ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាង៥០នាក់ មកពីឃុំចង្រ្កង់ ស្រុកចិត្របុរី បាននាំគ្នាមកកាន់មុខសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣០ កក្កដា ខណៈតុលាការកោះហៅអ្នកភូមិចំនួន៧នាក់ មកសាកសួរពីសំណុំរឿងរំលោភសិទ្ធិបុគ្គល និងធ្វើឱ្យខូចខាតដោយចេតនា ដែលបានកើតឡើងកាលពីឆ្នាំ២០១០ ជាមួយនឹងក្រុមហ៊ុនវិនិយោគ ។
នៅមុខសាលាដំបូងខេត្ត នាព្រឹកនោះ ក្រុមប្រជាពលរដ្ឋនិយាយថា ការដែលពួកគាត់នាំគ្នាមកឈរនៅមុខសាលាដំបូងនេះ គឺដើម្បីមកគាំទ្រ និងដើម្បីធានាសុវត្ថិភាពពលរដ្ឋ៧នាក់ដែលចូលខ្លួនបំភ្លឺទៅតាមដីកាកោះហៅរបស់តុលាការ ។ ពួកគាត់មានគ្នាជាង៥០នាក់ សុទ្ធសឹងតែរស់នៅនិងធ្វើចម្ការនៅចំណុចត្រពាំងត្រាំង អូរជ័រ ភ្នំដីភ្លើង អូររមៀត និងភូមិកសាង ក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ។
នេះជាលើកទី៦ហើយ ដែលពួកគាត់នាំគ្នាមកកាន់មុខសាលាដំបូងខេត្ត ខណៈពេលដែលតុលាការនៅតែបន្តកោះហៅពលរដ្ឋទាំង៧នាក់មកសាកសួរនៅសាលាដំបូង ។ ពលរដ្ឋទាំង៧នាក់នេះ ដែលសុទ្ធសឹងជាបុរសមាន ១- ឈ្មោះណិង ឡេង អាយុ៤៧ឆ្នាំ ២- ឈ្មោះ គុយ ឃ្លោក អាយុ៦០ឆ្នាំ ៣- ឈ្មោះញិះ ជាតិ អាយុ៤៦ឆ្នាំ ៤- ឈ្មោះព្រំ ឌឿន អាយុ៣២ឆ្នាំ ៥- ឈ្មោះព្រំ សុន អាយុ៣៥ឆ្នាំ ៦- ឈ្មោះព្រំ រឿន អាយុ ៣២ឆ្នាំ និង៧- ឈ្មោះ សុម ធឿន អាយុ៣៦ឆ្នាំ ។ បុរសទាំង៧នាក់នេះ ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំជាមួយគ្នា និងត្រូវបានចាត់ទុកថាជាតំណាងរបស់ពួកគាត់លើវិវាទដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ដែលកាន់កាប់សព្វថ្ងៃ ជាមួយនឹងក្រុមហ៊ុនវិនិយោគឯកជនមួយឈ្មោះក្រុមហ៊ុនហាមុនីផ្លានថេសិន ខូអិលធីឌី ដែលមានច្បាប់វិនិយោគដីសម្បទានសេដ្ឋកិច្ចដំណាំកៅស៊ូលើផ្ទៃដី៩៩៩ហិកតា ។
បុរសឈ្មោះគុយ ឃ្លោក ដែលជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋទាំង៧នាក់ ដែលតុលាការចេញដីកាកោះហៅនិយាយថា មានប្រជាពលរដ្ឋចំនួន៣៣២គ្រួសារដែលមកតាំងទីលំនៅចំណុចខាងលើបានប្រឈមមុខជាមួយនឹងក្រុមហ៊ុនវិនិយោគមួយនេះ និងបានក្លាយជាបញ្ហាវិវាទដីធ្លីឥតឈប់ឈរចាប់តាំងពីឆ្នាំ២០០៨មក ។ តំណាងក្រុមហ៊ុនប្តឹងចោទប្រកាន់ពួកគាត់ពីបទរំលោភសិទ្ធិបុគ្គល និងធ្វើឱ្យខូចខាតដោយចេតនាទៅលើការដកបង្គោលព្រំដីរបស់ក្រុមហ៊ុន ហើយតុលាការបានចេញដីកាកោះហៅពួកគាត់មកបំភ្លឺជាបន្តបន្ទាប់ ។
បុរសរូបនេះបាននិយាយទៀតថា នៅក្នុងឆ្នាំ២០១១ កន្លងទៅ តំណាងក្រុមហ៊ុនរួមជាមួយមន្ត្រីសាលាខេត្តបានចុះទៅដល់មូលដ្ឋាន និងបានធ្វើការដោះស្រាយបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុននេះរួចរាល់អស់ហើយ ដោយភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋបានឯកភាពព្រមព្រៀងលើការកំណត់ផ្ទៃដីដែលបានកាត់ចេញរៀងៗខ្លួន ។ ចាប់ពីពេលនោះមក ទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហុ៊នក៏លែងកើតមាន តែការកោះហៅរបស់សាលាដំបូងខេត្ត ក្នុងសំណុំរឿងមួយនេះក៏នៅតែបន្តទៅលើពួកគាត់ ទើបធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ។ បុរសចំណាស់រូបនេះបញ្ជាក់ថា ការដែលតុលាការកោះហៅពួកគាត់មកនេះគឺមកសាកសួរពីសំណុំរឿងចាស់ដែលមិនទាន់បានដោះស្រាយ ហើយក្រុមប្រជាពលរដ្ឋទាំងនេះមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ទើបនាំគ្នាមកជួបជុំគ្នាដើម្បីពិនិត្យមើលស្ថានការណ៍ក្រែងមានភាពមិនប្រក្រតី ឬអ្នកតំណាងទាំង៧នាក់អាចត្រូវចាប់ខ្លួនឃុំ ។
ទោះជាយ៉ាងណា ការកោះហៅតំណាងទាំង៧នាក់ ដោយសាលាដំបូងខេត្ត ដើម្បីមកសាកសួរនាព្រឹកនោះ ក៏ត្រូវបានលើកពេលបន្តទៀត ដោយមន្ត្រីតុលាការអះអាងថា ជាប់រវល់ ។ ពលរដ្ឋបានសម្តែងការមិនសប្បាយចិត្តចំពោះការលើកពេលរបស់តុលាការលើការសាកសួរតំណាងពួកគាត់ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន ដោយប្រជាពលរដ្ឋនិយាយថា ពួគគាត់មិនមានពេលទំនេរច្រើនក្នុងការចូលខ្លួនបំភ្លឺតុលាការដែលចេះតែលើកពេលម្តងហើយម្តងទៀតនោះទេ ខណៈដែលរដូវនេះជារដូវវស្សា គឺពួកគាត់រវល់បង្កបង្កើនផល ៕


ចែករំលែកព័តមាននេះ