ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​នៃ​កិច្ច​ប្រជុំ​​គណៈកម្មការ​​ដឹក​នាំ​​គម្រោង​​​ប្រព័ន្ធ​​ស្វ័យ​ប្រវត្តិ​​កម្ម​​ទិន្ន​ន័យ​គយ​​អាស៊ី​​​គូ​ដា​​​លើក​ទី​​11

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​ ៖ ​នា​ព្រឹក​​ថ្ងៃ​ទី​​៣០ ខែ​កក្កដា ​ឆ្នាំ​​​២០១២​ ​​នៅ​សណ្ឋា​គារសាន់​វេ​ មាន​បើក​កិច្ច​ប្រជុំ​​មួយ​របស់​​គណៈ​​កម្មកា​រដឹក​នាំ​​​គម្រោង​ប្រព័ន្ធ​​​ស្វ័យ​ប្រវត្តិ​​កម្ម​ទិន្ន​ន័យ​​​គយ​​អាស៊ី​​​គូ​ដា ​(PSC) លើក​ទី​​១១ ​ក្រោម​អធិប​តី​ភាព​​លោក​បណ្ឌិត​​ប៉ែន ស៊ី​​ម៉ន ​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​​ ទទួល​បន្ទុក​​​​ជា​អគ្គ​នាយក​​​គយ និង​រដ្ឋា​ករ​​កម្ពុជា និង​ជា​​ប្រធាន​ PSC ។ ​

សមា​ស​ភាព​​ចូល​រួម​មាន​ សមាជិក​​ក្រុម​ផ្តល់​​​ប្រឹក្សា​​បច្ចេក​ទេស (TAG)​ សមាជិក​​ក្រុម​ការ​ងារ​​គម្រោង​ជាតិ ​(NPT) មន្ត្រី​គយ​សាខា ​ការិយា​ល័យ​​គយ​ដែល​​អនុវត្ត​​ប្រព័ន្ធ​ តំណាង​​ក្រសួង​​ពាក់​ព័ន្ធ ​តំណាង​ដៃ​គូ​​អភិវឌ្ឍន៍​ តំណាង​​គម្រោង​​កិច្ច​​សម្រួល​​ពាណិ​​ជ្ជ​កម្ម​​ និង​ការ​ប្រកួត​ប្រជែង ​(TFCP) តំណាង​​កម្ម​វិធី​​គាំ​ទ្រ​កា​រ​អភិវឌ្ឍ​​ពាណិ​ជ្ជ​កម្ម​ (TDSP) តំណាង​​ក្រុម​ហ៊ុន Webb​​Fontaine, Resolvo ​ព្រម​ទាំង​​តំណាង​​វិស័យ​ឯ​ក​​ជន​ ។​

​លោក​បណ្ឌិត​ប៉ែន ស៊ី​ម៉ន ​បាន​មាន​ប្រ​សាសន៍​ថា កិច្ច​ប្រជុំ​នេះ​​ជា​កិច្ច​​ប្រជុំ​​លើក​ទី​​១១ និង​ជា​​លើក​ចុង​ក្រោយ​​​នៃ​ការ​​អនុវត្ត​​គម្រោង​​​ប្រព័ន្ធ​​ប្រវត្តិ​​កម្ម​ទិន្ន​ន័យ​​គយ​អាស៊ី​​គូដា ​​ក្រោម​គម្រោង​​កិច្ច​សម្រួល​​ពាណិ​ជ្ជ​កម្ម​​ និងការ​​ប្រកួត​ប្រជែង(Trade Facilitation Competiveness Project-TFCP) គាំ​ទ្រ​​ថវិកា​​ពី​ធនា​គា​រ​ពិភព​លោក ។ ​ការ​អនុវត្ត​​គម្រោង​នេះ​​មាន​រយៈ​​ពេល​​៦​ឆ្នាំ​​គត់ គិត​​ពី​ខែ​កក្កដា ​ឆ្នាំ​​២០០៦ ដល់​ខែ​កក្កដា ​ឆ្នាំ​​២០១២​ ។ លទ្ធ​ផល​​សម្រេច​​បាន​សំខាន់​​ៗ​​រួម​មាន ​បាន​កសាង​​ និង​បាន​ដាក់​​ឱ្យ​អនុវត្ត​​នូវ​​​​ឯក​សារ​រដ្ឋ​​បាល​តែ​មួយ​ (SAD)​ ​បាន​ដាក់​​ឱ្យ​អនុវត្ត​​នូ​​វ​មុខ​​ងារ​ប្រព័ន្ធ​​​​និវេទន៍​​ប័ណ្ណ ​បាន​ដាក់​​ឱ្យ​​អនុវត្ត​នូវ​​មុខងារ​​​ភណ្ឌា​​គារ​​គយ​មាន​​ដែន​កំណត់ ​និង​បាន​ដាក់​​ឱ្យ​អនុវត្ត​​គម្រោង​​ប្រព័ន្ធ​​ស្វ័យ​ប្រវត្តិ​​កម្ម​ទិន្ន​ន័យ​​គយ (ASYCUDA) ​នៅ​​មាត់​​ច្រក​គយ​​សំខាន់​ៗ​​ចំនួន​​២០​កន្លែង​ ដែល​​គ្រប​ដណ្តប់​​ជាង​​៩៥%​​នៃ​កិច្ច​​​ប្រតិ​​បត្តិ​​ការ​​​ឯកសារ​​រដ្ឋ​បាល​​តែ​មួយ (SAD)​​ សរុប​​​ទូទាំង​​ប្រទេស ។​

