ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​តំណាង​7​នាក់ មក​ជាង​50​នាក់ តុលា​ការ​លើក​ពេល​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ​​​ ៖ ​ប្រជាពល​រដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រីជាង​៥០នាក់​ មកពី​ឃុំ​ចង្រ្កង់​ ស្រុក​ចិត្រ​បុរី​ បាន​នាំគ្នាមក​មុខសាលា​ដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី៣០​​ កក្កដា​​ ខណៈ​តុលា​ការ​កោះ​ហៅ​​អ្នក​ភូមិ​ចំនួន៧​នាក់​ ​មក​សាក​សួរពីសំណុំរឿង​រំលោភ​សិទ្ធិ​បុគ្គល​​ និង​ធ្វើ​ឱ្យ​​ខូច​ខាត​ដោយ​ចេតនា​ ​ដែលបាន​កើតឡើង​កាល​​ពីឆ្នាំ​២០១០​ ជាមួយ​នឹងក្រុម​ហ៊ុន​វិនិ​​យោគ​​មួយ​​ ។

នៅ​មុខសាលា​ដំបូង​ខេត្ត​ នាព្រឹកនោះ ក្រុម​ប្រជា​ពលរដ្ឋ​និយាយ​ថា​​ ការ​ដែល​​ពួក​​គាត់​នាំគ្នាមក​ឈរនៅមុខ​សាលា​ដំបូង​នេះ​ គឺ​ដើម្បី​មក​គាំទ្រ និងដើម្បី​​​ធានា​សុវត្ថិ​ភាព​គ្នា​គាត់​​​៧​នាក់​ដែល​​ចូលខ្លួន​បំភ្លឺទៅ​តាមដីកា​កោះ​ហៅ​​របស់​តុលា​ការ​ ។​ ពួក​គាត់មាន​គ្នា​ជាង​៥០​នាក់​ សុទ្ធ​សឹង​​តែរស់​នៅ​និងធ្វើចម្ការ​នៅចំណុច​ត្រពាំង​ត្រាំង ​​អូរ​ជ័រ ​ភ្នំ​ដី​ភ្លើង ​អូររមៀត​ និងភូមិ​កសាង​ ក្នុង​ឃុំចង្រ្កង់​ ​ស្រុក​ចិត្រ​បុរី ។

​ នេះជា​លើក​ទី៦​ហើយ ដែល​ពួកគាត់​​នាំ​គ្នា​មក​កាន់​មុខសាលា​ដំបូង​ខេត្ត​ ​ខណៈ​ពេល​ដែលតុលាការ​នៅតែ​បន្ត​កោះ​ហៅ​ពល​រដ្ឋ​​ទាំង​​​៧​នាក់​​មក​សាក​សួរ​​នៅ​សាលា​ដំបូង​ ។ ពល​រដ្ឋ​​ទាំង​​៧​នាក់​​នេះ ដែល​សុទ្ធ​សឹង​​ជា​​បុរសមាន​ ១- ឈ្មោះ​​ណិង​ ឡេង​ អាយុ​៤៧ឆ្នាំ​ ២-​ ឈ្មោះ​ គុយ​ ឃ្លោក​ ​អាយុ​៦០​ឆ្នាំ​ ៣-​ ឈ្មោះញិះ​ ជាតិ​ អាយុ​៤៦​ឆ្នាំ​ ៤- ឈ្មោះ​ព្រំ​ ឌឿន អាយុ៣២​ឆ្នាំ​ ៥​- ​ឈ្មោះ​ព្រំ​ ​សុន​ អាយុ​៣៥ឆ្នាំ​​ ៦-​ ឈ្មោះ​ព្រំ​ រឿន​ អាយុ​ ៣២​ឆ្នាំ​ និង៧​- ឈ្មោះ​ សុម​ ធឿន​ ​អាយុ​៣៦​ឆ្នាំ​​ ។ បុរស​ទាំង៧​នាក់​នេះ​ ជាប្រជា​ពលរដ្ឋ​​រស់​​នៅ​​ក្នុង​​ឃុំ​ជាមួយគ្នា​​​​ និង​ត្រូវ​បានចាត់​ទុក​ថា​​ជាតំណាង​របស់ពួក​គាត់លើ​វិវាទដី​ធ្លីដ៏​រ៉ាំ​​រ៉ៃ​ ដែល​​ពួកគាត់​កាន់កាប់​សព្វ​ថ្ងៃ​ ​ជា​មួយ​នឹង​ក្រុម​ហ៊ុនវិនិយោគ​ឯកជន​មួយ​​ឈ្មោះ​ក្រុម​​ហ៊ុនហា​មុនី​ផ្លាន​ថេសិន​ ខូ​អិលធី​ឌី​ ដែល​​មាន​ច្បាប់វិនិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំកៅ​ស៊ូលើ​ផ្ទៃដី​៩៩៩​ហិកតា​​ ។​

