ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោ សំ រស្មី ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបបានឱ្យដឹងថា នៅក្នុងអំឡុងចុងខែកក្កដា ឆ្នាំ២០១២នេះ បានស្រាវជ្រាវរកឃើញសម្ភារជាទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរបរទេសដែលជ្រុះ ឬភ្លេចពេលធ្វើដំណើរតាមរថយន្តឈ្នួលពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាបចំនួន១លើក ។
លោកបន្តថា នៅថ្ងៃទី២១ កក្កដា វេលាម៉ោង៧និង៥៣នាទីព្រឹក អង្គភាពទទួលពាក្យបណ្តឹងពីភ្ញៀវទេសចរអេស្ប៉ាញអ្នកស្រីMARIA POLGA LOBON QUIN TANA អាយុ៥៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខAC៧៦៣៩៦៩ បានភ្លេចបាត់កាបូបយួរដៃមួយក្នុងរថយន្តពេលធ្វើដំណើរពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី២០ កក្កដា ។
ក្រោយពីទទួលបានបណ្តឹងនេះ អង្គភាពបានស្រាវជ្រាវរកឃើញរថយន្តខាងលើហើយទទួលយកកាបូបពីអ្នកបើកបរឈ្មោះគួយ សាង ភេទប្រុស អាយុ៥០ឆ្នាំ ក្នុងនោះមាន លិខិតឆ្លងដែន១ក្បាល ប្រាក់ចំនួន២០០ដុល្លារសហរដ្ឋអាមេរិក ១០០អឺរ៉ូ និង៦០បាត ប័ណ្ណឥណទាន១សន្លឹក ប័ណ្ណបើកបរ១សន្លឹក និងអត្តសញ្ញាណប័ណ្ណ១សន្លឹក រួចប្រគល់ជូនភ្ញៀវខាងលើវិញនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល។
នេះជាមោទនភាពជាតិមួយនៃការបំពេញការងាររបស់សមត្ថកិច្ចនគរបាលទេសចរណ៍ ដែលបង្ហាញពីភាពស្មោះត្រង់របស់កម្ពុជា និងបង្កឱ្យមានភាពកក់ក្តៅ និងជាទំនុកចិត្តដល់អ្នកទេសចរនានាដែលមកទស្សនាកម្ពុជា ៕


ចែករំលែកព័តមាននេះ