រាជធានីភ្នំពេញ ៖ លោកមិន ឃិន រដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវងួន ធួន ជាភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីអភិវឌ្ឍន៍យុវវ័យអីុគ័នតាវកម្ពុជា ឆ្នាំ២០១២ ក្នុងគោលបំណងអប់រំយុវជនចំនួន៤០០នាក់ឱ្យចេះស្រឡាញ់ធម្មជាតិ និងផ្សព្វផ្សាយមេត្ដាធម៌ដល់មនុស្សគ្រប់រូប ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវិហារធានចិន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៨ កក្កដា ។
លោកមិន ឃិន មានប្រសាសន៍ថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត បាននិងកំពុងខិតខំយ៉ាងសកម្មបំផុតក្នុងការការពារនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ការពង្រឹងនិងការពង្រីកខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន ក៏ដូចជាការធ្វើឱ្យមានវឌ្ឍនភាពវប្បធម៌ ប្រពៃណីដោយបង្កើតនូវវប្បធម៌ សន្ដិភាព ចេះយោគយល់គ្នា អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមករវាងសាសនិកនៃសាសនាទាំងឡាយនៅកម្ពុជា ។
លោករដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនាមានប្រសាសន៍ទៀតថា រាល់សកម្មភាពរបស់សាសនាទាំងអស់នៅកម្ពុជា ក៏ដូចជាសមាគមអីុគ័នតាវបានចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យក្លាយទៅជាប្រទេសមួយគ្មានហិង្សា មិនរំលោភបំពានគ្នា ពិសេសអប់រំយុវវ័យឱ្យចេះសន្តោសប្រណីគ្នា និងចេះយកអាសាគ្នាទៅវិញទៅមក ។ ជាក់ស្ដែង កម្មវិធីនាពេលនេះបានបង្ហាញថែមទៀតអំពីការយកចិត្ដទុកដាក់ដល់យុវវ័យ ព្រោះថាយុវវ័យជាសសរទ្រូងរបស់ប្រទេស ជាធនធានដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក្នុងនោះកម្មវិធីដ៏មានសារសំខាន់មួយនេះ គឺផ្ដោតសំខាន់ទៅលើការអប់រំអត្ដចរិត ស្របតាមក្រមសីលធម៌ដ៏ផូរផង់ បណ្ដុះបណ្ដាលផ្នែកគុណធម៌ឱ្យបានខ្ពង់ខ្ពស់ ស្របតាមគោលការណ៍អប់រំសំខាន់ៗរបស់សមាគមអីុគ័នតាវកម្ពុជា ។
លោកស្រីគ្រូឧបជ្ឈាយ៍ឡាយ អគ្គលេខាធិការសមាគមអីុគ័នតាវប្រចាំនៅកម្ពុជា បានសម្តែងការដឹងគុណចំពោះវត្ដមានលោករដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនា ដែលតែងតែយកចិត្ដទុកដាក់ជានិច្ចជាមួយសមាគមអីុគ័នតាវកម្ពុជា ។ សមាគមអីុគ័នតាវកម្ពុជាប្រារព្ធកម្មវិធីអភិវឌ្ឍន៍យុវវ័យកម្ពុជាឆ្នាំ២០១២នេះឡើង ក្នុងគោលបំណងបណ្ដុះស្មារតីខាងផ្លូវចិត្ដ ឱ្យចេះស្រឡាញ់គ្នា យោគយល់គ្នា អធ្យាស្រ័យគ្នាទៅវិញទៅមក និងផ្សព្វផ្សាយព្រះធម៌ ដើម្បីឱ្យយុវវ័យចេះស្រឡាញ់ព្រះធរណី ទេវតា និងប្រទេសជាតិ ។
ក្នុងឱកាសនោះដែរ សមាគមអីុគ័នតាវកម្ពុជា បានប្រគល់ទឹកប្រាក់ចំនួន១.៥០០ដុល្លារសហរដ្ឋអាមេរិកជូនដល់មូលនិធិក្រសួងធម្មការនិងសាសនា ៕



ចែករំលែកព័តមាននេះ