ដើម្បី​ធានា​​នូវ​និរន្តរ​​ភាព​​នៃ​​ការអនុវត្ត​​​​បន្ត​ផែន​ការ​​កែ​ទម្រង់​​​១២​ចំណុច​​ ដើម្បី​​អភិវឌ្ឍន៍​​វិស័យ​​ឯ​កជន​​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ ​ជា​ពិសេស​​ការ​អនុវត្ត​​យន្ត​ការ​​បញ្ជរ​តែ​មួយ​​ជាតិ ​អង្គ​ប្រជុំ​​បាន​គាំ​ទ្រ​​ផែន​ការ​​សកម្មភាព​អនុវត្ត​​បន្ត​​គម្រោង​​នេះ​ ក្រោម​​​គម្រោង​​ថ្មី​ គឺ​កម្ម​វិធី​​គាំ​​ទ្រ​អភិវឌ្ឍ​ន៍​ពា​ណិជ្ជ​កម្ម​ (Trade Development Support Program-TDSP) ​គាំ​ទ្រ​​ថវិកា​​ពី​ធនា​គារ​​​ពិភព​​លោក​ សម្រាប់​រយៈ​ពេល​​១៨​ខែ​​ទៀត​ ដើម្បី​ពង្រី​ក​បន្ថែម​​ទៀត​មុខ​​ងារ​ប្រព័ន្ធ​​​ឱ្យ​​អនុវត្ត​ពេញ​​លេញ​សម្រាប់​​ឆ្ពោះ​​ទៅ​អភិវឌ្ឍន៍​​ និង​អនុវត្ត​​គម្រោង​​បញ្ជរ​តែ​មួយ​ជាតិ(National Single Window) ​និង​​បញ្ជរ​តែ​​​មួយ​អាស៊ាន(ASEAN Single Window) ។​

​លោក​បណ្ឌិត​ប៉ែន ស៊ី​ម៉ន ​បាន​បង្ហាញ​​នូវ​ការ​​កោត​សរសើរ​​ និង​ជឿ​ជាក់​​ដល់​ក្រុម​ការ​ងារ​​គម្រោង​​​ជាតិ​​អាស៊ី​គូ​ដា ​ដែល​មាន​​សមត្ថ​ភាព​​​ ភាព​ជា​ម្ចាស់​​ក្នុង​ការ​​គ្រប់​គ្រង ​ប្រើ​ប្រាស់ ​និង​ថែរក្សា​​ប្រព័ន្ធ​​នេះ​ និង​បាន​​ថ្លែង​អំណ​រគុណ​​ដល់​ដៃ​គូ​អភវិឌ្ឍន៍​​ វិស័យ​ឯក​ជន​ ព្រម​ទាំង​​ក្រុម​​ការ​ងារ​​ដែល​ពាក់​ព័ន្ធ​​ទាំង​ជាតិ និង​​អន្តរជាតិ​​ទាំង​អស់​ ​ដែល​បាន​​សហ​ការ​​​ និង​គាំ​ទ្រ​​ការ​អនុវត្ត​​គម្រោង​​នេះ​ដោយ​ជោគ​​ជ័យ ៕​