រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ មួយគ្រឿង បើកបរដោយបុរសស្រវឹងម្នាក់បានបើកទៅបុកគូទម៉ូតូសង់កូរ៉េពណ៌ក្រហម ជិះគ្នា៤នាក់ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២៩ កក្កដា តាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឱ្យម៉ូតូទាំងពីរគ្រឿង ដួលទៅលើថ្នល់ តែគ្មាននរណារងរបួសធ្ងន់ទេ គ្រាន់តែរលាត់ដៃជើង និងបែកមុខតិចតួចប៉ុណ្ណោះ តែភាគីទាំងសងខាងបានឈ្លោះប្រកែកគ្នាជាងកន្លះម៉ោងនៅតែរកខុសត្រូវមិនឃើញក៏សម្រេចប្រគល់ឱ្យសមត្ថកិច្ចយកម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយបន្ត ។
បុរសស្រវឹងបើកម៉ូតូឌ្រីមសេ១២៥ ឈ្មោះ លឹម ស៊ុង អាយុ៥២ឆ្នាំ ជាមន្ត្រីយោធាស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែកអ្នកបើកម៉ូតូសង់កូរ៉េឈ្មោះទីម កុងហេង អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យោងតាមលោក ហឿង រឿន នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ជើងគោក ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ បើកបរដោយបុរសស្រវឹងម្នាក់យ៉ាងលឿនតាមផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ហើយព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុកគូទម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា៤នាក់ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូទាំង២គ្រឿងដួលទៅលើថ្នល់ តែសំណាងល្អគ្មានអ្នករងរបួសធ្ងន់ ដោយគ្រាន់តែរលាត់ដៃជើង និងបែកមុខចេញឈាមតិចតួចប៉ុណ្ណោះ។
ភាគីទាំងសងខាងមិនព្រមដោះស្រាយគ្នា ដោយសន្តិវិធី បែរជាឈ្លោះប្រកែកគ្នាជាងកន្លះម៉ោងនៅតែរកខុសរកត្រូវមិនឃើញ ទើបសមត្ថកិច្ចសម្រេចយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីដោះស្រាយបន្ត ៕
ចែករំលែកព័តមាននេះ