ខេត្តរតនគិរី ៖ ពលការិនីមួយរូបដែលបានចេញទៅបម្រើការងារតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០០៩ តាមរយៈក្រុមហ៊ុនយូមេនផៅវ័រ មានទីតាំងនៅផ្ទះលេខ១១៨ ផ្លូវលេខ១៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបានបាត់ដំណឹងសូន្យឈឹងអស់រយៈពេល៣ឆ្នាំ រហូតមកដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០១២នេះ ទើបទទួលដំណឹងតាមរយៈការលួចទាក់ទងដោយសម្ងាត់។ ចំពោះដំណឹងដែលបានទទួលនេះ គឺនាងសុំម្តាយជួយរកមធ្យោបាយនាំនាងត្រឡប់មកស្រុកកំណើតវិញ ដោយសារការងារនៅម៉ាឡេស៊ីនោះទទួលរងការបង្ខាំង ជិះជាន់ គាបសង្កត់លើកម្លាំងពលកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយពុំដែលទទួលបានប្រាក់កម្រៃមួយសេនសោះពេលនេះនាងបានត្រឡប់មកដល់ភូមិកំណើតវិញនៅខេត្តកំពង់ចាមហើយ ដោយនាំមកជាមួយនូវរូបកាយស្លេកស្លាំងស្គមសល់តែស្បែកដណ្តប់ឆ្អឹង និងមានជំងឺប្រចាំកាយត្រដររស់ដោយការទទួលរងទុក្ខវេទនារួមទាំងសតិមិនប្រក្រតី ភ្លេចមុខ ភ្លេចក្រោយ ។
ចំពោះការវិលត្រឡប់មកដល់ស្រុកកំណើតរបស់ពលការិនី ឈ្មោះកង ខេង អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានឱ្យដឹងថា នាងបានត្រឡប់មកដល់ស្រុកកំណើតនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៦ កក្កដា កន្លងមក ដោយសារមានការជំរុញនិងរៀបចំចាត់ចែងយ៉ាងយកចិត្តទុកដាក់របស់ប៉ូលិសផ្នែកប្រឆាំងការជួញដូរពលកម្មឆ្លងដែន តាមការចង្អុលបង្ហាញពីលោកប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃ ជាមួយនឹងតំណាងក្រុមហ៊ុននាំពលករ ពលការិនីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។ សកម្មភាពនេះ កើតមានក្រោយពីមានការចុះផ្សាយលើទំព័រសារព័ត៌មានកោះសន្តិភាពដែលបានស្រង់សម្តីស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះថាន ពុំ ត្រូវជាម្តាយបច្ចុប្បន្នធ្វើជាកម្មករនៅឯខេត្តរតនគិរី បានរៀបរាប់អំពីទុក្ខលំបាករបស់កូនគាត់ ដែលបាត់ដំណឹងជាងបីឆ្នាំ មកហើយលុះជាចុងក្រោយបានទទួលព័ត៌មានដ៏រន្ធត់ចិត្តពីការគាបសង្កត់កម្លាំងពលកម្មនិងហូបចុកមិនគ្រប់គ្រាន់នៅឯប្រទេសម៉ាឡេស៊ី ។
លោកប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៩ កក្កដា ថា បន្ទាប់ពីក្រុមហ៊ុនបានបញ្ជូនពលការិនីរូបនេះមកដល់ហើយក្រុមហ៊ុនយូមេនផៅវ័រប្រគល់ឱ្យក្រុមគ្រួសារវិញនោះ លោកក៏បានអញ្ជើញពលការិនីនិងអាណាព្យាបាលមកសួរ អំពីផលលំបាកពេលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។ ពេលហៅមកសួរនាំពលការិនីរូបនេះបែរជាឆ្លើយថា មិនមានការគាបសង្កត់ទេ តែដោយសារខ្លួននឹកម្តាយចង់ត្រឡប់មកផ្ទះវិញ ទើបរកមធ្យោបាយឱ្យបានត្រឡប់មកវិញ ។ ការវិលត្រឡប់មកវិញនេះក្រុមហ៊ុនបានបើកប្រាក់ខែសរុបចំនួន៣៣ខែ ស្មើនឹង៤.៥០០ដុល្លារ។ លោកប្រធាននាយកដ្ឋានបញ្ជាក់ថា បើសិនជាពលការិនីរូបនេះមានការបំភ្លឺណាមួយទាក់ទិននឹងការគាបសង្កត់ បង្ខាំង បង្អត់អាហារ ដែលផ្ទុយនឹងច្បាប់របស់ក្រសួងការងារ លោកនឹងចាត់ការសើរើការអនុវត្តនីតិវិធីច្បាប់នេះឡើងវិញភ្លាម ។
ទោះជាយ៉ាងណាក្តី សាមីខ្លួនពលការិនីនិងអាណាព្យាបាលក៏ដូចជាសាច់ញាតិក្នុងភូមិបានសម្រេចថានៅស្ងៀមជាជាងស្រដីដោយមិនមានការចោទប្រកាន់ទៅលើក្រុមហ៊ុន ឬថៅកែដែលជាម្ចាស់ផ្ទះនៅប្រទេសម៉ាឡេស៊ី ពីបទគាបសង្កត់បង្ខាំងមនុស្សនោះទេ គឺបានត្រឹមតែទ្រាំនឹងភាពអន្ធការនោះ ព្រោះពេលនេះគ្រួសារបានជួបមុខគ្នាវិញហើយសុំតែសុខប៉ុណ្ណោះ ទោះបីបាត់បង់រូបឆោម ស្មារតីបែរជាមិនគ្រប់លក្ខណៈតែការបានត្រឡប់មកដល់ស្រុកកំណើតវិញ គឺជាការរីករាយបំផុត ។ ទោះបីជាបែបណា ពលការិនីមួយចំនួនដែលវិលត្រឡប់មកវិញ ច្រើនតែមានស្មារតីមិនប្រក្រតីឡើយ ៕
ចែករំលែកព័តមាននេះ