ខេត្តកំពត ៖ បុរសម្នាក់ផឹកស្រវឹងជោគជាំ រួចដើរទៅដេកកណ្តាលថ្នល់ត្រូវរថយន្តធុនតូចមិនស្គាល់ម៉ាកបើកកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣០ កក្កដា លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ត្រង់ចំណុចចន្លោះភូមិដំណាក់អំពិល និងភូមិបើន ឃុំល្អាង ស្រុកដងទុង ។ ជនរងគ្រោះឈ្មោះយិន យន អាយុ៤៨ឆ្នាំ មានទីលំនៅភូមិល្អាង ឃុំល្អាង ស្រុកដងទុង ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសនេះស្រវឹង ហើយដើរទៅដេកកណ្តាលថ្នល់ ពេលនោះមានយុវជនម្នាក់ទៅដាស់ឱ្យបុរសនោះងើបចេញពីថ្នល់ ប៉ុន្តែបុរសនោះមិនព្រមក្រោកទេ ថែមទាំងជេរគេទៀត ហើយយុវជននោះក៏ដើរចេញបាត់ទៅ ។ មួយសន្ទុះក្រោយមកមានរថយន្តធុនតូចមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនពីកើតទៅលិច បានកិនបុរសនោះស្លាប់នៅនឹងកន្លែងតែម្តង ។ក្រោយពេលកើតហេតុ រថយន្តនោះបានបន្ថែមល្បឿនគេចបាត់ស្រមោល រីឯសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