ខេត្តព្រះសីហនុ ៖ នាវាមន្ទីរពេទ្យរបស់សហរដ្ឋអាមេរិកឈ្មោះ USNS Mercy បានចូលចតជាលើកទី២ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១២ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយនាំយកបរិក្ខារពេទ្យ ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាជាច្រើន និងដើម្បីចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនភាពជាដៃគូប៉ាស៊ីហ្វិក-កម្ពុជា ឆ្នាំ២០១២ ដែលមានក្រុមការងារពី១.១០០នាក់ ទៅ១.២០០នាក់ចម្រុះជាតិសាសន៍ ព្រមទាំងអង្គការក្នុងនិងក្រៅប្រទេសចំនួន២៣ ក្នុងនោះអង្គការក្នុងប្រទេសមានចំនួន១២ ។
នេះបើតាមលោកឧត្តមនាវីទោ Penniman មេបញ្ជាការរង និងជានាយសេនាធិការកងនាវាចរណ៍សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកថ្លែងឱ្យដឹងក្នុងជំនួបជាមួយលោកឧត្តមនាវីឯកទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកលំហសមុទ្រនាព្រឹកថ្ងៃទី២៩កក្កដា នៅលើកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។
លោកឧត្តមនាវីទោ Penniman ថ្លែងថា សម្រាប់ឆ្នាំ២០១២នេះ បេសកកម្មនៅក្នុងប្រទេសកម្ពុជាមានការចូលរួមពីប្រទេសចំនួន៨ជាដៃគូ និងអង្គការជាដៃគូចំនួន២៣ ។ ក្នុងនោះអង្គការក្នុងស្រុកមានចំនួន១២ លទ្ធភាពរបស់នាវា USNS Mercy នឹងក្លាយជាដៃគូជាមួយគ្នាលើផ្នែកជាច្រើន ដូចជា ផ្នែកវេជ្ជសាស្ត្រ ទន្តសាស្ត្រ បសុពេទ្យ និងគម្រោងសកម្មភាពវិស្វកម្មស៊ីវិល ដែលមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ។
នៅក្នុងសកម្មភាពលំហាត់ហ្វឹកហ្វឺនលើកទី១នេះ គឺមានខេត្តចំនួន៤ រួមមានខេត្តព្រះសីហនុ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តកោះកុង នឹងត្រូវទទួលការពិនិត្យជំងឺ និងព្យាបាលក៏ដូចជាការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗដែរ ។ លោកឧត្តមនាវីទោ Penniman បានថ្លែងទៀតថា បុគ្គលិកដែលបានចូលរួមនៅក្នុងលំហាត់ហ្វឹកហ្វឺននេះមានចំនួន១.១០០នាក់ទៅ១.២០០នាក់ ក្នុងនោះក៏មាននិស្សិតពេទ្យចំនួន៤០នាក់ និងក្រុមគ្រូពេទ្យយោធានៅរាជធានីភ្នំពេញផងដែរ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ។ លោកសង្ឃឹមថា នៅក្នុង១ថ្ងៃក្រុមការងារអាចពិនិត្យ និងព្យាបាលអ្នកជំងឺបានរហូតដល់៥០០នាក់ ក្នុងនោះមានការពិនិត្យជំងឺទូទៅ ការពិនិត្យធ្មេញ ការពិនិត្យព្យាបាលសត្វពាហនៈ និងព្យាបាលដោយវះកាត់ ដែលកន្លែងវះកាត់ត្រូវធ្វើនៅលើនាវានៅក្នុងសមុទ្រ ។
លោកឧត្តមនាវីឯក ទៀ វិញ បានសម្តែងការសាទរយ៉ាងកក់ក្តៅបំផុតចំពោះកងនាវាចរណ៍សហរដ្ឋអាមេរិក ដែលបានបង្កើតនូវលំហាត់ហ្វឹកហ្វឺន ភាពជាដៃគូប៉ាស៊ីហ្វិក ឆ្នាំ២០១២នេះឡើង ក្នុងន័យជួយដល់ប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ ។ ការផ្លាស់ប្តូរបទពិសោធន៍លើជំនាញវិជ្ជាជីវៈមួយចំនួន រួមទាំងការត្រៀមផ្នែកវេជ្ជសាស្ត្រនានា សម្រាប់បង្ការ និងការពារគ្រោះមហន្តរាយ ការថែទាំ និងអនាម័យជាមូលដ្ឋាននោះ កម្ពុជានឹងទទួលបានបទពិសោធន៍ដ៏ល្អៗជាច្រើនទៀតក្នុងបេសកកម្មភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ២០១២នេះ ៕
ចែករំលែកព័តមាននេះ