​បុរសឈ្មោះ​គុយ ​ឃ្លោក ​ដែល​​​ជា​​ពលរ​ដ្ឋ​​ម្នាក់​ក្នុង​ចំណោម​​​ពល​រដ្ឋ​ទាំង​​​៧​នាក់​ ដែល​តុលា​ការ​​ចេញ​ដី​កា​​កោះ​ហៅ​​​​និយាយ​ថា ​មាន​​ប្រជា​ពល​រដ្ឋ​​​ចំនួន​៣៣២​​គ្រួសារ​ដែល​​​មក​តាំង​​ទី​​លំនៅ​​ចំណុច​ខាង​​លើ​បាន​ប្រឈម​​មុខ​ជាមួយ​​នឹង​ក្រុម​ហ៊ុន​​វិនិ​យោគ​​មួយ​នេះ​​ និង​​បាន​​​ក្លាយជា​​បញ្ហា​​វិវាទ​ដី​ធ្លី​​ឥត​ឈប់​ឈរ​​ចាប់​តាំង​​ពី​ឆ្នាំ​​២០០៨​មក​ ។ តំណាង​​ក្រុម​ហ៊ុន​​ប្តឹង​ចោទ​​ប្រកាន់​​ពួក​គាត់​​​ពី​បទ​រំលោភ​​​សិទ្ធិ​បុគ្គល​​ និង​​ធ្វើ​ឱ្យ​ខូច​ខាត​​ដោយ​ចេត​នា​​ទៅ​លើ​​ការ​ដក​​បង្គោល​​​ព្រំ​ដី​​របស់​ក្រុម​ហ៊ុន​​ ហើយ​តុលា​ការ​​​បាន​ចេញ​ដីកា​​កោះ​ហៅ​​ពួ​ក​គាត់​​មក​បំភ្លឺ​​ជា​បន្ត​​បន្ទាប់​ ។​

