ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ ២០១២ កាកបាទក្រហមកម្ពុជា សហការជា មួយសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលសី្តពី«ហានិភ័យនៃការបើកបរដោយសេពគ្រឿងស្រវឹង និងបើកបរដោយមិនពាក់មួកសុវត្ថិភាព» ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកមុខកំពូល នៅក្នុងសាលប្រជុំសាលាស្រុក ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេ កាន់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងបានការអញ្ជើញចូលរួមជាកិតិ្តយសពីលោកវរសេនីយ៍ត្រី ចេវ ហាក់ នាយរងការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាធានីភំ្នពេញ, លោក ខឹម សុផល ប្រធានគម្រោងសុវត្ថិភាពចរាចរណ៍កាកបាទក្រហមកម្ពុជា ,លោកស្រី គង់ សារីយ៉ា នាយិកាសាខា ,លោក អោង គឹមលាង អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមុខកំពូល ព្រមទាំងអស់លោក លោកស្រីជាមន្ត្រីសម្របសម្រួលវគ្គ និងលោក លោកស្រីជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន៣០នាក់ផងដែរ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីបើកវគ្គ លោក ហេ កាន់ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោក លោកស្រីដែលជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលមានវត្តមាននៅទីនេះដោយកី្តនឹករឭក ។ លោកបានផ្តាំផ្ញើ សូមឲ្យបងប្អូនទាំងអស់ មេត្តាខិតខំត្រង់ត្រាប់ស្តាប់គ្រូពន្យល់ ដើម្បីទទួលបាននូវចំណេះដឹងច្បាស់លាស់ ក្នុងការចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ សី្តពីហានិភ័យនៃការបើកបរដោយសេពគ្រឿងស្រវឹង និងបើកបរដោយមិនពាក់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងសហគមន៍នៃតំបន់គោលដៅមួយចំនួនសិ្ថតនៅក្នុងស្រុកមុខកំពូល ពិសេសទីប្រជុំជនដូចជាផ្សារជាដើម ។
លោកបន្តទៀតថា អ្នកស្ម័គ្រចិត្ត គឺជាកម្លាំងចលករមួយមិនអាចខ្វះបានរបស់កាកបាទក្រហមកម្ពុជា ព្រោះគ្រប់សកម្មភាពដែលជាវិស័យស្នូល គឺការងារត្រៀមបង្ការ-ឆ្លើយតបគ្រោះមហន្តរាយ,ការងារអប់រំសុខភាព,ការងារផ្សព្វផ្សាយគោលការណ៍គ្រឹះរបស់ចលនា-ការលើកកម្ពស់តម្លៃមនុស្សជាតិ និងការងារអភិវឌ្ឍន៍ស្ថាប័ន គឺជាការងារដ៏សំខាន់ ដែលអ្នកស្ម័គ្រចិត្តកាកបាទក្រហម មានតួនាទីជាអ្នកចូលរួមចំណែកអនុវត្តដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ ។
ក្រោយពីពិធីបើកវគ្គបានចប់សព្វគ្រប់ វគ្គបណ្តុះបណ្តាលបានបន្តកម្មវិធីរបស់ខ្លួនដែលបានគ្រោងទុកជាបន្តបន្ទាប់មានរយៈពេល១ថ្ងៃកន្លះ។ វគ្គនេះមានគោលបំណង ៖ ១-ផ្តល់ការបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា លើជំនាញផ្សព្វផ្សាយអប់រំអំពីហានិភ័យនៃការបើកបរដោយសេពគ្រឿងស្រវឹង និងបើកបរដោយមិនពាក់មួកសុវត្ថិភាព ។ ២-បង្ហាញពីស្ថានភាពបើកបរនៅពេលស្រវឹង និងការពាក់មួកសុវត្ថិភាពនៅប្រទេសកម្ពុជា ។ ៣-ធ្វើការកសាងសមត្ថភាព និងការយល់ដឹងអំពីមូលហេតុដែលយុវជនទទួលរងគ្រោះថ្នាក់ចរាចរណ៍ច្រើន។ ៤-បង្កើនជំនាញក្នុងការផ្តល់ព័ត៌មានទៅឲ្យក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ។ ៥-រៀបចំផែនការផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋផ្សេងទៀត។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានទទួលការឧបត្ថម្ភថវិកាពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក,អង្គការ GRSP,សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា។ លោកជំទាវ គឹង ចាន់ឌី គន់ គីម តាមរយៈលោកស្រី គង់ សារីយ៉ា បានជួយឧបត្ថម្ភថវិកាបន្ថែមដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលសរុប៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១ម៉ឺនរៀលទៀត បន្ថែមពីលើការឧបត្ថម្ភរបស់វគ្គបណ្តុះបណ្តាល ៕



ចែករំលែកព័តមាននេះ