ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកយ​តារា​កំប្លែង​​ថ្មី​ប្រឹង​រះ​ប្រាថ្នា​ស្នង​​តំណែង​ឪពុកនាយកុយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ​​​​ ៖ ដោយ​សារ​តែ​វ័យ​កាន់​តែចាស់​នោះ តារា​កំប្លែង​ចាស់​វស្សា​ និង​ល្បី​ល្បាញ​ក្នុង​ប្រទេស​កម្ពុជា​នាយ​កុយ​ បាន​អូស​ទាញ​កូន​ប្រុស​ឱ្យ​មក​ចូល​រួម​ក្នុង​អាជីព​កំប្លែង​ដើម្បី​​ស្នង​តំណែង​ ដោយ​ដាក់​ងារ​ឱ្យ​ថា «នាយ​កយ» ។ អ្នក​​កំប្លែង​​ថ្មី​​នេះ​​លេច​មុខ​​ប្រហែល​មួយ​ខែ​ហើយ​ ។

កន្លង​មក​នាយ​កុយ​ធ្លាប់​​អះ​អាង​ថា​ ​ចង់​ឱ្យ​នាយ​កយចាប់​យក​​មុខ​របរ​រក​ស៊ី​ឱ្យ​បាន​គ្រាន់​បើ​នឹង​គេ​សិន​ចាំ​ឱ្យ​ចូល​សម្ដែងសិល្បៈ​​ ។ ​ពេល​នេះ​លោក​គិត​ថា វា​ជា​វេលា​មួយសមស្រប​​សម្រាប់​ឱ្យ​នាយ​កយចូល​​ប្រឡូក​ក្នុងវិស័យ​​សិល្បៈ​ហើយ។ នាយ​កុយ​មាន​ជំនឿ​ថា​ការ​សម្តែង​របស់​កូន​ប្រុស​ទី​២​របស់​លោក​នេះ​នឹង​អាច​ធ្វើ​បាន​ល្អ​នា​ពេល​ខាង​មុខ​ ដោយ​សារ​រូប​គេ​មាន​ទេព​កោសល្យ​​ស្រាប់​ និង​មាន​ចំណង់​ចំណូល​ចិត្ត​ ពិសេស​​គឺ​មាន​លោក​ជា​អ្នក​បង្ហាត់​បង្ហាញ ។

នាយ​កុយ​បន្ថែម​ថា​ដោយ​សារ​បច្ចុប្បន្ន​ក្រុម​កំប្លែង​របស់​លោក​កាន់​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ និង​បាន​បង្ហាញ​មុខ​ស្ទើរ​គ្រប់​បុស្តិ៍ទូរ​ទស្សន៍ ​ហេតុនេះលោក​ក៏​បន្ថែម​សមាជិក​ជា​កូន​ប្រុស​របស់​លោក​តែ​ម្តង ។ ​លោក​គិត​ថា​ កូន​របស់​លោក​គឺ​អាច​មាន​ពេល​គ្រប់​គ្រាន់​ និង​សក្តិ​​សម​សម្រាប់​ឱ្យ​គេ​ចាប់​យក​អាជីព​កំប្លែង​នេះ និង​អាច​ជំនួស​តំណែង​លោក​ខណៈ​ពេល​ដែល​អាយុ​របស់​លោក​កាន់​ច្រើន ។

នាយកយ គឺ​ជា​តា​រា​កំប្លែ​ង​ចំណូល​ថ្មី បើ​ទោះ​បី​ជា​ការ​សម្តែង​របស់​លោក​ហាក់​មាន​ការ​ចន្លោះ​ប្រហោង​ច្រើន​បន្តិច​មែន តែ​តារា កំប្លែង​រូប​នេះ​កំពុង​តែ​ប្រឹង​ប្រែងក​​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​កំប្លែង​ដើម្បី​ដើរ​តាម​គន្លង​ឪពុក​ដែល​ជា​តារា​កំប្លែង​ដ៏​ល្បី​ល្បាញ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​នាយ​កុយ ។ នាយកយ ជា​ឈ្មោះ​ដែល​ឪពុក​របស់​លោក​ដាក់​សម្រាប់​​អាជីព​​កំប្លែង​ ប៉ុន្តែ​ឈ្មោះ​ពិត​នោះ​គឺ ជី គឹមលី ​​អាយុ​៣២​ឆ្នាំ និង​បាន​រៀប​អាពាហ៍​ពិពាហ៍​រួច​ហើយ​នៅ​ឆ្នាំ២០០៣​  និង​​មាន​កូន​២​នាក់​ ។

