ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​រាជ​ធានី​បំភ្លឺ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ថា សមត្ថ​កិច្ច​​ទារ​ប្រាក់​ពី​ជន​រងគ្រោះ​​ក្នុង​​ករណី​អគ្គិ​ភ័យ​នៅ​សង្កាត់​ទួល​សង្កែ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៣១ កក្កដា ២០១២ ​បាន​ចេញ​សេច​ក្តី​​ប្រកាស​ព័ត៌​មាន​មួយ​ជា​​ការ​ឆ្លើយ​តប​​​នឹង​ការ​លើក​ឡើង​របស់​​ជន​មួយ​ចំនួន​ដែល​បាន​អះ​អាង​ថា «សមត្ថ​កិច្ច​មិន​បាន​បំពេញ​តួ​នាទីរបស់​ខ្លួន បែរ​ជា​​ទារ​ប្រាក់​ដោយ​មិន​បាន​​បាញ់​ទឹក​​ពន្លត់​អគ្គិ​ភ័យ​ និង​បាញ់​​ទឹក​ដែល​ផ្ទះ​ឱ្យ​លុយ​​ប៉ុណ្ណោះ» ។ ការ​រិះ​គន់​គ្មាន​មូល​ដ្ឋាន​នេះ​គឺ​ពុំមែន​​ចេតនា​​ល្អ​ក្នុង​ការ​រិះ​រក​ភាព​រីក​ចម្រើន​ឡើយ។

សាលា​រាជធានីភ្នំពេញ ​សូម​ជម្រាប​ជូន​ដំណឹង​ដល់​សាធារណ​ជន​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ​ឱ្យ​បាន​ជ្រាប​ថា កាល​ពីថ្ងៃទី​២៣ កក្កដា ២០១២ ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀលមាន​ករណី​​អគ្គិ​ភ័យ​មួយបាន​កើតឡើង​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ ​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​​សមត្ថ​កិច្ច​​ការិយា​ល័យ​​នគរបាល​បង្កា និង​​ពន្លត់​អគ្គិ​ភ័យ​​នៃ​ស្នង​ការដ្ឋាន​​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​ខិត​ខំ​​ធ្វើ​ការ​អស់​ពី​សមត្ថ​ភាព​ជួយ​ទប់​ស្កាត់​កុំ​ឱ្យ​​​​ឆេះ​​រាល​ដាល និង​ពន្លត់​អគ្គិ​​ភ័យ​​ដែល​កំពុង​ឆាប​ឆេះ​ ព្រម​ទាំង​ខិត​ខំ​អំពាវ​នាវ​ទៅ​អង្គ​ភាព​ដែល​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ឱ្យ​មក​ជួយ​ចូល​រួម​អន្តរា​គមន៍​​បាញ់​ទឹក​ទាន់​​ពេល​វេលា​។

​សាលា​រាជធានី​ភ្នំពេញ​បន្តថា ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ដែល​ចូល​រួម​បាញ់​ទឹក​ពន្លត់​​នៅ​ពេល​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​​អន្តរ​ជាតិ ​រថយន្ត​អគ្គិភ័យ​​​របស់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ រថយន្ត​ពន្លត​់​អគ្គិ​​ភ័យ​​របស់​ក្រសួង​​មហា​ផ្ទៃ​ និង​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​​របស់​ខេត្ត​កណ្តាល។ ​បើ​គ្មាន​​ការ​ខិត​ខំបែប​នេះ​ទេ ប្រហែល​ជា​អគ្គិភ័យ​​មិន​អាច​បញ្ចប់​ក្នុង​ពេល​ពីរ​ម៉ោង​បន្ទាប់ ហើយ​ភាព​អន្តរាយ​​ផ្ទះ​សម្បែង​ និង​ទ្រព្យ​សម្បត្តិ​មិន​មាន​ទំហំ​ប៉ុន​នេះ​ទេ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