រាជធានីភ្នំពេញ ៖ នៅទីបំផុតក្រុមហ៊ុនសាន់ដេបានចាប់ផ្តើមដំណើរការថតរឿងទី ៣ របស់ខ្លួនទៅតាមការគ្រោងទុក ទោះបីជាមិនមានវត្តមានពីតារាចម្រៀងដ៏ល្បីល្បាញសុខ ពិសី ក្នុងខ្សែភាពយន្តនោះក៏ដោយ ។
តាមពិតតាមការគ្រោងទុករបស់ក្រុមហ៊ុន សុខ ពិសី នឹងត្រូវទទួលតំណែងជាតួឯកជាថ្មីម្តងទៀតដោយចាប់ដៃគូជាមួយតារាចម្រៀងខេមរៈ សិរីមន្ត ដដែល បន្ទាប់ពីខ្សែភាពយន្តរឿងព្រាយដែកគោល ដែលបានចាក់បញ្ចាំងនាពេលកន្លងមកនេះទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកទស្សនា ។
ការបាត់បង់តំណែងជាតួឯករបស់តារាចម្រៀងសាច់សខ្ចីរូបនេះ ក្រោយពេលមានព័ត៌មានថា នាងបានចេញទៅរៀនជំនាញកែសម្ផស្សនៅសាំងហ្គាពួររយៈពេល៣ខែធ្វើឱ្យតំណែងតួឯកក្នុងភាពយន្តទី៣ របស់នាងត្រូវធ្លាក់ទៅលើតារាចម្រៀងចំណូលថ្មី សុខ ស្រីនាង ។
ក្នុងពិធីក្រុងពាលីមុននឹងចាប់ផ្តើមថតខ្សែភាពយន្តទី៣ របស់ផលិតកម្មសាន់ដេមានចំណងជើងថា វិញ្ញាណបិសាចជញ្ជក់ឈាមដែលចាប់បញ្ចាំងនាពេលថ្មីៗនេះ គេឃើញមានវត្តមានតារាចម្រៀងទាំងអស់ក្នុងផលិតកម្មសាន់ដេ ជាងនេះទៅទៀតក៏មានវត្តមានតារាចម្រៀងចំណូលថ្មី លោកឆាយ វីរៈយុទ្ធ និងលោកហេង ពិទូ ផងដែរ ។ អ្វីជាការចាប់អារម្មណ៍នោះ គឺមិនឃើញមានវត្តមានរបស់សុខ ពិសី ជាហេតុធ្វើឱ្យគេយល់ថា តារាចម្រៀងរូបនេះមិនមានតំណែងជាតួអង្គណាមួយក្នុងខ្សែភាពយន្តនេះឡើយ បន្ទាប់ពីនាងបាត់មុខពីសិល្បៈមួយរយៈក្រោមពាក្យចចាមអារ៉ាមជាច្រើននោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