រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមជាមួយស្ត្រីម្នាក់បានបើករថយន្តម៉ាកឡិចសីុស៤៧០ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលចង្កូតទៅបុកម៉ូតូគ្រីស សេ៊រីចាស់មួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូដួលបោកបាក់ជើងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៩ កក្កដា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តឡិចស៊ីស ពណ៌ខ្មៅ ជិះដោយបុរសជនជាតិចិនរួមជាមួយស្ត្រីម្នាក់ទៀត បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតទៅលិច ពេលមកដល់កន្លែងកើតហេតុ ក៏ជ្រុលចង្កូតទៅបុកចំពីក្រោយម៉ូតូគ្រីសបើកដោយបុរសម្នាក់ បណ្តាលឱ្យដួលកៀបទៅនឹងម៉ូតូរងរបួសបាក់ជើងឆ្វេង ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុរថយន្តឡិចស៊ីស៤៧០បានព្យាយាមបើករត់ តែត្រូវប៉ូលិសប្រចាំគោលដៅស្តុបផ្សារដីហុយតាមប្រមាញ់ចាប់បាននៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ប៉ុន្តែនៅពេលឃាត់រថយន្តបានហើយបុរសជនជាតិចិនរូបនោះបានបដិសេធថាខ្លួនពុំបានបុកម៉ូតូនោះទេ ។ ដោយមានការជជែកមិនត្រូវគ្នាក៏ហៅសមត្ថកិច្ចមកយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយជាក្រោយ ៕


ចែករំលែកព័តមាននេះ