ក្នុង​ការ​ចាប់​យក​អាជីព​កំប្លែង​ជា​លើក​ដំបូង​នេះ​​នាយកយ គិត​ថា​ វា​​ជា​ឱកាស​មួយ​ដែល​ត្រូវ​ចាប់​យក​ឱ្យ​បាន​ព្រោះ​កន្លង​មក​លោក​មិន​ដែល​មាន​ឱ​កាស​​បាន​ចូល​សម្តែង​កំប្លែង​​ឡើយ ​ដោយ​សារ​តែ​ឪពុក​របស់​លោក​គឺ​នាយ​កុយ​មិន​ទាន់​ផ្តល់​ឱកាស​ គឺ​ឱ្យ​លោក​គិត​គូរ​​រឿង​​មុខ​របរ​រកស៊ី​សិន ។

តារា​កំប្លែងថ្មី​នេះ​ឱ្យ​ដឹងនា​ពេល​ថ្មីៗ​នេះ​​ថា  តាម​ពិត​ទៅ​លោក​មាន​និស្ស័យ​ខាង​ផ្នែក​សិល្បៈ​នេះ​តាំង​ពី​តូច​មក​ម៉្លេះ ពោល​គឺ​ពេល​ដែល​​លោក​មាន​អាយុ​ប្រហែល​១៥​ឆ្នាំ​ ដោយ​លោក​ធ្លាប់​បាន​ហាត់​រៀន​រាំ​តាម​បែប​ប្រពៃណី​ខ្មែរ​នៅ​សាលា​សន្ធរ​មុ៉ក ​ហើយ​​លោក​ក៏​ជា​អ្នក​សិល្បៈ​ប្រចាំ​សាលា​ផងដែរ ។ ជារឿយៗ​ពេល​​លោក​នៅ​ពី​ក្មេង​នោះ​​តែង​តែ​ធ្វើ​ត្រាប់​តាម​កាយ​វិការ​​កំប្លែង​របស់​ឪពុក​លោក​ជា​មួយ​ក្មេងៗ​ដទៃ​ទៀត​ ជា​មួយ​ក្តី​រំពឹង​ទុក​ថា​ថ្ងៃ​ណា​មួយ​លោក​នឹង​អាច​ក្លាយ​ជា​អ្នក​កំប្លែង​ម្នាក់​ដូច​ជា​ឪពុក​របស់​លោក​ដែរ ។

លោក គឹមលី ​បន្តថា ដោយ​សារ​តែ​ឪពុក​របស់​លោក​បាន​ប្រគល់​ការងារ​ផ្សេង​ គឺ​កាន់​កាប់​ឧបករណ៍​ភ្លេង​ដើម្បី​ឱ្យ​លោក​ជួយ​មើល​ការ​ខុស​ត្រូវ​នោះ​ទើប​ធ្វើ​ឱ្យ​លោក​មាន​ការ​មមា​ញឹក​ខ្លាំង​ក្នុង​កិច្ចការ​ងារ​នេះ​ដោយ​មិន​មាន​ពេល​ចូល​រួម​សម្តែង​ក្នុង​ក្រុម​កំប្លែង​របស់​ឪ​ពុកលោក ទើប​តែ​ពេល​នេះ​ឪពុក​របស់​លោក​បាន​ផ្តល់​ឱកាស ​និង​មាន​ការ​ជួយ​ជំរុញ​ពី​ក្រុម​គ្រួសារ​ផង​នោះ​ ទើប​លោក​អាច​ឈាន​ជើង​ចូល​កំប្លែង​ជា​លើក​ដំបូង​នេះ​ ។

ការ​ចាប់​អាជីព​កំប្លែង​ថ្មី​នេះ​លោក​ទទួល​ស្គាល់​ថា​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ព្រោះ​​​លោក​កំពុង​តែ​ហាត់​រៀន​នៅ​ឡើយ ។ ​ទោះ​ជា​យ៉ាង​ណាក្តី​​លោក​នឹង​ខំ​ព្យាយាម​ប្រឹង​ប្រែង​បន្ថែម​ទៀត ស្រប​ពេល​ដែល​លោក​កំពុងទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ និង​ជួយ​បង្ហាត់​បង្រៀន​ពី​ឪពុក​របស់​លោក និង​តារា​កំប្លែង​រួម​ក្រុម​ដូចជា  នាយហុងដា នាងគ្រត​ នាង​ប្រិម​​ប្រិយ និង​នាយ​ក្រិនជា​ដើម ។
នៅ​ពេល​​សួរ​ថា​តើ​មាន​ការ​ពិបាក​ទេ​ពេល​​ត្រូវ​មក​សម្តែង​ជាមួយ​ឪពុក​ ហើយ​ឈុត​ខ្លះ​ត្រូវ​ហៅ​ឪពុក​ថា «អាកុយ» ពេញៗ​មាត់​នោះ ?​ នាយ​កយ​​ឆ្លើយ​ថា តាម​ពិត​ទៅ​ត្រង់​ចំណុច​នេះ​លោក​ក៏​មាន​ការ​លំបាក​ដែរ​ ព្រោះ​លោក​មិន​ធ្លាប់​ គឺ​នៅ​តែ​អៀន​មាត់​នៅ​ពេល​​​លោក​ត្រូវ​ហៅ​ឪពុក​ថា «អា» ទៅ​តាម​សាច់​រឿង​នោះ ។ ទោះ​ជា​យ៉ាង​ណាក្តី​​លោក​នៅ​តែ​ព្យា​យាម​សម្តែង​ឱ្យ​បាន​ល្អ​ព្រោះ​នេះ​ជា​សិល្បៈ​ប៉ុណ្ណោះ មិន​មែន​ជា​​រឿង​ពិត​ឡើយ ។

