រាជធានីភ្នំពេញ ៖ សកម្មភាពប្លន់ប្រដាប់អាវុធមួយត្រូវបានគេអះអាងថា ក្រុមចោរឆ្មក់ប្លន់ម៉ូតូដល់មុខផ្ទះ និងបាញ់ម្ចាស់ផ្ទះ២នាក់បងប្អូន បណ្តាលឱ្យរបួសធ្ងន់ រួចហើយដណ្តើមយកម៉ូតូជិះរត់គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី៣១ កក្កដា ២០១២ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកជនរងគ្រោះជាបងស្រីបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរពេក ។ ជនរងគ្រោះ ១-ឈ្មោះស៊ិន អូកា ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះស៊ិន សុជាត ភេទស្រី អាយុ២៨ឆ្នាំ អ្នកទាំង២ជាបងប្អូនបង្កើតនឹងគ្នា ហើយនារីរងគ្រោះឈ្មោះស៊ិន សុជាត រូបនេះបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។ ប្រភពព័ត៌មានបាននិយាយឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានចតម៉ូតូម៉ាកឌ្រីម C125 ស៊េរី២០១១ ពណ៌ព្រីងទុំ នៅមុខផ្ទះកើតហេតុខាងលើ ពេលនោះមានចោរ២នាក់បានជិះម៉ូតូមកឈប់ក្បែរ រួចហើយភ្ជង់កាំភ្លើងទៅលើបងប្អូនទាំង២ឱ្យប្រគល់ម៉ូតូឱ្យពួកគេ ប៉ុន្តែស៊ិន អូកា បានហក់ទៅប្រវាយប្រតប់ជាមួយចោរ ក៏ត្រូវចោរបាញ់ត្រូវចង្កេះ១គ្រាប់ ចំណែកឈ្មោះស៊ិន សុគាត ជាបងស្រីឃើញដូច្នេះក៏ចូលទៅជួយប្រវាយត្រប់ត្រូវចោរបាញ់១គ្រាប់ត្រូវខ្នង បណ្តាលឱ្យអ្នកទាំង២ដេកដួលក្នុងថ្លុកឈាម ។
ភ្លាមៗនេះប៉ូលិសកំពុងស្រាវជ្រាវរកមុខសញ្ញា ប៉ុន្តែពួកចោរបានគេចខ្លួនបាត់ស្រមោលទៅហើយ…៕




ចែករំលែកព័តមាននេះ