកាន់ទីរួមខេត្តកំពត និងឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី៣១ កក្កដា ថា កំណាត់ផ្លូវទាំងនេះគឺមានការខូចខាតយ៉ាងដំណំមែន ប៉ុន្តែឥឡូវកំណាត់ផ្លូវមួយខ្សែរបស់សម្តេចសង្ឃរាជទេព វង្ស ត្រូវបានជួសជុលជាបណ្តោះអាសន្នបណ្តើរៗហើយ និងបន្តទៅជួសជុលនៅរដូវរំហើយខាងមុខនេះ ។
ឯកំណាត់តិរៈវិថីសម្តេចហ៊ុន សែន ត្រង់ចំណុចទំនប់រលកមានការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ដោយសារតែខាងមន្ទីរពុំមានគម្រោងជួសជុល ព្រោះចំណុចនេះជាតំបន់អភិវឌ្ឍន៍របស់កំពង់ផែ តែនៅពេលនេះខាងមន្ទីរបានធ្វើគម្រោងជួសជុលហើយ ឯការជួសជុលនៅពេលណានោះលោកមិនទាន់ដឹងទេ ព្រោះរងចាំខាងក្រសួងទម្លាក់ថវិកាឱ្យសិន ៕




ចែករំលែកព័តមាននេះ