នាយកយ​បញ្ជាក់​ថា «ជា​ធម្មតា​យើង​ជា​អ្នក​សិល្បៈ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​គេ​ពេញ​ចិត្ត និង​សើច​សប្បាយ​ បើ​យើង​តាំង​ចិត្ត​ថា នៅ​តែ​មិន​ហ៊ាន​នោះ​គឺ​យើង​សម្តែង​ទៅ​មិន​កើត​ទេ ហើយ​អ្នក​ទស្សនា​ក៏​គេ​មិន​ចូល​ចិត្ត​យើងដែរ។ ម្យ៉ាង​ទៀត​ពេល​ដែល​ត្រូវ​ឡើង​សម្តែង​ម្តងៗ​នោះ​គឺឪពុក​​តែង​តែ​ជួយ​ប្រាប់​រហូត​ថា ពេល​​សម្តែង​ត្រូវ​និយាយ​ឱ្យ​ម៉ាត់​ៗ​ កុំ​ស្ទាក់​ស្ទើរ​ ទើប​សម្តែង​ទៅ​​សម​ ហេតុ​នេះ​ខ្ញុំ​គិត​ថា​ត្រូវ​តែ​សម្តែង​ឱ្យ​បាន​ទោះ​បី​ជា​លើ​ឆាក​ហៅ​ឪពុក​ «អា​» ក៏​ដោយ​ ពេល​​​ឈប់​សម្តែង​គឺ​សុំទោស​វិញ​ទៅ​គឺ​បាន​ហើយ។

ថ្វី​បើ​ពេល​នេះ​ការ​សម្តែង​របស់​នាយ​កយ​ត្រូវ​អ្នក​ទស្សនា​​វាយ​តម្លៃ​ថា​នៅ​មិន​ទាន់​ល្អ​ក៏​ដោយ​ តែ​តារា​កំប្លែង​ដ៏​ក្មេង​ខ្ចី​រូបនេះ​នៅ​តែ​មាន​សុទិដ្ឋិ និយម​​ថា នាយ​​នឹង​ធ្វើ​ឱ្យ​បានល្អ​​ និង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​សម្តែង​របស់​នាយ​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អ្នក​ទស្សនា ​ដើម្បី​អាច​ស្នង​តំណែង​ពី​ឪពុក​នា​ពេល​​ខាង​មុខ​ ។​ នាយ​កយ​បញ្ជាក់​ថា ការ​សម្តែង​នេះ​គឺ​មិន​មែន​ជា​ការ​សាក​ល្បង​ឡើយ​ គឺ​អាច​ថា​ជា​ការ​សម្តែង​ដើម្បី​ចាប់​យក​ជា​អាជីព​តែ​ម្តង​ ព្រោះ​នេះ​ជា​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ដោយ​ផ្ទាល់​ពី​ឪពុក​របស់​លោក​ ហើយ​បើ​ការ​សម្តែង​នេះ​អាច​ទទួល​បាន​ជោគ​ជ័យ​នោះ​លោក​នឹង​ចាប់​អាជីព​នេះ​រហូត​តែម្តង ។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​តារា​កំប្លែង​នាយ​កុយ​ ​បណ្តុះ​កូន​របស់​ខ្លួន​ឱ្យ​ចូល​រួម​កំប្លែង​ជា​មួយ​ខ្លួន ។ នាយក​យ​​ទំនង​​ជា​ពន្លក​ថ្មី និង​ជា​អ្នក​ស្នង​​មរតក​កំប្លែង​​តែ​មួយ​គត់​របស់​នាយ​កុយ ៕ ​