រាជធានីភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១ សីហា ២០១២ ក្នុងចំណោមប្រទេសចំនួន៣៤ ដែលទទួលបានមេដាយពីការប្រកួតកីឡាអូឡំាពិកក្នុងទីក្រុងប្រទេសអង់គ្លេសនោះ ប្រទេសចិន នៅតែបន្តនំាមុខគេ ដោយទទួលបានមេដាយសរុប២៣គ្រឿង ក្នុងនោះមេដាយមាស១៣គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធិ៤គ្រឿង ។
លំដាប់ទី២ គឺសហរដ្ឋអាមេរិកបានមេដាយសរុប២៣គ្រឿងដែរ ប៉ុន្តែចាញ់ចំនួនមេដាយមាសរបស់ចិន ដោយទទួលបានមាស៩ ប្រាក់៨ និងសំរិទ្ធិ៦ ។ លំដាប់លេខ៣ គឺប្រទេសបារំាងបានមេដាយសរុប១១គ្រឿង ក្នុងនោះបានទទួលមេដាយមាស៣គ្រឿង ។ ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់លេខ៤ បានមេដាយសរុប៨ ក្នុងនោះទទួលបានមេដាយមាស៣គ្រឿង ។
ប្រទេសកូរ៉េខាងជើងនៅលំដាប់ទី៥ បន្ទាប់មកប្រទេសកាហ្សាក់ស្តង់ទី៦ អុីតាលីធ្លាក់មកនៅទី៧ អាល្លឺម៉ង់ទី៨ ប្រទេសរុស្ស៊ីទី៩ និងទី១០ប្រទេសអាហ្វ្រិកខាងត្បូង ។ រីឯប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនោះវិញ ឈរនៅលំដាប់ទី២១ ដោយទទួលបានមេដាយ៤គ្រឿង គឺ ប្រាក់២ និងសំរឹទ្ធិ ២ ។
ចំណែកប្រទេសទំាង១០នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេសឥណ្ឌូណេស៊ី និងថៃទេ ដែលទទួលបានមេដាយ ដោយប្រទេសឥណ្ឌូណេស៊ីទទួលបានមេដាយចំនួន២គ្រឿង គឺប្រាក់១ សំរឹទ្ធិ១លើវិញ្ញាសាលើកទម្ងន់។ ចំណែកប្រទេសថៃ ទទួលបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលើកទម្ងន់ផងដែរ ។ ចំណែកកីឡាករកម្ពុជាឈ្មោហែម ថុន ពន្លឺ នឹងត្រូវប្រកួតលើវិញ្ញាសារហែលទឹករបៀបសេរី ចម្ងាយ៥០ម៉ែត្រ នៅថ្ងៃទី០២ សីហា ២០១២ ៕



ចែករំលែកព័តមាននេះ