យោងទៅតាមប្រភពព័ត៌មានកូរ៉េ ឆូស៊ុន ចេញផ្សាយកាលពីថ្ងៃអង្គារទី៣១ កក្កដា ឆ្នាំ២០១២ បានឱ្យដឹងថា នាង Hwa Young សមាជិកក្រុមតារាចម្រៀងកូរ៉េ T-ara ត្រូវបានម្ចាស់ផលិតកម្មបណ្តេញចេញពីក្រុម បន្ទាប់ពីកើតមានរឿងអាស្រូវ ។
តារាចម្រៀងវ័យ១៩ឆ្នាំ រងការចោទប្រកាន់ថា បានប្រើពាក្យសំដីមិនសមរម្យដាក់មិត្តរួមក្រុម ព្រមទាំងអ្នកដឹកនាំក្រុមផងដែរ ។ សមាជិក៥រូបផ្សេងទៀតបានចោទប្រកាន់នាង Hwa Young ថា បានធ្វើឱ្យការសម្តែងប្រព្រឹត្តទៅមិនបានល្អ ពោលគឺនាងជាមនុស្សខ្វះឆន្ទៈមិនជួយជំរុញឱ្យការសម្តែងឆ្ពោះទៅរកភាពជោគជ័យ ។
បន្ទាប់ពីមានការកើនឡើងនៃការរិះគន់ចំពោះទង្វើអវិជ្ជមានរបស់នាង ម្ចាស់ផលិតកម្ម CCM បានសម្រេចលុបកុងត្រាជាមួយនាងតែម្តង ។ ស្ថាបនិកក្រុម T-ara បានចោទប្រកាន់នាង Hwa Young ពីបទបដិសេធមិនឡើងសម្តែងនៅនាទីចុងក្រោយដែលធ្វើឱ្យសមាជិកក្រុមបង្ខំចិត្តត្រូវហាត់សមច្រៀងបារ៉ូលរែបរបស់នាងក្នុងរយៈពេលខ្លី ដែលបណ្តាលឱ្យសមាជិកក្រុមការច្រៀងខុសបទតែម្តង ។
ចំណែកឯលោក Kim Kwany Soo នាយកប្រតិបត្តិបាននិយាយថា ការបែកបាក់គ្នា គឺជារឿងធម្មតាសម្រាប់ក្រុមចម្រៀង ។ ដោយសារតែនៅមានមនោសញ្ចេតនាជាមួយនាង លោកបាននិយាយការពារថា តាមពិតទៅ វាពុំមែនជាកំហុសរបស់ Hwa Young តែម្នាក់ឯងនោះទេ៕






ចែករំលែកព័តមាននេះ