ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធ​ផល​​អំណោយ​​សម្តេច​តេជោ​ ហ៊ុន សែន និង​លោក​ជំទាវ ​ក្នុង​ឃុំ​បែក​ចាន និង​ឃុំ​ក្រាំង​ម្កាក់

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​​ ​ក្នុងឱកាសចុះ​បំពេញ​ការ​ងារ​នៅស្រុក​អង្គស្នួល​ កាល​ពី​ថ្ងៃទី២៩ កក្កដា លោក​រស់ វណ្ណា​ អនុប្រធាន​ទី១​គណៈ​​ដឹក​នាំ​គណៈ​ពង្រឹងមូល​ដ្ឋាន​ស្រុក​អង្គស្នួល និង​ជា​ប្រធាន​ក្រុមការងារថ្នាក់កណ្តាល​ចុះជួយ​ឃុំ២​ គឺ​ឃុំបែកចាន និង​ឃុំក្រាំងម្កាក់ រួម​នឹង​ក្រុម​ការ​ងារ​ជា​ច្រើន​រូប​ទៀត បាន​ចុះទៅពិនិត្យ​មើល​ដំណើរ​ការសាង​សង់​សមិទ្ធផល​នានា​​ក្នុង​ឃុំ​ក្រាំង​ម្កាក់​ក្នុងនោះ​មាន​អគារ​ទីចាត់​ការសាលា​​រៀន​១​ខ្នង​​ធ្វើ​ពីបេតុងប្រក់ក្បឿង​មាន៣​បន្ទប់ និង​អគារ​សិក្សា​១ខ្នង ធ្វើពីបេតុង​ប្រក់ក្បឿង​កម្ពស់​២​ជាន់​ស្មើនឹង១២បន្ទប់ ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន អង្គពពាយ​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​​សម្តេចតេជោ ហ៊ុន សែន និង​លោក​ជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ។ មកដល់ពេល​នេះ អគារ​ទីចាត់​ការ​សម្រេច​ការ​សាងសង់បាន​ប្រមាណ​៩០%​ហើយ​អគារសិក្សា​បាន​និង​កំពុងដំណើរ​ការសាង​សង់​។

គួរបញ្ជាក់​ថា​ បន្ទាប់ពី​កសាង​រួច​រាល់អនុ​វិទ្យា​​ល័យ​ ហ៊ុន​ សែន​ អង្គពពាយ នេះ តាម​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​​​ណា​ចក្រកម្ពុជា​ គ្រោងនឹង​ដំឡើង​ទៅ​ជា​វិទ្យា​ល័យ​​វិញ​ ដែលជាការ​ជួយសម្រួល​​ការ​ធ្វើ​ដំណើរ​ទៅ​រៀនឆ្ងាយ​របស់សិស្សា​នុសិស្ស​ដែល​មាន​លំឋាន​ក្នុង​ឃុំនេះ និង​នៅឃុំ​ជុំ​វិញ​នេះ​ជា​ច្រើន​បាន​មក​រៀននៅ​ទីនេះ ។ ជាមួយ​នឹង​ការចុះ​ពិនិត្យ​ការងារ​សាង​សង់នេះដែរ លោក​រស់​ វណ្ណា​ បានណែនាំ​ដល់អ្នក​ម៉ៅការ​សាង​សង់ ​សូម​ឲ្យ​យក​ចិត្តទុក​ដាក់លើការសាង​សង់ដោយ​ធ្វើ​ទៅ​តាម​​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ធានា​បាន​ទាំងគុណ​ភាព សោភ័ណ​ភាព និង​ការ​ប្រើ​ប្រាស់​យូរ​អង្វែង ។

ឆ្លៀតក្នុង​ឱកាស​នោះ​ដែរ លោក​រស់ វណ្ណា  រួម​​នឹង​ក្រុម​ការ​ងារ ​បាន​អញ្ជើញ​ចូល​រួមជាមួយ​​ពុទ្ធ​បរិស័ទ​ក្នុងពិធីបុណ្យផ្កា​សាមគ្គី និង​ពិធី​បុណ្យ​សិត​​ទៀនព្រះវស្សាក្នុង​វត្តខ្ពប ស្ថិត​ក្នុងឃុំ​ក្រាំង​ម្កាក់ ព្រម​ទាំង​បាន​នាំយក​ទេយ្យ​វត្ថុ គ្រឿង​ឧបភោគ​បរិភោគ ​លំដាប់ចំណាំព្រះវស្សា និង​បច្ច័យប្រគេនដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​ក្នុងវត្ត​ចំនួន៥​​​​ដែលក្នុង​១វត្តៗប្រគេន​ទៀន​ព្រះវស្សា​១គូ​​ សាដក,​អង្ករ,​ប្រេងម៉ាស៊ូត,​មី,​ទឹកត្រី,​ទឹក​ស៊ីអីុវ,​ប៊ីចេង,ត្រីខ,​ទឹកក្រូច,​ទឹក​បរិ​សុទ្ធ និង​បច្ច័យ​ចំនួន២​សែន​រៀល​ និងដោយ​ឡែក​ប្រគេន​ចូលរួមបុណ្យ​ផ្ការស្មី​សាមគ្គី​វត្តខ្ពប​បច្ច័យ​ចំនួន​២​លាន​៣សែនរៀល ។

ជួបសំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​​​មក​ចូល​រួម លោក​​រស់ វណ្ណា បានថ្លែង​កោត​​​សរសើរ​ដល់អាជ្ញាធរ​និង​ប្រជាពល​រដ្ឋ​ក្នុង​មូលដ្ឋាន ដែលរួមគ្នាបង្កើត​បានជាសមិទ្ធផលថ្មីៗជាច្រើនទាំង​ពុទ្ធ​ចក្រ និង​អាណាចក្រនៅ​ទូទាំង​ឃុំ ។​ ទន្ទឹមនឹង​នេះ​ លោក​បានជំរុញលើកទឹកចិត្ត​ឱ្យ​យក​អស់​គ្រប់​លទ្ធ​ភាព​ក្នុង​ការងារបង្ក​បង្កើន​ផល​ស្រូវ​រដូវ​វស្សា​ឆ្នាំនេះ​ ជា​ពិសេសត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះគ្រោះធម្មជាតិផ្សេងៗដូចជា​ខ្យល់​ព្យុះ ​ទឹកជំនន់​​ និងរន្ទះ​បាញ់​ជាដើម ។ លោក​​ក៏បាន​ជម្រាប​ជូន​ផង​ដែរ​ពី​ព្រឹត្តិការណ៍ថ្មីៗ​នា​ពេល​កន្លង​ទៅ និង​ទទួល​បាន​​​ជោគ​ជ័យ​ដូចជា ការទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​រៀប​ចំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី២០​ និង​កិច្ច​ប្រជុំរដ្ឋ​មន្ត្រីការបរ​ទេសអាស៊ាន​លើកទី៤៥​ ដែល​នេះគឺជា​មោទន​ភាពរ​បស់ប្រជា​ជាតិ​កម្ពុជា​ទាំង​មូល ៕