រាជធានីភ្នំពេញ ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញឯកសារផ្សព្វផ្សាយមួយកាលពីថ្ងៃទី២៥ កក្កដា ឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសជាង១០០ទៀត បានឯកភាពគ្នា និងគាំទ្រលើការអនុវត្តសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១១-២០២០ ។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការមូលនិធិបង្ការរបួសអាស៊ី បានបន្តធ្វើការរួមគ្នាដើម្បីអនុវត្តគោលដៅនៃទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈកម្មវិធីមួកសុវត្ថិភាពជាថ្នាំបង្ការជីវិតនៅកម្ពុជា ។ កម្មវិធីនេះមានបំណងបង្កើនការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត និងការអាចរកបានមួកសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់។
ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា បានផ្តើមអនុវត្តយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈថ្នាក់ជាតិ ដែលផ្តោតសំខាន់ទៅលើការពាក់មួកសុវត្ថិភាពរបស់អ្នករួមដំណើរតាមទោចក្រយានយន្តចាប់តាំងពីឆ្នាំ២០១០ មក ។ យុទ្ធនាការដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ក្រើនរំឭកដល់ប្រជាពលរដ្ឋកម្ពុជាថា ការពាក់មួកសុវត្ថិភាពឲ្យមនុស្សដែលខ្លួនស្រឡាញ់គឺជាកាយវិការសាមញ្ញមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ អង្គការមូលនិធិបង្ការរបួសអាស៊ី ក៏អភិវឌ្ឍនូវកម្មវិធីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងសាលារៀន ព្រមទាំងផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្សផងដែរ ។
លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «ភាពជាដៃគូនេះបានពង្រឹងបន្ថែមនូវសមត្ថភាពរបស់ពួកយើង ដើម្បីបន្តរួមចំណែកបង្កើនសុវត្ថិភាពចរាចរណ៍សម្រាប់អ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា រួមមានដូចជា អ្នកធ្វើដំណើរតាមទោចក្រយានយន្ត អ្នកជិះទោចក្រយាន និងអ្នកថ្មើរជើង ដែលមានចំនួនជាង៧០ភាគរយនៃចំនួនអ្នករងរបួស និងស្លាប់ សរុបនៅកម្ពុជាដោយសារគ្រោះថ្នាក់ចរាចរណ៍» ។ លោកមានប្រសាសន៍បន្ថែមទៀតថា «កម្មវិធីមួកសុវត្ថិភាពជាថ្នាំបង្ការជីវិតនៅកម្ពុជា អនុវត្តចំពោះក្រុមគោលដៅដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់តាមបណ្តាខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលមានចំនួនអ្នកស្លាប់ជិតមួយភាគបីនៃចំនួនអ្នកស្លាប់សរុបនៅកម្ពុជា ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរតាមទោចក្រយានយន្ដកាលពីឆ្នាំ២០១០» ។
លោកពៅ ម៉ាលី អគ្គលេខាធិការរងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា «ចាប់តាំងពីការប្រកាសផ្ដើមអនុវត្តសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១១មក យើងបានបង្កើនការយកចិត្ដទុកដាក់យ៉ាងខ្លាំងលើការកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា»។លោកបានមានប្រសាសន៍បន្ថែមទៀតថា «តាមរយៈយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈ ការអប់រំនៅតាមគ្រឹះស្ថានសិក្សា ការផ្ដល់មួកសុវត្ថិភាព និងភាពជាដៃគូលើកម្មវិធីមួកសុវត្ថិភាពជាថ្នាំបង្ការជីវិតនៅកម្ពុជានេះ យើងនឹងខិតខំធ្វើឲ្យផ្លូវថ្នល់នៅកម្ពុជាកាន់តែមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ។ អន្ដរាគមន៍របស់កម្មវិធីដ៏មានសារសំខាន់នេះ ជួយបង្កើនការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកប្រើប្រាស់ផ្លូវដែលមានតម្រូវការជាចាំបាច់ ដែលនេះជាជំហានដ៏មានសារសំខាន់មួយដើម្បីសម្រេចគោលដៅរបស់យើង» ។
យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលទិន្នន័យបានមកពីនគរបាលចរាចរ និងមន្ទីរពេទ្យបង្ហាញឲ្យឃើញថា ចំនួនអ្នកស្លាប់មានដល់១.៨១៦នាក់ ចំនួនអ្នករងរបួសធ្ងន់មានដល់៦.៧១៨នាក់ ធ្វើឲ្យកម្ពុជាខាតបង់គិតជាទឹកប្រាក់ប្រមាណ២៧៩ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១០ ។ លទ្ធផលនៃការសង្កេតនាពេលថ្មីៗនេះអំពីកម្រិតនៃការពាក់មួកសុវត្ថិភាពនៅរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យឃើញថា ថ្វីបើអ្នកបើកបរទោចក្រយានយន្តចំនួន៨៣,៨០ភាគរយបានពាក់មួកសុវត្ថិភាពក៏ដោយ ក៏មានអ្នករួមដំណើរតាមទោចក្រយានយន្តគិតទាំងកុមារផងប្រមាណ៦,៧០ភាគរយប៉ុណ្ណោះដែលបានពាក់មួកសុវត្ថិភាព ។
ខណៈពេលដែលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានតម្រូវឲ្យអ្នកបើកបរពាក់មួកសុវត្ថិភាព ប៉ុនែ្តសម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្តច្បាប់មិនទាន់បានតម្រូវឲ្យពាក់មួកសុវត្ថិភាពនោះទេ ។ នាពេលបច្ចុប្បន្ន សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលតម្រូវឲ្យអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារផង ត្រូវពាក់មួកសុវត្ថិភាពកំពុងត្រូវបានត្រួតពិនិត្យដោយស្ថាប័ននីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា ។
គំនិតផ្តួចផ្តើមរបស់កម្មវិធីមួកសុវត្ថិភាពជាថ្នាំបង្ការជីវិតនៅកម្ពុជា គឺចង់ទទូចឱ្យអ្នកបើកបរក៏ដូចជាអ្នករួមដំណើរទាំងអស់ចាប់ផ្តើមពាក់មួកសុវត្ថិភាពចាប់ពីពេលឥឡូវនេះតទៅ បើទោះបីសេចក្តីព្រាងវិសោធនកម្មច្បាប់ខាងលើពុំទាន់ត្រូវបានអុនម័តក៏ដោយ ៕
ចែករំលែកព័តមាននេះ