រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលតែកន្លះម៉ោងនៅភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍២ករណី ដែលករណីទី១ បុរសម្នាក់បានជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងតាមបណ្តោយមហាវិថីព្រះមុនីរ៉េត ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ទៅបុកម៉ូតូឌ្រីមសេ១១០ កំពុងបត់ឆ្វេង កាលពីវេលាមោ៉ោង៩និង៣៥នាទីយប់ថ្ងៃទី៣០ កក្កដា ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ បើកបរដោយបុរសម្នាក់តាមបណ្តោយមហាវិថីព្រះមុនីរ៉េត ពីកើតទៅលិចស្រាប់តែមកដល់កន្លែងកើតហេតុដោយសារបើកបរក្នុុងល្បឿនលឿនក៏ទៅបុកចំពីមុខម៉ូតូឌ្រីម១១០ ជិះដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឱ្យម៉ូតូទាំងពីរគ្រឿងដួល តែសំណាងល្អគ្រា់តែខូចខាតម៉ូតូមិនបណ្តាលមនុស្សរងរបួស ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូសេ១២៥ បានព្យាយាមបើកគេច ប៉ុន្តែបានទៅបុកជាមួយរ៉ឺម៉កម៉ូតូបន្ថែមទៀត ក៏ត្រូវអ្នកឃើញហេតុការណ៍ជួយស្ទាក់ចាប់ ទើបភាគីបង្កយល់ព្រមចេញថ្លៃខូចខាតឱ្យម្ចាស់ម៉ូតូសេ១១០ រីឯម្ចាស់រឺុម៉កគ្រាន់តែខូចខាតតិចតួចមិនទាមទារសំណងអ្វីទេ ។
ដោយឡែកករណីទី២ ម៉ូតូឃ្លីកជិះដោយបុរសម្នាក់តាមបណ្តោយមហាវិថីព្រះមុនីរ៉េតដែរ ដោយជិះបញ្ច្រាសផ្លូវហើយបត់ស្តាំត្រូវម៉ូតូសេ១២៥ ជិះដោយបុរសម្នាក់មានល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់បុកចំហៀងម៉ូតូពេញទំហឹង បណ្តាលឱ្យរងរបួសបែកមុខ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ កក្កដា ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូឃ្លីក ពណ៌សលាយផ្ទៃមេឃ តាមបណ្តោយមហាវិថីព្រះមុនីរ៉េត ពីកើតទៅលិច ជិះបញ្ច្រាសផ្លូវហើយបានបត់ស្តាំបណ្តាលឱ្យម៉ូតូឌ្រីមសេ១២៥ ជិះដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាមានល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកម៉ូតូឃ្លីកចំហៀងខាងឆ្វេង បណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសបែកមុខ ។ រីឯម្ចាស់ម៉ូតូសេ១២៥ គ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ។ក្រោយពេលកើតហេតុ ប៉ូលិចចរចាបានចុះទៅវាស់វែងរួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយ ៕


ចែករំលែកព័តមាននេះ