ខេត្តពោធិ៍សាត់ ៖ លោកខូយ សុខា អភិបាលខេត្ត លោកលី ណារុន តំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកភ្នំក្រវាញ លោកជា ប៉េងឈាង អនុប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ និងលោកជំទាវ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៣០កក្កដា ឆ្នាំ២០១២ បានអញ្ជើញនាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន៣២វត្តនៅស្រុកភ្នំក្រវាញ ។
ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំក្រវាញ ដោយក្នុងមួយវត្តៗទទួលបានទៀនវស្សា១គូ មីយើង៣កេសធំ ទឹកបរិសុទ្ធ៥កេស ទឹកត្រី៥យូរ ទឹកស៊ីអ៊ីវ៥យួរ សៀង១ប៊ីដុង ឆៃប៉ូវផ្អែម១០គីឡូក្រាម អង្ករ៥០គីឡូក្រាម និងថវិកាចំនួន១០០.០០០រៀល ។ មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោកខូយ សុខា អភិបាលខេត្ត បានពាំនាំនូវការនឹករឭកពីសំណាក់សម្តេចអគ្គមហាទាំង៣ដែលតែងតែគិតគូរចំពោះព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែង ។
សម្ភារបរិក្ខារទាំងអស់នេះ ជាការចូលរួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលមានលោករដ្ឋមន្ត្រីស៊ុយ សែម ជាប្រធាន បានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំដល់វត្តទាំងអស់នៅទូទាំងខេត្ត ។ ជារៀងរាល់ឆ្នាំយើងតែងប្រារព្ធធ្វើរួមគ្នានៅទីស្នាក់ការធំគណបក្សប្រជាជនកម្ពុជាខេត្ត ប៉ុន្តែឆ្នាំនេះយើងធ្វើនៅតាមស្រុកដើម្បីកុំឱ្យលំបាកដល់ព្រះសង្ឃនិមន្តធ្វើដំណើរ និងការដឹកជញ្ជូន ។ បច្ចុប្បន្ននេះវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនយ៉ាងខ្លាំងដោយសារការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលដឹងសុខទុក្ខជួយសម្រួលដោះស្រាយរាល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន ព្រោះកើតចេញពីប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន។
បន្ថែមពីលើនេះ លោកខូយ សុខា បានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំធ្វើចំណាកស្រុក កុំរុករានដីព្រៃបោះបង្គោលព័ទ្ធយកធ្វើជាកម្មសិទ្ធិ ព្រោះជាការខុសច្បាប់ ។ សព្វថ្ងៃនេះ ភាពអនាធិបតេយ្យលើបញ្ហាដីធ្លីបានកើតឡើងមិនចេះចប់ ដោយសារជនមួយក្តាប់ តូចដើរបំផុសបំផុលប្រជាពលរដ្ឋឱ្យមកចាប់ដីព្រៃដូចជានៅស្រែយក្ស ស្រែក្តី អូរចម្ការចេក អូរព្រាល ស្រុកវាលវែង និងឃុំព្រងិល ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញជាដើម ហើយអាជ្ញាធរ និងសមត្ថកិច្ចយើងបានចុះប្រតិបត្តិការរុះរើរាល់ថ្ងៃ និងចាប់មេខ្លោងមួយចំនួនទៀតផង ៕


ចែករំលែកព័តមាននេះ