ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៣០ កក្កដា ដោយសារតែម្ចាស់ផ្ទះខណៈត្រឡប់មកពីបុណ្យវិញចាក់សោចូលផ្ទះមិនរួច ហើយសង្ស័យថា ចោរចូលគាស់ផ្ទះនៅខាងក្នុងមិនទាន់ចេញទៅណាក៏រាយការណ៍ទៅប៉ូលិសមកធ្វើការឡោមព័ទ្ធផ្ទះដើម្បីចាប់ចោរ ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
ម្ចាស់ផ្ទះខាងលើឈ្មោះឃឹម ពៅ អាយុ ៥៦ឆ្នាំ និងមានកូនស្រីម្នាក់ឈ្មោះធឿន សុភី អាយុ៣៤ឆ្នាំ។ តាមស្ត្រីឈ្មោះឃឹម ពៅ ជាម្តាយរៀបរាប់ថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ កក្កដានោះ រូបគាត់បានទៅបុណ្យនៅឯវត្ត ចំណែកកូនស្រីទៅលក់ដូរនៅឯផ្សារ។ លុះដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់រូបគាត់បានត្រឡប់មកវិញហើយចាក់សោចូលក្នុងផ្ទះ តែចូលមិនរួច ព្រោះទ្វារជាប់គន្លឹះពីក្នុងក៏សង្ស័យថា ចោរខ្ទាស់គន្លឹះនិងនៅពីខាងក្នុងមិនទាន់ទៅណាទេ។ លុះរត់ទៅមើលខាងក្រោយផ្ទះឃើញបង្អួចត្រូវចោរគាស់បាក់ចម្រឹងដែកទៀត ទើបរាយការណ៍ប្រាប់ប៉ូលិសមកឡោមព័ទ្ធជុំវិញផ្ទះតែម្តង ។
នៅជុំវិញបរិវេណផ្ទះ មានមនុស្សមកចោមរោមមើលជាច្រើន និងនៅពីខាងក្នុងរបងផ្ទះមានបងប្អូនម្ចាស់ផ្ទះនិងសមត្ថកិច្ចជាច្រើននាក់កាន់ដំបងច្រូងច្រាងរង់ចាំ ខ្លាចចោរស្ទុះចេញមករត់រួច ។ ប៉ុន្តែក្រោយពីប៉ូលិសសម្រុកចូលធ្វើការឆែកឆេររួចមកពុំមានឃើញស្រមោលចោរណាម្នាក់ឡើយ ក្រៅតែពីរបស់របរម្ចាស់ផ្ទះនៅរាយប៉ាយដោយសារចោររើកកាយរករបស់មាន តម្លៃ ។ ចំណែកនៅក្នុងបន្ទប់ដេករបស់ម្ចាស់ផ្ទះក៏ត្រូវចោររើកកាយខ្ទេចខ្ទីដែរ ។ ដោយឡែកទូដែកដែលម្ចាស់ផ្ទះគិតថាមានភាពរឹងមាំអាចទុកចិត្តបាននោះ ត្រូវចោរគាស់យកអស់ទ្រព្យសម្បតិ្តមួយចំនួនធំតែមួយចំនួនទៀតយកមិនទាន់បានព្រោះទូដែកមានថតច្រើនជាន់ ដែលពេលម្ចាស់មកដល់បើកយកបានមាសប្រាក់មួយចំនួនវិញ ។
មន្ត្រីប៉ូលិសនិយាយថា ចោរអាចធ្វើសកម្មភាពនៅចន្លោះពីម៉ោង៩ទៅម៉ោង១១ព្រឹក ។ រីឯម្ចាស់ផ្ទះនិយាយថានេះជាការគាស់ផ្ទះគាត់លើកទី២ហើយ ៕


ចែករំលែកព័តមាននេះ