សារព័ត៌មានបរទេសបានបង្ហាញរូបភាពរណ្តៅចម្លែកនៅកណ្តាលវាលខ្សាច់ក្នុងប្រទេសតួកម៉េនីស្ថាន ខណៈពេលបានទទួលរហស្សនាមថា«ទ្វារឆ្ពោះទៅឋាននរក»ព្រោះនៅក្នុងរណ្តៅឆាបឆេះដោយភ្លើងរហូតដល់ពេលបច្ចុប្បន្ន ។ នៅពេលប្រទះឃើញជាលើកដំបូងប្រហែលជាគិតថា វាជាឈុតឆាកគួរឱ្យភ្ញាក់ផ្អើលរបស់ខ្សែភាពយន្តរឿងព្រេង ប៉ុន្តែរណ្តៅភ្លើងដ៏ធំនេះត្រូវប្រទះឃើញក្នុងវាលខ្សាច់«ខារ៉ាខាំ» ក្បែរទីក្រុងដាវ៉ាស់ ជារដ្ឋធានីដ៏តូចមួយនៅប្រទេសតួកមេនីស្ថាន ។
គេប្រទះឃើញរណ្តៅភ្លើងនោះដោយចៃដន្យពីការជីកឧស្ម័នកាលពី៤០ឆ្នាំមុន ។ រណ្តៅយក្សគួរឱ្យភ័យខ្លាចនោះ ត្រូវប្រទះឃើញដោយក្រុមអ្នកធរណីវិទ្យារបស់សូវៀតក្នុងឆ្នាំ១៩៧១ ។ ពេលពួកគេជីកដីបានជួបនឹងរូងពោរពេញដោយឧស្ម័នធម្មជាតិ ប៉ុន្តែបរិវេណជុំវិញកន្លែងជីកបានបាក់ធ្លាក់ ទើបកើតជារណ្តៅធំ ដោយមានអង្កត់ផ្ចិត៧០ម៉ែត្រ ។
ដោយសារតែមានការភ័យខ្លាចថា វាអាចបញ្ចេញឧស្ម័នបង្កគ្រោះថ្នាក់ដល់មនុស្ស ពួកគេក៏សម្រេចចិត្តដុតឧស្ម័នធម្មជាតិក្នុងរណ្តៅនេះចោល ដោយគិតថាចំណាយពេលប្រហែល៤ឬ៥ថ្ងៃវានឹងរលត់ ប៉ុន្តែធាតុពិតភ្លើងក្នុងរណ្តៅបែរជានៅឆាបឆេះរហូតដល់ពេលបច្ចុប្បន្ន ឬជាង៤០ឆ្នាំ។ ភ្លើងដែលឆាបឆេះបានចាំងរំលេចជាពណ៌មាស អាចមើលឃើញក្នុងរយៈចម្ងាយជាច្រើនគីឡូម៉ែត្រនៅជុំវិញក្រុងដាវ៉ាស់ ជាដែនដីមានប្រជាជនរស់នៅប្រហែល៣៥០នាក់ និងឆ្ងាយពីក្រុងអាហ្គាបាត រដ្ឋធានីនៃប្រទេសតួកម៉េនីស្ថាន ប្រហែល២៦០គីឡូម៉ែត្រ ។
កាលពីខែមេសាឆ្នាំ២០១០ លោកប្រធានាធិបតីហ្គូបានហ្គូលី បឺឌីមូកាដូហ្វ បានធ្វើដំណើរទៅកាន់តំបន់នោះ និងចេញបញ្ជាឱ្យបិទរណ្តៅ ប៉ុន្តែបច្ចុប្បន្ននៅមិនទាន់កើតឡើង ខណៈពេលប្រជាជនក្នុងតំបន់ហៅវាថា «ទ្វារឆ្ពោះទៅឋាននរក»៕






ចែករំលែកព័តមាននេះ