ខេត្តបន្ទាយមានជ័យ ៖ មានគ្រោះថ្នាក់ដោយចៃដន្យមួយដែលកម្រនឹងកើតមានបណ្តាលឱ្យកម្មករ២នាក់រងរបួស ក្នុងនោះម្នាក់ធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង១៣នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១ នៅលើផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកចូលទៅមណ្ឌលកុមារកំព្រា ក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
លោកអនុសេនីយ៍ឯក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា កម្មករដែលរងគ្រោះថ្នាក់ដោយចៃដន្យខាងលើ ម្នាក់ឈ្មោះជា ជាតិ អាយុ៣៥ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះឡៃ សុភាព អាយុ២០ឆ្នាំ នៅភូមិត្រនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះលើរថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីស៊ីពណ៌លឿង សណ្តោងរ៉ឺម៉កដឹកគ្រឿងសំណង់ធ្វើដំណើរពីទិសខាងលិចទៅកើតយកគ្រឿងសំណង់(ដែក)ទៅទំលាក់ទុកនៅក្នុងមណ្ឌលកុមារកំព្រា។
លុះពេលទៅដល់ចំណុចផ្លូវបំបែកចូលទៅមណ្ឌលអ្នកបើកបររថយន្តឈ្មោះវ៉ន តឿ ភេទប្រុស អាយុ៤៩ឆ្នាំ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានជាន់ហ្វ្រាំងឈប់ដោយគំហុក បណ្តាលឱ្យចុងដែករុលទៅមុខបុកមុខកម្មករដែលអង្គុយក្នុងទ្រុងរថយន្តជិតកាប៊ីនរងរបួសធ្ងន់ឈ្មោះ ជា ជាតិ និងឡៃ សុភាព របួសស្រាល។ ជនរងគ្រោះទាំង២នាក់បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំណែកឯរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីធ្វើការដោះស្រាយ ៕



ចែករំលែកព័តមាននេះ