​បុរស​​រូប​នេះ​​បាន​និយាយ​​​ទៀត​ថា ​នៅ​ក្នុង​ឆ្នាំ​​២០១១ ​កន្ល​ង​ទៅ​​ តំណាង​ក្រុម​ហ៊ុនរួម​​​​ជា​មួយ​​​មន្ត្រី​សាលា​ខេត្ត​​បាន​ចុះ​​ទៅ​ដល់​មូល​ដ្ឋាន​​ និង​បាន​​ធ្វើ​ការ​ដោះ​ស្រាយ​​បញ្ហា​​វិវាទ​​​ដី​ធ្លី​​ជា​​មួយ​ក្រុម​ហ៊ុន​​នេះ​រួច​រាល់​​អស់​ហើយ ​ដោយ​ភាគី​ក្រុម​ហ៊ុន​​ និង​ប្រ​ជា​ពលរដ្ឋ​​បាន​ឯក​ភាព​​​ព្រម​ព្រៀង​​លើ​ការ​កំណត់​​ផ្ទៃ​ដី​​ដែល​បាន​​កាត់​ចេញ​​រៀងៗ​ខ្លួន​ ។ ចាប់​ពី​ពេល​​នោះ​មក​ ​ទំនាស់​រវាង​ប្រជា​​ពល​រដ្ឋ​​ និង​ក្រុម​ហ៊ុន​​ក៏លែង​កើត​​​មាន​​ តែ​ការ​​កោះ​ហៅ​​របស់​សាលា​ដំបូង​​ខេត្ត​​ ក្នុង​សំណុំ​រឿង​​មួយ​នេះ​​ក៏​​នៅ​តែ​បន្ត​​សង្កត់​ធ្ងន់​​ទៅ​លើ​​ពួក​គាត់​​ ទើ​ប​ធ្វើ​​​​ឱ្យ​ពួក​គាត់​​មាន​ការ​ព្រួយ​បារម្ភ​​ ។​​​ បុរស​ចំ​ណាស់​រូប​នេះ​​​បញ្ជាក់​ថា ការ​ដែល​​តុលា​ការ​​​កោះហៅ​​ពួក​គាត់​​មក​នេះ​​គឺ​មក​​​សាក​សួរ​​ពី​សំណុំ​រឿង​​ចាស់​ដែល​​មិន​ទាន់​​បាន​ដោះ​ស្រាយ​ ហើយ​ក្រុម​​ប្រ​ជា​ពលរដ្ឋ​​ទាំង​នេះ​​មាន​​ការព្រួយ​បារម្ភ​​ពី​​សុវត្ថិ​ភាព​​របស់​ពួក​គាត់​​​ ទើប​​នាំ​គ្នា​​តាំង​​ពី​​​កូន​តូច​​មក​ជួប​​ជុំ​គ្នា​ដើម្បី​ពិនិត្យ​​មើល​ស្ថាន​ការណ៍​​​ក្រែង​​មាន​ភាព​មិន​ប្រក្រ​តី ​ឬ​​អ្នក​តំណាង​​ទាំង​​៧​​​នាក់​អាច​​ត្រូវ​ចាប់​​ខ្លួន​​ឃុំ​ ។​

​ទោះ​ជា​យ៉ាង​ណា​​ ការ​កោះ​ហៅ​​តំណាង​​ទាំង​​៧​នាក់​​​ ដោយ​​សាលា​ដំបូង​ខេត្ត​​ ដើម្បី​​ម​ក​សាក​សួរ​​នា​ព្រឹក​នោះ​​ ក៏ត្រូវ​បាន​​លើក​ពេល​​​បន្ត​ទៀត ​ដោយ​មន្ត្រី​​តុលា​ការ​​អះ​អាង​​ថា ​ជាប់​រវល់​ ។ ពល​រដ្ឋ​​បាន​សម្តែង​​​​ការ​មិន​សប្បាយ​​ចិត្ត​ចំពោះ​​ការ​លើក​ពេល​​របស់​តុលាការ​​​លើ​ការ​សាក​សួរ​​តំណាង​​ពួក​គាត់​​ទៅ​តាម​​បណ្តឹង​​របស់​ក្រុម​ហ៊ុន​​ ដោយ​ប្រជា​ពលរដ្ឋ​​​និយាយ​​ថា ​ពួគ​គាត់​​មិន​មាន​ពេល​​​ទ​ំនេរ​​ច្រើន​ក្នុង​​ការ​ចូល​​ខ្លួន​​បំភ្លឺ​​តុលាការ​​ដែល​ចេះ​តែ​​លើក​ពេល​ម្តង​ហើយ​​ម្តង​ទៀត​​នោះ​ទេ ​។ ពួក​គាត់​​និយាយ​​ទាំង​ខឹង​ថា ​ហៅ​មក​​សួរ​ចេះ​តែ​លើក​​ពេល​​ ខណៈ​ដែល​រដូវ​នេះ​​ជា​រដូវ​វស្សា​ គឺ​ពួក​គាត់​​រវល់​បង្ក​​បង្កើន​​ផល ៕​