រាជធានីភ្នំពេញ ៖ ពីរនាក់ប្រុស-ស្រីបងប្អូនបង្កើត បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងហេតុការណ៍ដែលចោរបាញ់ប្រហារចំនួន២គ្រាប់ប្លន់យកម៉ូតូម៉ាកឌ្រីម ធុនសេ១២៥ ពណ៌ព្រីងទុំ មួយគ្រឿង ដល់មុខផ្ទះ ស្ថិតនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣១ កក្កដា ។ នេះជាអំពើប្លន់ដ៏ព្រហើនគួរឱ្យព្រួយបារម្ភពីសុវត្ថិភាពជាទូទៅមួយ។
អ្នករងគ្រោះទាំង២នាក់បងប្អូនក្នុងហេតុការណ៍ខាងលើនេះ ម្នាក់ឈ្មោះ ស៊ិន សុខា ភេទប្រុស អាយុ២០ឆ្នាំ ម្នាក់ទៀតឈ្មោះ ស៊ិន សុជាតិ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសដោយកាំភ្លើងខ្លីបាញ់ត្រូវខ្នង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បងប្អូន និងម្តាយកំពុងហូបបាយថ្ងៃត្រង់ជុំគ្នានៅក្រោមផ្ទះ ស្រាប់តែលេចមុខចោរប្លន់ម្នាក់ស្លៀកពាក់ស៊ីវិល ដើរចូលមកលួចម៉ូតូម៉ាកឌ្រីម ធុនសេ១២៥ ពណ៌ព្រីងទុំ ដែលម្ចាស់បញ្ឈរទុកនៅក្នុងរបងដីឡូត៍មុខផ្ទះ ។ ពេលឃើញចោរដើរចូលលួចម៉ូតូ ឈ្មោះ ស៊ិន សុខា ក៏ស្ទុះក្រោកពីតុហូបបាយរត់ទៅដណ្តើមយកម៉ូតូពីចោរវិញ ជាហេតុធ្វើឱ្យចោរបាញ់មួយគ្រាប់ត្រូវចង្កេះ ។ ភ្លាមនោះឈ្មោះ ស៊ិន សុជាតិ ឃើញចោរប្លន់បាញ់ប្អូនក៏ស្ទុះទៅជួយក៏ត្រូវចោរបាញ់មួយគ្រាប់ទៀតត្រូវចំខ្នងរងរបួសទាំងពីរនាក់បងប្អូន ហើយចោរក៏យកម៉ូតូជិះចេញទៅបាត់ស្រមោលភ្លាមៗដែរ ទើបភ្ញាក់ផ្អើលឈុលឡើង ។ ចំណែកអ្នករងគ្រោះ២នាក់បងប្អូន ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយមានហេតុការណ៍ផ្ទុះអាវុធកើតឡើង សមត្ថកិច្ចបានចុះសួរនាំស្រាវជ្រាវ ហើយរើសបានសម្បកគ្រាប់២គ្រាប់ និងគ្រាប់កាំភ្លើងខ្លីមិនទាន់ផ្ទុះមួយគ្រាប់ជាកាំភ្លើងខ្លី K54 ។ ពុំមានប្រភពព័ត៌មានផ្លូវការណ៍ណាបញ្ជាក់ថាចោរប្លន់ខាងលើនេះមកធ្វើសកម្មភាពប្លន់ដោយមធ្យោបាយណាឡើយ ។ ប៉ុន្តែប្រភពមិនច្បាស់ការណ៍បង្ហើបថា ចោរប្លន់មានគ្នា២នាក់ ម្នាក់ជិះម៉ូតូម៉ាកស្មាស ដឹកបក្សពួកមកឈប់មុខផ្ទះកើតហេតុ ដើម្បីធ្វើសកម្មភាពប្លន់ ដោយបក្សពួកនោះនៅចាំបិទគូទកន្លែងនោះដែរ តែនៅក្រៅរបងប្រសិនបើមានអន្តរាគមន៍ពីក្រៅ។
មន្ត្រីសមត្ថកិច្ចមិនទាន់មានការសន្និដ្ឋានបែបណានោះទេជុំវិញករណីប្លន់នេះ តែចាត់ទុកថាជាអំពើប្លន់ដ៏សាហាវ ដែលចោរប្រដាប់អាវុធបាញ់មនុស្សដូចបាញ់ចាបដោយមិនញញើតដៃទាំងកណ្តាលថ្ងៃ ហើយចូលទៅប្លន់ដល់ក្នុងបរិវេណទីធ្លាក្នុងផ្ទះទៀត ពិតជាចោរដ៏ក្លាហាន និងមានបទពិសោធខាងប្លន់តែម្តង ៕




ចែករំលែកព័តមាននេះ